វិស័យការងារ

រដ្ឋាភិបាលម៉ាឡេស៊ី ជំរុញឲ្យក្រុមហ៊ុនដំឡើងប្រាក់ខែ ដើម្បីស្រូបទាញកម្មករពីសិង្ហបុរី ត្រឡប់មកវិញ


ស្របពេលសេដ្ឋកិច្ចម៉ាឡេស៊ី ត្រូវបានព្យាករនឹងសម្រេចបានកំណើនក្នុងរង្វង់៥% នៅឆ្នាំ២០២៥ រដ្ឋាភិបាលម៉ាឡេស៊ី បានជំរុញឱ្យម្ចាស់ក្រុមហ៊ុន ឬថៅកែរោងចក្រនានា ដំឡើងប្រាក់ឈ្នួលដល់កម្មករ និយោជិត ដើម្បីទាក់ទាញកម្លាំងពលកម្មពីសិង្ហបុរី ត្រឡប់មកវិញ។ ប្រជាជនម៉ាឡេស៊ី ប្រមាណជិត២លាននាក់ បានចាកចេញពីប្រទេសទៅរស់នៅ និងធ្វើការនៅបរទេស ក្នុងនោះទៅប្រទេសសិង្ហបុរី ជាង១លាននាក់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The News Paper។
វិស័យការងារ
ដោយ

អនុរដ្ឋមន្ត្រីវិនិយោគ ពាណិជ្ជកម្ម និងឧស្សាហកម្មម៉ាឡេស៊ី លោក លីវ ជិនតុង (Liew Chin Tong) ជឿជាក់ថា ប្រសិនបើម៉ាឡេស៊ី អាចផ្តល់ប្រាក់ខែស្មើនឹង២/៣ នៃអ្វីដែលពួកគេបានទទួលពីការងារនៅក្នុងប្រទេសសិង្ហបុរី នោះប្រជាជនម៉ាឡេស៊ីជាច្រើននឹងជ្រើសរើសការវិលត្រឡប់មកធ្វើការនៅក្នុងប្រទេសវិញ​។ បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Strait Times កាលពីឆ្នាំ២០២៤ កន្លងទៅ ប្រជាជនម៉ាឡេស៊ីជិត២លាននាក់ បានផ្លាស់ទីលំនៅទៅបរទេស ហើយរកការងារធ្វើនៅទីនោះ ក្នុងនោះគ្រាន់តែនៅសិង្ហបុរី មានរហូតដល់ទៅជាង១,១លាននាក់ ដែលស្មើនឹងជាង៥% នៃចំនួនប្រជាជនសរុបរបស់ម៉ាឡេស៊ី។

លោក លីវ បានលើកឡើងដោយចោទជាសំណួរថា ស្របពេលតប្រាក់បៀវត្សរ៍នៅបរទេសបន្តកើនឡើង តើម៉ាឡេស៊ីអាចផ្តល់អ្វី ដើម្បីធានាថា អ្នកមានទេពកោសល្យ និងសមត្ថភាពក្នុងស្រុកអាចទទួលប្រាក់បៀវត្សរ៍ប្រហាក់ប្រហែលនឹងបរទេសបានទេ?

ពាក់ព័ន្ធបញ្ហានេះ លោកស្រី មីសែល ជុង ( Michelle Cheong) ដែលជាបុគ្គលិកផ្នែករដ្ឋបាលនៅសិង្ហបុរីម្នាក់បាននិយាយថា ប្រសិនបើប្រាក់បៀវត្សរ៍នៅម៉ាឡេស៊ី មានភាពល្អប្រសើរលោកស្រីពិតជាចង់វិលទៅបម្រើការងារនៅម៉ាឡេស៊ីវិញ។ ការចង់វិលត្រឡប់របស់លោកស្រី ក៏ដោយសារម៉ាឡេស៊ីជាស្រុកកំណើតរបស់ខ្លួន ហើយនៅទីនោះលំនៅឋាន និងជីវភាពរស់នៅល្អប្រសើរជាងសិង្ហបុរី។ ប៉ុន្តែបរិយាកាសការងារនៅម៉ាឡេស៊ី ហាក់មានភាពតឹងតែងជាងនៅសិង្ហបុរី ដែលកត្តានេះបានជំរុញឱ្យលោកស្រីសម្រេចមកធ្វើការនៅសិង្ហបុរី ជាង២០ឆ្នាំមកនេះ។

ដោយឡែកលោកស្រី ស៊ូសៀណា អ៊ីស្មាអ៊ីល ដែលជាជំនួយការគ្រូបង្រៀនកុមារម្នាក់នៅសិង្ហបុរី បានអះអាងថា ការធ្វើការនៅសិង្ហបុរី អាចទទួលបានប្រាក់បៀវត្សរ៍ខ្ពស់ជាងនៅម៉ាឡេស៊ី ពី២ទៅ៣ដង ប៉ុន្តែប្រសិនបើមានការងារល្អនៅម៉ាឡេស៊ី ខ្លួនក៏ចង់ត្រឡប់ទៅម៉ាឡេស៊ីវិញដែរ។

ស្របពេលនៅក្នុងឆ្នាំ២០២៥ ម៉ាឡេស៊ីត្រូវបានរំពឹងទទួលបានកំណើនសេដ្ឋកិច្ចពី៤,៥% ទៅ៥% ហើយគួបផ្សំគោលនយោបាយបើកចំហរផ្នែកទូរគមនាគមន៍ផងដែរនោះ ប្រទេសនេះកំពុងត្រូវការកម្លាំងពលកម្មបន្ថែម ដើម្បីជំរុញសន្ទុះនៃកំណើន៕




អត្ថបទបន្ទាប់


ការិយាល័យស្ថិតិជាតិចិន អះអាងថា ចំនួនប្រជាជនចិនធ្លាក់ចុះជាង១លាននាក់ នៅឆ្នាំ២០២៤

ដោយសារគោលនយោបាយអនុញ្ញាតឱ្យយកកូនតែមួយ ដែលចិនបានអនុវត្តតាំងពីឆ្នាំ១៩៨០ ដល់ឆ្នាំ២០១៥ បានធ្វើឲ្យចំនួនប្រជាជននៅក្នុងប្រទេសនេះបានបន្តថយចុះជាប…

តម្លៃប្រេងម៉ាស៊ូតនៅលើទីផ្សារអន្តរជាតិ ហក់ឡើងខ្ពស់ ក្រោយអាម៉េរិកបន្ថែមទណ្ឌកម្មថ្មីៗលើរុស្ស៊ី

ក្រុមអ្នកវិភាគបានអះអាងថា តម្លៃប្រេងម៉ាស៊ូតជាសកល និងប្រាក់ចំណេញពីការចម្រាញ់ប្រេងម៉ាស៊ូតបានហក់ឡើង បន្ទាប់ពីសហរដ្ឋអាម៉េរិក បានបន្ថែមទណ្ឌកម្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ