
នៅឯសន្និសីទ GlobOil India ដែលជាសន្និសីទប្រចាំឆ្នាំដ៏ធំបំផុតសម្រាប់ឧស្សាហកម្មប្រេងទទួលទាន និងពាណិជ្ជកម្មកសិកម្មនៅក្រុងមុំបៃ ប្រទេសឥណ្ឌា កាលពីថ្ងៃសុក្រ សប្ដាហ៍កន្លងទៅ លោក ថូម៉ាស មីលខេ (Thomas Mielke) ដែលជាអ្នកវិភាគឈានមុខគេផ្នែកឧស្សាហកម្មនេះបានព្យាករថា តម្លៃប្រេងដូង និងប្រេងសណ្ដែកនៅលើទីផ្សារអន្តរជាតិ អាចហក់ឡើងថ្លៃពី១០០ទៅ១៥០ដុល្លារ ឈានដល់លើស១ពាន់ដុល្លារអាម៉េរិកក្នុងមួយតោននៅឆមាសទី១ ឆ្នាំ២០២៦។
អ្នកជំនាញរូបនេះ បានគូសបញ្ជាក់ថា កត្តាចម្បងដែលធ្វើឱ្យតម្លៃប្រេងដូង និងប្រេងសណ្ដែកលើទីផ្សារអន្តរជាតិ អាចហក់ឡើងថ្លៃខ្លាំងបែបនេះ គឺដោយសារការផ្គត់ផ្គង់កាន់តែតឹងតែង ស្របពេលតម្រូវការប្រេងដូង និងប្រេងសណ្ដែកសម្រាប់ផលិតឥន្ធនៈម៉ាស៊ូតនៅក្នុងពិភពលោកកើនឡើង។
ជាការពិតណាស់ ការហក់ឡើងថ្លៃខ្លាំងនេះ គឺដោយសារកំណើនតម្រូវការឥន្ធនៈម៉ាស៊ូតនៅប្រទេសធំៗជាច្រើន រួមមាន សហរដ្ឋអាម៉េរិក ប្រេស៊ីល និងឥណ្ឌូនេស៊ី ខណៈដែលកំណើនផលិតកម្មនៅមានកម្រិត។ ទិន្នផលប្រេងដូងត្រូវបានព្យាករថា នឹងកើនឡើងតិចតួចត្រឹមតែជាង១លានតោនប៉ុណ្ណោះក្នុងឆ្នាំ២០២៦ ដែលតិចជាងឆ្នាំមុនច្រើន។
សូមបញ្ជាក់ថា ក្រៅពីអាចយកមកចម្អិនអាហារសម្រាប់ទទួលទាន ប្រេងដូង និងប្រេងសណ្ដែកសៀងក៏អាចត្រូវបានប្រើប្រាស់ជាវត្ថុធាតុដើមសម្រាប់ផលិតឥន្ធនៈម៉ាស៊ូតផងដែរ។
ទិន្នន័យបង្ហាញថា ប្រេងដូងរបស់ម៉ាឡេស៊ី ដែលបច្ចុប្បន្នមានតម្លៃប្រមាណ១,០៨០ដុល្លារអាម៉េរិកក្នុងមួយតោន អាចនឹងកើនឡើងបន្ថែមទៀត ប្រសិនបើរដ្ឋាភិបាលឥណ្ឌូណេស៊ី ចាត់វិធានការយកចម្ការដូងនានាមកគ្រប់គ្រង ដែលអាចធ្វើឱ្យទិន្នផលធ្លាក់ចុះ។ ទន្ទឹមនេះប្រេង
សណ្តែកសៀងរបស់អាហ្សង់ទីន ដែលបច្ចុប្បន្នមានតម្លៃ១,០៥០ដុល្លារអាម៉េរិកក្នុងមួយតោន ត្រូវបានគេមើលឃើញថាទំនងជាហក់ឡើងថ្លៃដោយសារមានតម្រូវការខ្ពស់សម្រាប់យកទៅផលិតឥន្ធនៈម៉ាស៊ូត៕
ដោយ: តែម សុខុម