ផ្សារភាគហ៊ុនកម្ពុជា

ក្រុមហ៊ុនឯកជនធំមួយក្នុងវិស័យអប់រំ គ្រោងឈានជើងចូលផ្សារភាគហ៊ុនកម្ពុជា


ក្រោយពីបើកដំណើរការអស់រយៈពេល១០ឆ្នាំកន្លងមកនេះ ផ្សារមូលបត្រកម្ពុជាបានទទួលក្រុមហ៊ុនចុះបញ្ជីជាង១០ក្រុមហ៊ុនហើយ ប៉ុន្ដែ នៅមិនទាន់មានក្រុមហ៊ុនក្នុងវិស័យឯកជនមកចុះបញ្ជីបោះផ្សាយលក់មូលបត្រនៅក្នុងទីផ្សារនេះនៅឡើយទេ។ បន្ទាប់ពីមើលឃើញ ការចាប់អារម្មណ៍លើការវិនិយោគក្នុងវិស័យអប់រំ ក្រុមហ៊ុន វេសឡាញ អេខ្យូខេសិនគ្រុប(Westline Education Group) បានបង្ហាញពីគោលដៅចូលរួមបោះផ្សាយលក់មូលបត្រកម្មសិទ្ធិក្នុងទីផ្សារមូលបត្រកម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ។
លោកឧកញ៉ា ប៉ិច បូឡែន អគ្គនាយកក្រុមហ៊ុន វេសឡាញ អេខ្យូខេសិនគ្រុប

ជាក់ស្តែងកាលពីថ្ងៃទី១៧ តុលា និយ័តករមូលបត្រកម្ពុជាបានរៀបចំសិក្ខាសាលា​ស្តីពីការរៀបចំខ្លួនសម្រាប់ការបោះផ្សា​យលក់មូលបត្រកម្មសិទ្ធិជាសាធារណៈ​ដល់ថ្នាក់ដឹកនាំ និងបុគ្គលិករបស់ក្រុមហ៊ុននេះផងដែរ។

លោកឧកញ៉ា ប៉ិច បូឡែន អគ្គនាយកក្រុមហ៊ុន វេសឡាញ អេខ្យូខេសិនគ្រុបបានគូសបញ្ជាក់ប្រាប់ខេមបូណូមីស​ថា ក្រុមហ៊ុនវេសឡាញនឹងឈានជើងចូលប្រឡូក​ក្នុងវិស័យភាគហ៊ុនក្នុងរយៈពេលពី៣ទៅ៥ឆ្នាំខាងមុខ តាមរយៈការចូលរួមបោះផ្សាយលក់មូលបត្រកម្មសិទ្ធិ​នៅក្នុងផ្សារមូលបត្រកម្ពុជា។ ថ្នាក់ដឹកនាំរូបនេះអះអាងថា កត្តាដែលជំរុញក្រុមហ៊ុនវេសឡាញចង់ចូលប្រឡូកក្នុងវិស័យភាគហ៊ុន គឺបន្ទាប់ពីក្រុមហ៊ុនមើលឃើញពីកំណើនក្រុមហ៊ុន​​ និងវិនិយោគិនចង់ចូលរួមវិនិយោគជាមួយក្រុមហ៊ុនមានការកើនឡើង គួបផ្សំភាពរីកចម្រើនរបស់វិស័យមូលបត្រ​នៅមួយរយៈចុងក្រោយ។

សហគ្រិនក្នុងវិស័យអប់រំរូបនេះ ជឿជាក់ថា ទីផ្សារភាគហ៊ុននឹងក្លាយជាប្រភពហិរញ្ញវត្ថុដ៏សំខាន់មួយសម្រាប់ក្រុមហ៊ុន វេសឡាញក្នុងការកៀរគរទុន ដើម្បីវិនិយោគលើការពង្រីកសាខាគ្រឹះស្ថាន និងមជ្ឈមណ្ឌល​អប់រំវេសឡាញឲ្យបានដល់​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ​គ្រប់២៥រាជធានីខេត្ត។ ជាមហិច្ឆតារបស់ក្រុមហ៊ុន វេសឡាញ ក្រៅពីការវិនិយោគក្នុងនៅស្រុក​ ក្រុមហ៊ុនក៏មាន​គម្រោង​ក្នុងការពង្រីកការវិនិយោគ​នៅតាម​ប្រទេសមួយចំនួនក្នុងតំបន់ផងដែរ។

ជុំវិញការចង់ឈានជើងចូលផ្សារមូលបត្ររបស់ក្រុមហ៊ុនវេសឡាញនេះដែរ ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកផ្សារមូលបត្រកម្ពុជាយល់ឃើញថា ការចូលរួមប្រឡូកក្នុងទីផ្សារមូលបត្ររបស់ក្រុមហ៊ុន វេសឡាញ អេខ្យូខេសិន វាជាការបើកឱកាស​ដ៏ទូលំទូលាយមួយសសម្រាប់សាធារណជនក្នុងការចូលរួមវិនិយោគជាមួយក្រុមហ៊ុន។ ម្យ៉ាងទៀត វាបានបង្ហាញឲ្យវិនិយោគិនជាតិ និងអន្តរជាតិឃើញពីភាពរីកចម្រើនរបស់ក្រុមហ៊ុននេះលើការវិនិយោគក្នុងវិស័យអប់រំនៅកម្ពុជា ដែលជាផ្នែកមួយដ៏សំខាន់ក្នុងការផ្តល់ទំនុកចិត្តដល់សាធារណៈជន និងទាក់ទាញការវិនិយោគបន្ថែមផងដែរ។

គួរបញ្ជាក់ថា បច្ចុប្បន្នផ្សារមូលបត្រកម្ពុជា ទទួលបានក្រុមហ៊ុនចុះបញ្ជីសរុបចំនួន១៦ក្រុមហ៊ុន។ ក្នុងនោះ ៩ក្រុមហ៊ុនចុះបញ្ជីលក់ភាគហ៊ុន និង៧ក្រុមហ៊ុនចុះបញ្ជីលក់សញ្ញាបណ្ណ ឬបណ្ណបំណុល។ យ៉ាងណាមិញ នៅឆ្នាំ២០២២នេះ ទើបមានក្រុមហ៊ុនថ្មីចំនួន ១ក្រុមហ៊ុនប៉ុណ្ណោះ ដែលបានស្នើសុំចុះបញ្ជី ខណៈកន្លងម ផ្សារមូលបត្រកម្ពុជា មានក្ដីរំពឹងថា នៅឆ្នាំ២០២២នេះ នឹងមានក្រុមហ៊ុនថ្មី ចំនួន៤ បន្ថែមទៀត មកស្នើចុះបញ្ជី។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកផ្សារមូលបត្រកម្ពុជា៕




អត្ថបទបន្ទាប់


តើអ្វីជាគោលនយោបាយរបស់មហាអំណាចរុស្ស៊ី ដើម្បីឈានទៅដល់យុទ្ធសាស្ត្រប្រើអាវុធនុយក្លេអ៊ែ?

ព័ត៌មាន
អ្នកតាមដាននិងអ្នកអង្កេតព្រឹត្តិការណ៍អន្តរជាតិធំៗជាច្រើន រួមទាំងអ្នកជំនាញផ្នែកយោធាបានព្រមានថា ស្ថានការពិភពលោកបច្ចុប្បន្នដែលត្រូវបានញ៉ាំញ៉ើដោ…

ក្រុមហ៊ុនអាកាសចរណ៍ធំៗរបស់ចិននឹងបង្កើនជើងហោះហើរជាអន្តរជាតិបន្ថែមទៀត ចំពេលតម្រូវការកើនឡើង

ព័ត៌មាន
នៅទីបំផុតក្រុមហ៊ុនអាកាសចរណ៍ធំៗបំផុតរបស់ប្រទេសចិនមួយចំនួន កំពុងរៀបចំផែនការបង្កើនជើងហោះហើរអន្តរជាតិបន្ថែមទៀត ដែលជាសញ្ញាមួយបង្ហាញថារដ្ឋ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ