
នាវេទិកាពិភាក្សាស្តីពី«មាគ៌ាប្រតិបត្តិពាណិជ្ជកម្ម និងវិនិយោគ ២០២៥» អ្នកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកក្រុមហ៊ុនវើលដ៍ប្រ៊ីដ គ្រុប បានចាត់ទុកវិស័យភស្តុភាកម្ម ជាវិស័យមួយដ៏មានសំខាន់សម្រាប់បម្រើឱ្យការធ្វើពាណិជ្ជកម្មនៅកម្ពុជា និងលើពិភពលោក។ ទោះបីវិស័យភស្តុភារកម្មនៅកម្ពុជា មានការរីកចម្រើនជាងមុនក៏ពិតមែន តែអ្នកជំនាញរូបនេះកត់សម្គាល់ឃើញថា វិស័យនេះនៅតែជួបបញ្ហាប្រឈមបញ្ហាមួយចំនួន ជាពិសេសទាក់ទងនឹងការប្រកួតប្រជែងលើបញ្ហាពេលវេលា និងតម្លៃ ដែលជាកត្តាស្នូលរបស់វិស័យនេះ។ សម្រាប់អ្នកជំនាញរូបនេះ ដើម្បីជំរុញឱ្យវិស័យភស្តុភាកម្មរបស់កម្ពុជា កាន់តែមានភាពប្រកួតប្រជែង គឺទាមទារឱ្យមានការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ជាពិសេសជំរុញការប្រើប្រាស់បច្ចេកវិទ្យានៅក្នុងវិស័យនេះតែម្តង។
ជាមួយគ្នានេះ ឧកញ៉ា ស៊ិន ចន្ធី អគ្គនាយកក្រុមហ៊ុនឡាញហល អិចប្រេស បានគូសបញ្ជាក់ថា ការចំណាយថ្លៃដើមខ្ពស់នៅតែជាបញ្ហាប្រឈមដ៏ធំមួយសម្រាប់វិស័យភស្តុភារកម្មនៅកម្ពុជា ដែលទាមទារឱ្យភាគីពាក់ព័ន្ធមានការគិតគូរដោះស្រាយ ដើម្បីបង្កើនភាពប្រកួតប្រជែងជាមួយបណ្តាប្រទេសក្នុងតំបន់។ ជាការកត់សម្គាល់របស់អ្នកជំនាញរូបនេះ ការដឹកជញ្ជូនទំនិញនៅកម្ពុជា ភាគច្រើនប្រើប្រាស់ផ្លូវគោក ដែលមានការចំណាយខ្ពស់ជាងការដឹកជញ្ជូនតាមផ្លូវទឹក។
ពាក់ព័ន្ធបញ្ហានេះដែរ ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានគូសបញ្ជាក់ថា ដើម្បីឆ្លើយតបទៅនឹងកំណើនទូកុងតឺន័រ និងទំនិញចេញចូលឆ្លងកាត់កំពង់ផែក្រុងព្រះសីហនុ នាពេលកន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចលើកកម្ពស់គុណភាពកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីឱ្យមានជម្រៅទឹកជ្រៅជាងមុន ដែលអនុញ្ញាតឱ្យកប៉ាល់នានានៅជុំវិញពិភពលោកអាចចូលចតនៅកម្ពុជាបាន ដោយពុំចាំបាច់ឆ្លងកាត់ប្រទេសទី៣ ហើយវានឹងជំរុញដល់ការកាត់បន្ថយរយៈពេលវេលា និងថ្លៃដឹកជញ្ជូនផងដែរ។ តួយ៉ាង បើតាមការបញ្ជាក់របស់ថ្នាក់ដឹកនាំរូបនេះ ការលើកកម្ពស់កំពង់ផែក្រុងព្រះសីហនុ ជំហានទី១ ជម្រៅទឹក១៤,៥ម៉ែត្រ ដែលគ្រោងដាក់ឱ្យដំណើរការនៅឆ្នាំ២០២៧ ខាងមុខនេះ នឹងអនុញ្ញាតឱ្យកបាល់ដឹកជញ្ជូនក្នុងតំបន់ចំនួន ៩៣% អាចចូលចតបាន និងជួយកាត់បន្ថយថ្លៃដឹកជញ្ជូនបានប្រមាណ២០០ដុល្លារក្នុង១ទូកុងតឺន័រ។
គួរជម្រាបថា វិស័យដឹកជញ្ជូន បានរួមចំណែកយ៉ាងសំខាន់ដល់សេដ្ឋកិច្ចរបស់កម្ពុជា ហើយនៅប៉ុន្មានឆ្នាំចុងក្រោយនេះ រាជរដ្ឋាភិបាលកម្ពុជា បានចំណាយថវិការាប់រយពាន់លានដុល្លារលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបម្រើឱ្យវិស័យនេះ សំដៅជួយសម្រួលដល់ការដឹកជញ្ជូនទំនិញ ក៏ដូចជាបង្កើនភាពប្រកួតប្រជែងជាមួយបណ្តាប្រទេសក្នុងតំបន់៕