តាមការប៉ាន់ស្មាន កម្ពុជាបានខាតបង់ទឹកប្រាក់ប្រមាណជាង ១៥០លានដុល្លារក្នុងមួយឆ្នាំៗ ដោយសារបញ្ហាការប្រែប្រួលអាកាសធាតុនេះ។
ភ្លៀងធ្លាក់មិនទៀងទាត់ ទឹកជំនន់ ការឡើងកម្តៅ ឬភាពរាំងស្ងួត សុទ្ធសឹងជាបញ្ហាចម្បងៗដែលកំពុងកើតមាន ហើយកំពុងបង្កផលប៉ះពាល់ដល់ជីវភាពប្រជាជន និងសេដ្ឋកិច្ចសង្គម។
តាមការប៉ាន់ស្មានពីវិទ្យាស្ថានបណ្តុះបណ្តាលស្រាវជ្រាវ ដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) ទឹកប្រាក់ចន្លោះពី១០០ ទៅ ១៧០លានដុល្លារបានខាតបង់ក្នុងមួយឆ្នាំៗ ដោយសារតែការប៉ះពាល់ពីការប្រែប្រួលអាកាសធាតុនេះ។
ការរីកចម្រើនផ្នែកឧស្សាហកម្មនៅតាមប្រទេសជឿនលឿនជាច្រើនលើសកលលោក ដែលបង្កើតឲ្យមានឧស្ម័នផ្ទះកញ្ចក់ គឺជាកត្តាចម្បងមួយដែលបង្កឲ្យមានបញ្ហាការប្រែប្រួលអាកាសធាតុនេះ។
នៅកម្ពុជា សកម្មភាពមនុស្ស តាមរយៈការបំផ្លាញព្រៃឈើ ដែលធ្វើឲ្យធនធានធម្មជាតិសឹករេចរឹល ក៏ជាបញ្ហាបន្ថែមមួយទៀតធ្វើឲ្យបញ្ហាការប្រែប្រួលអាកាសធាតុកាន់តែធំឡើង។
អ្នកជំនាញបានឲ្យដឹងថា សកម្មភាពដើម្បីឆ្លើយតបនឹងបញ្ហាការប្រែប្រួលអាកាសធាតុ ត្រូវបានចែកចេញជាពីរ គឺទីមួយ យន្តការកាត់បន្ថយការប្រែប្រួលអាកាសធាតុ ដែលសំដៅដល់ការចូលរួមរបស់បណ្តាប្រទេសមានឧស្សាហកម្មជឿនលឿនក្នុងការចូលរួមកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់។
យន្តការទីពីរ គឺការបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុដែលសំដៅលើប្រទេសដែលមានការអភិវឌ្ឍតិចតួច។ ហើយគេសង្កេតឃើញថា យន្តការនៃការបន្ស៊ាំទល់នឹងការប្រែប្រួលអាកាសធាតុ ហាក់សមស្របសម្រាប់បរិបទកម្ពុជា៕