ប៉ាគីស្ថានខាតបង់ជាទឹកប្រាក់អស់ប្រហែល ១០ពាន់លានដុល្លារ

គ្រោះទឹកជំនន់បានផ្លិចបំផ្លាញប្រទេសប៉ាគីស្ថានអស់ប្រហែល ១០ ពាន់លានដុល្លារ


រដ្ឋមន្ត្រីផែនការរបស់ប្រទេសប៉ាគីស្ថានបាននិយាយកាលពីថ្ងៃច័ន្ទ ទី ២៩ ខែ សីហា ថា ការប៉ាន់ប្រមាណដំបូងនៃការខូតខាតដែលបង្កឡើង ដោយគ្រោះទឹកជំនន់ដ៏អាក្រក់មិនធ្លាប់មាននាពេលថ្មីៗនេះគឺមានជាង ១០ ពាន់លានដុល្លារ ហើយលោកបានបន្ថែមថា ពិភពលោកគឺមានកាតព្វកិច្ចក្នុងការជួយប៉ាគីស្ថានដើម្បីទប់ទល់នឹងការប្រែប្រួលអាកាសធាតុ ដែលបង្កើតដោយមនុស្សជាតិនេះ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ។
គ្រោះទឹកជំនន់បានផ្លិចបំផ្លាញប្រទេសប៉ាគីស្ថានអស់ប្រហែល ១០ ពាន់លានដុល្លារ

មកទល់នឹងពេលនេះ គ្រោះទឹកជំនន់ដែលបង្កឡើងដោយភ្លៀងមូសុងនោះ បានឆក់យកជីវិតប្រជាជនប៉ាគីស្ថានយ៉ាងហោចណាស់ ១០០០ នាក់ ព្រមទាំងបំផ្លាញផ្លូវថ្នល់ ដំណាំ ហេដ្ឋារចនាសម្ព័ន្ធ និងស្ពាន ហើយបានជះប៉ះពាល់ទៅដល់ប្រជាជនជាង ៣៣ លាននាក់ផ្សេងទៀត ក្នុងចំណោមប្រជាជន ២២០ លាននាក់របស់ប្រទេសអាស៊ីខាងត្បូងមួយនេះ។

រដ្ឋមន្ត្រីបម្រែបម្រួលអាកាសធាតុប៉ាគីស្ថាន លោកអាសាន អីកបាល (Ahsan Iqbal )បានហៅស្ថានភាពនេះថា «ជាគ្រោះមហន្តរាយមនុស្សធម៌ដែលបង្កឡើងដោយមនុស្ស» ហើយលោកបានប៉ាន់ប្រមាណជាបឋមថា ការខាតបង់ដោយសារគ្រោះមហន្តរាយនេះមានជាង ១០ ពាន់លានដុល្លារ និងបំផ្លាញផ្ទះសម្បែងប្រជាជនជិត ១ លានខ្នង ព្រមទាំងមានអ្នកស្លាប់ជាង ១ ពាន់នាក់ផ្សេងទៀតផងដែរ។

ទន្ទឹមនឹងនេះដែរ ប្រទេសប៉ាគីស្ថានបានអំពាវនាវសុំជំនួយអន្តរជាតិ ហើយប្រទេសមួយចំនួនបានបញ្ជូនគ្រឿងផ្គត់ផ្គង់ និងក្រុមសង្គ្រោះបន្ទាន់ទៅទីនោះរួចរាល់ហើយដែរ។

លោកអាសាន អីកបាល ដែលជារដ្ឋមន្ត្រីបម្រែបម្រួលអាកាសធាតុប៉ាគីស្ថានបានសង្កត់ធ្ងន់ថា «ពិភពលោក គឺជំពាក់ប្រទេសប៉ាគីស្ថាន ដោយហេតុថា គ្រោះធម្មជាតិដែលបណ្តាលមកពីបម្រែបម្រួលអាកាសធាតុនេះ គឺ មកពីការអភិវឌ្ឍដែលគ្មានទំនួលខុសត្រូវរបស់ប្រទេសអភិវឌ្ឍន៍តែម្តង»។

ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុប៉ាគីស្ថាន លោកមីហ្វតា អីសមេល (Miftah Ismail) បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសប៉ាគីស្ថាននឹងពិចារណាលើការនាំចូលបន្លែពីប្រទេសឥណ្ឌា ដើម្បីកាត់បញ្ហាខ្វះខាតស្បៀងអាហារដោយសារគ្រោះទឹកជំនន់ផងដែរ។

គួរជម្រាបថា ប្រទេសជិតខាងទាំងពីរនេះ មិនដែលមានទំនាក់ទំនងពាណិជ្ជកម្មយូរមកហើយ និងជាប្រទេសគួប្រជែងនឹងគ្នាដ៏ខ្លាំងផងដែរ។

ស្របពេលនឹងការប្រកាសសុំជំនួយនេះដែរ ក្រុមប្រឹក្សាភិបាលរបស់អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) កាលពីថ្ងៃចន្ទនេះ បានអនុម័តការត្រួតពិនិត្យកញ្ចប់កម្មវិធីជំនួយលើកទី ៧ និងទី ៨ របស់ប៉ាគីស្ថានឡើងវិញ ដើម្បីអនុញ្ញាតឲ្យទឹកប្រាក់ជាង ១ ពាន់លានដុល្លារអាចជួយទ្រទ្រង់សេដ្ឋកិច្ចប្រទេសដែលកំពុងជួបវិបត្តិផងដែរ។

រដ្ឋាភិបាលចិនឯណោះវិញ បាននិយាយកាលពីថ្ងៃចន្ទថា ខ្លួននឹងផ្តល់ជំនួយមនុស្សធម៌បន្ថែម រួមមានសាច់ប្រាក់ចំនួន ៣០ ម៉ឺនដុល្លារ និងតង់ចំនួន ២៥.០០០ដល់ប្រទេសប៉ាគីស្ថាន។ គួរបញ្ជាក់ថា ប្រទេសចិនបានបញ្ជូនតង់ចំនួន ៤ ពាន់ ភួយ ៥ ម៉ឺន និងក្រណាត់ការពារទឹកចំនួន ៥ ម៉ឺន ទៅកាន់ប្រទេសប៉ាគីស្ថានរួចហើយនាពេលថ្មីៗនេះ។

ក្នុងនោះដែរ បើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិន ប្រធានាធិបតីចិនលោក Xi Jinping ក៏បានទូរស័ព្ទទៅកាន់ប្រធានាធិបតីប៉ាគីស្ថាន លោកភើវេស ម៉ូសាវ Pervez (Musharraf) ដើម្បីចូលរួមរំលែកទុក្ខចំពោះគ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរនេះផងដែរ។

រដ្ឋាភិបាលកាណាដាកាលពីថ្ងៃចន្ទ ក៏បានប្រកាសផ្តល់មូលនិធិចំនួន ៥ លានដុល្លារសម្រាប់ជំនួយមនុស្សធម៌ដល់ប្រទេសប៉ាគីស្ថាន ដើម្បីដោះស្រាយបញ្ហាគ្រោះទឹកជំនន់នេះដែរ។

សូមរំលឹកប្រាប់ត្រួសៗថា ភាគខាងត្បូង ភាគនិរតី និងភាគខាងជើងប្រទេសប៉ាគីស្ថាន គឺជាតំបន់រងគ្រោះខ្លាំងបំផុតដោយទឹកជំនន់ ដែលបានលេបត្របាក់ដីស្រែចំការ និងដំណាំស្តុកទុកជាច្រើនឥតគណនា ព្រមទាំងបណ្តាលឲ្យមនុស្សរាប់ម៉ឺននាក់បានចាកចេញពីផ្ទះសម្បែង ទៅកាន់ទីកន្លែងសុវត្តិភាពជាដើម៕




អត្ថបទបន្ទាប់


លោក ចូ បៃឌិននឹងស្នើសុំអនុម័តផែនការលក់អាវុធឲ្យតៃវ៉ាន់តម្លៃជាង១ពាន់លានដុល្លារ ខណៈដែលចិន និងរុស្ស៊ីប្រកាសធ្វើសមយុទ្ធជាថ្មី

ព័ត៌មាន
យោងតាមសារព័ត៌មាន Politico នៅសហរដ្ឋអាមេរិកបានឱ្យដឹងថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden គ្រោងនឹងស្នើសុំសភាឱ្យយល់ព្រមលើការលក់សព្វ…

ក្រុមវិនិយោគម៉ាឡេស៊ីប្រមាណ៤០ក្រុមហ៊ុនកំពុងស្វែងរកឱកាសវិនិយោគនៅកម្ពុជា

ព័ត៌មាន
ក្រុមគណៈប្រតិភូ និងតំណាងឲ្យក្រុមហ៊ុនចំនួន៤៣ មកពីប្រទេសម៉ាឡេស៊ី ដឹកនាំដោយសមាគមខ្សែចង្វាក់លក់រាយម៉ាឡេស៊ី (MRCA) បានបំពេញទស្សនៈកិច្ច នៅ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ