វិស័យស្រូវ អង្ករ

ទិន្នផលស្រូវនៅតំបន់អាស៊ី អាចប្រឈមហានិភ័យដោយសារបញ្ហាអាកាសធាតុនៅឆ្នាំក្រោយ


ផលិតកម្មស្រូវនៅក្រៅរដូវកាលនៅក្នុងតំបន់អាស៊ីនឹងរងផលប៉ះពាល់ដោយសារលក្ខខណ្ឌមិនអំណោយផលមួយចំនួនដូចជាផ្ទៃដីដាំស្រូវស្ងួតហែង និងអាងស្តុកទឹករួមតូចគួបផ្សំនឹងអាកាសធាតុអែលនីណូផងដែរ។ ផលប៉ះពាល់អវិជ្ជមាននេះនឹងកាត់បន្ថយទិន្នផលស្រូវអង្ករនៅដើមឆ្នាំ២០២៤ បង្កើនការរឹតបន្តឹងការផ្គត់ផ្គង់ស្បៀងអាហារ និងបង្កើនអតិផរណាស្បៀងអាហារ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
វិស័យស្រូវ អង្ករ
ដោយ

ក្រុមឈ្មួញ និងអ្នកវិភាគបាននិយាយថា ប្រទេសឥណ្ឌាដែលជាអ្នកនាំចេញអង្ករដ៏ធំបំផុតក្នុងពិភពលោក និងប្រទេសថៃ ដែលជាអ្នកផ្គត់ផ្គង់អង្ករទី២ក្នុងពិភពលោកត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះទិន្នផលស្រូវក្រៅរដូវកាលរបស់ពួកគេនៅក្នុងត្រីមាសទី១ ឆ្នាំ២០២៤ ខណៈដែលប្រទេសឥណ្ឌូនេស៊ី ដែលជាអ្នកនាំចូលឈានមុខគេក្នុងពិភពលោកនៅតែជួបគ្រោះរាំងស្ងួតនៅឡើយ។

លោក ភីធឺ ក្លាប់ (Peter Clubb) អ្នកវិភាគនៅក្រុមប្រឹក្សាធញ្ញជាតិ អន្តរជាតិ​ នៅទីក្រុងឡុងដ៍ចក្រភពអង់គ្លេស បាននិយាយថា តម្លៃអង្ករកើនខ្ពស់គួរតែជំរុញឱ្យមានការដាំដុះស្រូវកាន់តែច្រើន ប៉ុន្តែដោយសារតែព្រួយបារម្ភពីលទ្ធភាពទទួលបានទឹកពីអាងស្តុកទឹក ដែលកាន់តែរួមតូចនោះ ទើបបានជាមានការបាត់បង់ទិន្នផលស្រូវនៅក្រៅរដូវកាលបែបនេះ។

លោក ក្លាប់ បាននិយាយថា ឥណ្ឌា និងថៃ ទំនងជារឹតបន្តឹងលើផ្នែកនាំចេញស្រូវអង្ករ ហើយនៅក្នុងប្រទេសឥណ្ឌូនេស៊ី អាងស្តុកទឹក ដែលនឹងផ្គត់ផ្គង់ទឹកសម្រាប់ដំណាំរដូវប្រាំងឆ្នាំ២០២៤ បានធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះនៅក្នុងរដូវប្រាំងនេះ។

ការផ្គត់ផ្គង់អង្ករពិភពលោកបានរឹតបន្តឹងនៅឆ្នាំនេះបន្ទាប់ពីអាកាសធាតុក្តៅ និងស្ងួតហែងបណ្តាលមកពីបាតុភូតអាកាសធាតុអែលនីណូបានកាត់បន្ថយការផលិតស្រូវនៅតាមប្រទេសនាំចេញ និងនាំចូលសំខាន់ៗមួយចំនួន។

ការនាំចេញអង្កររបស់ពិភពលោកភាគច្រើនមកពីតំបន់អាស៊ីជំរុញឱ្យតម្លៃអង្ករនៅតាមមជ្ឈមណ្ឌលនាំចេញសំខាន់ៗបានកើនឡើងប្រហែល៣០-៤០%នៅក្នុងឆ្នាំ២០២៣ ដោយកាលពីដើមឆ្នាំនេះបានកើនឡើងខ្ពស់បំផុតក្នុងពេល១៥ឆ្នាំមកនេះ បន្ទាប់ពីឥណ្ឌាបានរឹតបន្តឹងការនាំចេញរបស់ខ្លួន។

អ្នកព្យាករអាកាសធាតុរបស់រដ្ឋាភិបាលអាមេរិកបាននិយាយកាលពីខែវិច្ឆិកា ថា បញ្ហាអាកាសធាតុអែលនីណូនឹងបន្តគ្របដណ្ដប់អឌ្ឍគោលខាងជើងរហូតដល់ចន្លោះពីខែមេសា ដល់ខែមិថុនា ឆ្នាំ២០២៤ ខណៈដែលការិយាល័យអាកាសធាតុរបស់ប្រទេសជប៉ុន បាននិយាយថា មានឱកាស៨០% ដែលថា បាតុភូតនេះនឹងបន្តឆ្លងកាត់និទាឃរដូវនៅភាគខាងជើងនេះ។

ពាណិជ្ជករ និងអ្នកវិភាគបាននិយាយថា ជាមួយនឹងការធ្លាក់ចុះផលិតកម្មស្រូវគួបផ្សំនឹងហានិភ័យអតិផរណាម្ហូបអាហារ ឥណ្ឌាទំនងជាបន្តរឹតបន្តឹងការនាំចេញយ៉ាងហោចណាស់រហូតដល់ឆមាសទី១ឆ្នាំក្រោយ ខណៈដែលថៃ ត្រូវបានគេព្យាករថា នឹងមានអតិរេកទាបសម្រាប់ការនាំចេញ។ ទីភ្នាក់ងារវាយតម្លៃស្រូវអង្ករ BMI បានកត់សម្គាល់ថា ក្នុងករណីគ្មានការនាំចេញអង្កររបស់ឥណ្ឌា គេរំពឹងថា ប្រទេសថៃ និងវៀតណាមនឹងមានចំណែកដ៏ធំនៃការចែកចាយអង្ករនៅក្នុងពិភពលោក ដែលនឹងធ្វើឱ្យតម្លៃពាណិជ្ជកម្មស្រូវអង្ករឆ្លើយតបនឹងលក្ខខណ្ឌអាកាសធាតុនៅក្នុងទីផ្សារណាមួយ៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប្រេស៊ីលចូលរួមជាមួយ OPEC+ ដែលនឹងកាត់បន្ថយទិន្នផលប្រេងជាង៣លានធុងបារ៉ែលក្នុងមួយថ្ងៃ

ព័ត៌មាន
អង្គការនៃប្រទេសនាំចេញប្រេង (OPEC) និងសម្ព័ន្ធមិត្តរបស់ខ្លួនហៅកាត់ថា OPEC+ កាលពីថ្ងៃព្រហស្បតិ៍ បានប្រកាសពីការដាក់បញ្ចូលប្រទេសប្រេស៊ីលជាសមាជ…

សកម្មភាពរោងចក្រនៅអាស៊ីនៅតែបន្តស្ថិតក្រោមសម្ពាធនៃការធ្លាក់ចុះតម្រូវការ ខណៈនៅចិនមានកំណើនគួរឱ្យភ្ញាក់ផ្អើល

ព័ត៌មាន
ក្រុមហ៊ុនផលិតនៅអាស៊ីត្រូវបានរាយការណ៍កាលពីថ្ងៃអង្គាថា នៅតែស្ថិតក្រោមសម្ពាធក្នុងខែធ្នូ ដោយសារសកម្មភាពកំណើនបន្តធ្លាក់ចុះក្រោមទម្ងន់នៃការថយចុះ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ