
នៅក្នុងកិច្ចប្រជុំគណៈកម្មការចម្រុះព្រំដែន (JBC) កម្ពុជា-ថៃ ឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងជាប្រធានគណៈកម្មការចម្រុះព្រំដែនកម្ពុជា បានគូសបញ្ជាក់ថា ដើម្បីជាប្រយោជន៍ធានាបាននូវដំណោះស្រាយលើបញ្ហាព្រំដែនប្រកបដោយយុត្តិធម៌ និងដំណោះស្រាយជាស្ថាពរសម្រាប់ប្រទេសទាំងពីរ ភាគីកម្ពុជា បានស្នើភាគីថៃ ចូលរួមជាមួយភាគីកម្ពុជា ក្នុងការនាំយកវិវាទព្រំដែននៅតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) និងបានបញ្ជាក់សាជាថ្មីអំពីជំហររបស់កម្ពុជា ក្នុងការចាប់ផ្តើមដំណើរការនីតិវិធី ច្បាប់ដោយឯករាជ្យ ម្ចាស់ការ ទោះបីជាភាគីថៃ បដិសេធសមត្ថកិច្ចរបស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ក៏ដោយ។ លើសពីនេះភាគីកម្ពុជា អះអាងនៅចំពោះមុខភាគីថៃ ថា ចាប់ពីពេលនេះតទៅតំបន់ទាំងបួននេះលែងជាប្រធានបទ ឬកម្មវត្ថុនៃការពិភាក្សា និងដោះស្រាយនៅក្នុងក្របខណ្ឌគណៈកម្មការចម្រុះព្រំដែន (JBC) កម្ពុជា-ថៃ ទៀតហើយ។
ឯកឧត្តម ឡាំ ជា បានបញ្ជាក់ថា ក្រៅពីតំបន់ទាំងបួនដែលស្ថិតក្នុងបណ្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ភាគីកម្ពុជា នៅតែប្រកាន់ជំហរ និងសុច្ឆន្ទៈក្នុងការបន្តសហការជាមួយភាគីថៃ ដើម្បីជំរុញការវាស់វែង ខណ្ឌសីមា និងបោះបង្គោលព្រំដែន ដោយប្រើប្រាស់យន្តការគណៈកម្មការចម្រុះព្រំដែន (JBC) កម្ពុជា-ថៃ។
ជាមួយគ្នានេះ ឯកឧត្តម ឡាំ ជា ក៏បានបញ្ជាក់អំពីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រកាន់យកនូវសន្តិភាពនិយម និងចង់បានព្រំដែនមួយប្រកបដោយសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អជាមួយភាគីថៃ ដោយផ្អែកលើមូលដ្ឋានលិខិតបទដ្ឋានគតិយុត្ត និងផែនទីដែលបានឯកភាពគ្នា ដូចមានចែងក្នុងអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ ២០០០ ដែលភាគីទាំងពីរបានឯកភាពគ្នាប្រើប្រាស់ផែនទីមាត្រដ្ឋាន១/២០០.០០០ ស្របតាមស្មារតីនៃអនុសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និងសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ ដើម្បីអនុវត្តការងារខណ្ឌសីមា និងបោះបង្គោលព្រំដែន។ ក្នុងន័យនេះ កម្ពុជា បានបដិសេធយ៉ាងដាច់ខាតមិនទទួលស្គាល់ផែនទី ដែលភាគីថៃ បានគូសជាឯកតោភាគីហើយយកមកប្រើប្រាស់ជាសម្អាង ដែលជាប្រភពចម្បងនាំមកនូវជម្លោះព្រំដែនដ៏រ៉ាំរ៉ៃនាពេលកន្លងមក ក៏ដូចជាពេលបច្ចុប្បន្ន និងទៅអនាគត។
គួរជម្រាបថា កម្ពុជានិងថៃ បានរៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះព្រំដែន (JBC) កម្ពុជា-ថៃ លើកទី៦ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ ដើម្បីបន្តពិភាក្សា និងជំរុញការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោករវាងប្រទេសទាំងពីរ។ មុនកិច្ចប្រជុំពេញអង្គ JBC គឺមានកិច្ចប្រជុំចង្អៀតរវាងភាគីកម្ពុជា-ថៃ ដោយភាគីកម្ពុជា ដឹកនាំដោយឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងជាប្រធានគណៈកម្មការចម្រុះព្រំដែនកម្ពុជា និងលោក ប្រាសាស ប្រាសាសវិនិច្ឆ័យ ទីប្រឹក្សាក្រសួងការបរទេសថៃ និងជាប្រធានគណៈកម្មការចម្រុះព្រំដែនថៃ។ បន្ទាប់ពីកិច្ចប្រជុំចង្អៀត ភាគីទាំងពីរបានបន្តពិភាក្សាក្នុងកិច្ចប្រជុំពេញអង្គនៃគណៈកម្មការចម្រុះព្រំដែន (JBC) កម្ពុជា-ថៃ ដោយបានឯកភាពអនុម័តលើរបៀបវារៈចំនួន៤ រួមមាន៖ ពិនិត្យ និងអនុម័តលើកំណត់ហេតុកិច្ចប្រជុំលើកទី៤របស់អនុគណៈកម្មការ បច្ចេកទេសចម្រុះព្រំដែន (JTSC) កម្ពុជា-ថៃ ថៃ-កម្ពុជា ចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ នៅខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា, ពិនិត្យ និងពិភាក្សាលើការកែសម្រួល TOR ឆ្នាំ២០០៣ ពាក់ព័ន្ធការផលិតផែនទី អ័រតូហ្វូតូ (ជំហាន២ ក្នុងចំណុច៤ នៃ TOR),ពិភាក្សា និងអនុម័តលើការបញ្ជូនក្រុមវាស់វែងចម្រុះ ចុះវាស់វែង និងខណ្ឌសីមាព្រំដែន នៅលើដីជាក់ស្តែង នៅចន្លោះទីតាំងពិតប្រាកដនៃបង្គោលព្រំដែនដែលបានឯកភាពគ្នា (កំណាត់ខ្សែព្រំដែនដើរតាមផ្លូវទឹក និងកំណាត់ខ្សែត្រង់) និងភាក្សាលើសេចក្តីណែនាំលើការវាស់វែងនៅ Sector 6 (ចំណុច IX នៃកិច្ចប្រជុំ លើកទី៤ និងកិច្ចប្រជុំពិសេសរបស់ JBC ឆ្នាំ២០០៩)៕
បើតាម រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន កិច្ចប្រជុំគណៈកម្មការចម្រុះព្រំដែន កម្ពុជា-ថៃ បានប្រព្រឹត្តទៅក្នុងបរិយាកាសមិត្តភាព យោគយល់គ្នា ក្នុងស្មារតីពិភាក្សាគ្នាបើកចំហទៅវិញទៅមក និងប្រកបដោយភាពវិជ្ជមាន។ កិច្ចប្រជុំនេះ បានបញ្ចប់ការពិភាក្សាទាំងស្រុងលើរបៀបវារៈដែលបានឯកភាពគ្នា និងបានចុះហត្ថលេខាលើកំណត់ហេតុជាផ្លូវការ នៅថ្ងៃអាទិត្យ ទី១៥ ខែមិថុនា ឆ្នាំ២០២៥។ ភាគីទាំងពីរបានឯកភាពគ្នាគ្រោងជួបប្រជុំគ្នាសាជាថ្មីនៅខែកញ្ញា ឆ្នាំ២០២៤ខាងមុខ៕