
ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនិយ័តករមូលបត្រកម្ពុជា បានគូសបញ្ជាក់កាលពីពេលថ្មីៗថា ទោះបីការជួញដូរភាគហ៊ុននៅកម្ពុជា មិនមានសន្ទុះកើនឡើងគួរឱ្យកត់សម្គាល់ក៏ពិតមែន តែផ្សារភាគហ៊ុនកម្ពុជា បានជួយឱ្យក្រុមហ៊ុនបោះផ្សាយលក់ភាគហ៊ុន និងសញ្ញាបណ្ណ ឬមូលបត្របំណុល អាចកៀរគរទុនបានរហូតដល់ជាង១៥០លានដុល្លារអាម៉េរិក នៅត្រីមាសទី១ឆ្នាំនេះ។ ជាក់ស្ដែងគ្រាន់តែធនាគារ អេស៊ីលីដា ដែលទើបបោះផ្សាយលក់មូលបត្របំណុលកាលពីពេលថ្មីៗ អាចកៀរគរទុនពីទីផ្សារភាគហ៊ុនបានរហូតដល់១០០លានដុល្លារ។ បើតាមអះអាងរបស់ថ្នាក់ដឹកនាំរូបនេះ នៅក្នុងពេលឆាប់ៗខាងមុខនេះនឹងមានក្រុមហ៊ុនមួយចុះបញ្ជីបោះផ្សាយលក់មូលបត្របំណុលបៃតងនៅផ្សារមូលបត្របន្ថែមទៀត។
ឯកឧត្តម ស៊ូ សុជាតិ ជឿជាក់ថា នៅក្នុងឆ្នាំ២០២៥ នេះ នឹងមានការចុះបញ្ជីបោះផ្សាយលក់មូលបត្របំណុលធំៗជាច្រើនទៀតក្នុងនោះអាចមានទាំងធនាគារ និងវិស័យមិនមែនធនាគារ ស្របពេលនិយ័តករមូលបត្រកម្ពុជា គ្រោងកែសម្រួលលើបទបញ្ញត្តិមួយចំនួន ដើម្បីផ្ដល់ទំនុកចិត្តដល់វិនិយោគិនទាំងក្នុង និងក្រៅប្រទេស។
សូមបញ្ជាក់ថា គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៥ មានក្រុមហ៊ុនចំនួន២៤ បានមកចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា ក្នុងនោះក្រុមហ៊ុនចំនួន១១ បានចុះបញ្ជីបោះផ្សាយលក់ភាគហ៊ុន និងក្រុមហ៊ុនចំនួន១៣ បានចុះបញ្ជីបោះផ្សាយលក់សញ្ញាបណ្ណ ឬមូលបត្របំណុល ដោយក្រុមហ៊ុនទាំងនេះអាចកៀរគរទុនពីទីផ្សារបានប្រមាណ៤៧៥លានដុល្លារ៕
អត្ថបទ៖ បូ ដូឡា