ក្រុមហ៊ុនរថយន្តជប៉ុន Nissan-រុស្ស៊ី

ក្រុមហ៊ុនរថយន្តជប៉ុន Nissan សុខចិត្តខាងជិត៧០០លានដុល្លារ លក់ទ្រព្យទាំងអស់ឱ្យរដ្ឋអំណាចរុស្ស៊ីក្នុងតម្លៃតែ ១អឺរ៉ូ


ក្រុមហ៊ុនរថយន្ត Nissan បានសម្រេចចាកចេញពីប្រទេសរុស្ស៊ីហើយ ដោយលក់ភាគហ៊ុនរបស់ខ្លួនទាំងអស់ឱ្យទៅស្ថាប័នរដ្ឋរបស់រុស្ស៊ី ក្នុងតម្លៃត្រឹមតែ ១អឺរ៉ូ (០,៩៧ដុល្លារ) ប៉ុណ្ណោះ ខណៈក្រុមហ៊ុនជប៉ុនមួយនេះ ត្រូវទទួលរងការខាតបង់ប្រមាណ ៦៨៧លានដុល្លារឯណោះ។ បើតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២។
Nissan លក់ក្រុមហ៊ុនឱ្យរុស្ស៊ី តម្លៃតែ១អឺរ៉ូ ខណៈខ្លួនខាតជិត ៧០០លានដុល្លារ

ការសម្រេចចិត្តនេះធ្វើឡើងបន្ទាប់ពីក្រុមហ៊ុន Nissan បានផ្អាកការផលិតរថយន្តរបស់ខ្លួននៅរុស្ស៊ីអស់រយៈពេលជាច្រើនខែមកហើយ ដោយសារតែសង្គ្រាមឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែន។ នេះ

យោងតាមការប្រកាសរបស់ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មរុស្ស៊ី បានឱ្យដឹងថា ក្រុមហ៊ុនជប៉ុន Nissan បានសម្រេចលក់ទ្រព្យសកម្មរបស់ខ្លួនទាំងអស់រួមទាំងរោងចក្រនៅក្រុង Saint Petersburg និងមជ្ឈមណ្ឌលទីផ្សារលក់នៅក្រុងមូស្គូផងដែរ ឱ្យទៅស្ថាប័នរដ្ឋរុស្ស៊ី គឺវិទ្យាស្ថានស្រាវជ្រាវមជ្ឈិម អភិវឌ្ឍន៍យានយន្ត និងម៉ាស៊ីន ឬហៅថា NAMI។ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មរុស្ស៊ី បានហៅកិច្ចព្រមព្រៀងនេះថា ជាព្រឹត្តិការណ៍ដ៏អស្ចារ្យសម្រាប់ឧស្សាហកម្មរថយន្ត។

យ៉ាងណាមិញ ក្រសួងដដែលនេះបញ្ជាក់ថា ក្រោមកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុន Nissan នៅតែមានឱកាសទិញភាគហ៊ុន ឬទ្រព្យសកម្មរបស់ខ្លួនពីរដ្ឋអំណាចរុស្ស៊ីមកវិញ ក្នុងរយៈពេល ៦ឆ្នាំក្រោយ។

ទោះជាយ៉ាងនេះក្តី ក្រុមហ៊ុន Nissan បានអះអាងថា និយោជិតប្រមាណ ២ពាន់នាក់របស់ខ្លួនក្នុងប្រទេសរុស្ស៊ី នឹងទទួលបានការការពារក្នុងការងារនេះ រយៈពេល ១២ខែទៀត។ ក្រុមហ៊ុនជប៉ុនដដែលនេះ បន្ថែមថា ខ្លួននៅតែស្ថិតលើផ្លូវឆ្ពោះទៅរកការសម្រេចបានកម្មវត្ថុអាជីវកម្មដដែល។

លោក Makoto Uchida នាយកប្រតិបត្តិក្រុមហ៊ុន Nissan បានលើកឡើងតាមរយៈសេចក្តីប្រកាសរបស់ក្រុមហ៊ុនថា លោកអរគុណចំពោះដៃគូរុស្ស៊ី ដែលចូលរួមចំណែកក្នុងអាជីវកម្មរបស់ក្រុមហ៊ុនលោកអស់រយៈពេលជាច្រើនឆ្នាំ ខណៈចាប់ពីពេលនេះទៅ Nissan មិនអាចបន្តប្រតិបត្តិការក្នុងទីផ្សាររុស្ស៊ីនេះបានទៀតឡើយ។

សូមរំលឹកថា ក្រុមហ៊ុន Nissan បានផ្អាកការផលិតរថយន្តនៅក្រុង St. Petersburg តាំងពីខែមីនាមក ពោលគឺតាំងតែពីរុស្ស៊ី បានចាប់ផ្តើមចូលលុកលុយអ៊ុយក្រែន ដែលបង្អាក់ដល់ការផ្គត់ផ្គង់ប៉ះពាល់ធ្ងន់ធ្ងរដល់សង្វាក់ផលិតកម្ម។ ក្រុមហ៊ុនបានឃ្លាំមើលស្ថានភាពនេះយ៉ាងជាប់លាប់ ប៉ុន្តែមិនមានសញ្ញាណាមួយ ដែលបង្ហាញភាពប្រសើរឡើងវិញឡើយ ដែលធ្វើឱ្យក្រុមហ៊ុនត្រូវសម្រេចចិត្តចាកចេញតែម្តង។

សូមជម្រាបដែរថា ចាប់តាំងពីកើតមានសង្គ្រាមឈ្លានពាននោះមក ក្រុមហ៊ុនអន្តរជាតិធំៗជាច្រើន ស្ទើរតែគ្រប់វិស័យ ដែលមានប្រតិបត្តិការនៅប្រទេសរុស្ស៊ីបានចាកចេញ និងលក់ភាគហ៊ុនរបស់ពួកគេចោល ដើម្បីប្រឆាំងនឹងទង្វើឈ្លានពានរបស់រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែន។ យ៉ាងណាមិញ ចំពោះក្រុមហ៊ុនអន្តរជាតិក្នុងឧស្សាហកម្មយានយន្ដ ដែលបានដកប្រតិបត្តិការចេញពីរុស្ស៊ីរួមមាន ក្រុមហ៊ុន Inchape របស់អង់គ្លេស, ក្រុមហ៊ុន Iveco របស់អ៊ីតាលី និងក្រុមហ៊ុនបារាំង Michelin និង Renault ជាដើម។ បន្ថែមពីនេះ ក្រុមហ៊ុនជប៉ុន Toyota ក៏ទើបតែបានប្រកាសបញ្ឈប់ប្រតិបត្តិការនៅរុស្ស៊ី កាលពីខែមុនផងដែរ៕

អត្ថបទ៖ នៅ សំភី




អត្ថបទបន្ទាប់


កម្ពុជាស្ថិតក្នុងលេខរៀងទី៤ ក្នុងតំបន់អាស៊ាន ដែលបានដំឡើងប្រាក់ឈ្នួលអប្បបរមាដល់កម្មករនិយោជិតក្នុងវិស័យកាត់ដេរខ្ពស់ជាងគេនៅឆ្នាំ២០២៣

ព័ត៌មាន
បើមើលទៅលើប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតក្នុងវិស័យកាត់ដេររបស់បណ្ដាប្រទេសមួយចំនួនក្នុងតំបន់អាស៊ាន កម្ពុជា និងវៀតណាម បានឈរនៅលំដាប់…

ភ្ញៀវទេសចរទៅកម្សាន្តនៅខេត្តព្រះសីហនុកើនឡើងយ៉ាងគំហុក ក្រោយដាក់ឲ្យដំណើរការសាកល្បងផ្លូវល្បឿនលឿន

ព័ត៌មាន
ចំនួនភ្ញៀវទេសចរទៅកម្សាន្តតាមគោលដៅទេសចរណ៍នានា ក្នុងខេត្តព្រះសីហនុ មានការកើនឡើងយ៉ាងគំហុក ក្រោយក្រសួងសាធារណការបើកឲ្យប្រជាពលរដ្ឋធ្វើដំណើរសាក…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ