វិស័យពាណិជ្ជកម្ម

តើកម្ពុជា អាចឈានដល់ការបិទការនាំចូលទំនិញទាំងស្រុងពីថៃ ឬយ៉ាងណា ក្រោយមានការផ្ទុះអាវុធរវាងកងទ័ពកម្ពុជា-ថៃ?


ភាពតានតឹងជុំវិញបញ្ហាព្រំដែនកម្ពុជា-ថៃ បានកើនឡើងកម្តៅពីមួយថ្ងៃទៅមួយថ្ងៃ តួយ៉ាងនៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥នេះ មានការប៉ះទង្គិចប្រដាប់អាវុធទ្រង់ទ្រាយធំរវាងកងទ័ពកម្ពុជា និងថៃ ក្រោយកងទ័ពថៃ បានបើកការវាយប្រហារមកលើទីតាំងឈរជើងរបស់កងទ័ពកម្ពុជា នៅប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងបានពង្រីកភូមិសាស្ត្រនៃការវាយប្រហាររហូតទៅដល់តំបន់មុំបី។ តើតាមរយៈភាពតានតឹងនៃការផ្ទុះអាវុធរវាងកងទ័ពកម្ពុជា និងថៃ នាពេលនេះ អាចជំរុញឱ្យកម្ពុជា ឈានទៅដល់ការបិទការនាំចូលទំនិញទាំងស្រុងពីថៃ ឬយ៉ាងណា​ ?
វិស័យពាណិជ្ជកម្ម
ដោយ

លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ យល់ឃើញថា ក្រោយមានការផ្ទុះអាវុធរវាងកងទ័ពកម្ពុជា និងថៃ ​ជាថ្មីនៅថ្ងៃទី២៤ ខែកក្កដា ហើយប្រសិនបើភាពតានតឹងនេះនៅតែបន្តអូសបន្លាយនោះ លោកជឿជាក់ថា ទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ នឹងអាចឈានទៅដល់ការបញ្ចប់ទាំងស្រុងនៅពេលខាងមុខនេះ ខណៈបច្ចុប្បន្នកម្ពុជា បានបិទការនាំចូលទំនិញមួយចំនួនពីប្រទេសថៃ និងបិទការនាំចូលទំនិញឆ្លងកាត់ព្រំដែនគោករវាងកម្ពុជា និងថៃ ទាំងអស់រួចមកហើយដែរ។ សម្រាប់អ្នកជំនាញរូបនេះ ប្រសិនបើរាជរដ្ឋាភិបាលកម្ពុជា សម្រេចបិទការនាំចូលទំនិញទាំងស្រុងពីប្រទេសថៃ មែននោះ វាទំនងជាមិនបង្កផលប៉ះពាល់ដល់ការផ្គត់ផ្គង់ទំនិញសម្រាប់ប្រើប្រាស់ក្នុងប្រទេសកម្ពុជា នោះទេ ដ្បិតថា កម្ពុជាបច្ចុប្បន្នជាប្រទេសទីផ្សារសេរី ខណៈកម្ពុជា ក៏មានសមត្ថភាពផលិតទំនិញជាច្រើនដោយខ្លួនឯងផងដែរ។

​លោកបណ្ឌិត ជ័យ តិច អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច បានវាយតម្លៃថា ការផ្ទុះអាវុធរវាងកងទ័ពកម្ពុជា និងថៃ នៅពេលនេះ ទំនងជាមិនអាចអូសបន្លាយក្នុងរយៈពេលយូរនោះទេ ដូច្នេះបញ្ហានេះ ក៏មិនអាចជះឥទ្ធិពលបន្ថែមទៀតទៅលើវិធានការដោះដូរពាណិជ្ជកម្មដែលមានស្រាប់រវាងប្រទេសទាំងពីរនោះដែរ។ តែយ៉ាងណា អ្នកជំនាញរូបនេះបានគូសបញ្ជាក់ថា កម្ពុជានឹងដើរតាមក្រោយសេនារីយោរបស់ថៃ ហើយឆ្លើយតបទៅវិញ ប្រសិនបើថៃ បង្កផលប៉ះពាល់ណាមួយបន្ថែមទៀតដល់ទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ បើតាមអ្នកជំនាញរូបនេះ ប្រសិនបើមានបញ្ហាណាមួយដែលអាចឈានទៅដល់ការបិទការនាំចេញ នាំចូលទំនិញទាំងស្រុងរវាងប្រទេសទាំងពីរមែននោះ លោកជឿជាក់ថា ភាគីថៃ គឺជាអ្នកដែលរងការខាតបង់ធំរហូតដល់ប្រមាណ៥ពាន់លានដុល្លារក្នុង១ឆ្នាំលើទំនាក់ទំនងពាណិជ្ជកម្មនេះ។

​ជាមួយគ្នានេះ លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព បានវាយតម្លៃថា ទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងថៃ គឺស្ថិតក្នុងភាពមិនច្បាស់លាស់នោះទេ នាពេលនេះ និងទៅពេលខាងមុខ ដោយសារឥទ្ធិពលនៃភាពតានតឹងនៅតាមព្រំដែននៃប្រទេសទាំងពីរ។ សម្រាប់អ្នកជំនាញរូបនេះ ការបិទច្រកព្រំដែនកម្ពុជា-ថៃទាំងស្រុងនាពេលកន្លងមក ចង់ ឬមិនចង់វាបានបង្កផលប៉ះពាល់ដល់កិច្ចពាណិជ្ជកម្ម និងជីវភាពរបស់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរួចទៅហើយ បើទោះបីជាភាគីថៃ រងការខាតបង់ច្រើនជាងកម្ពុជា ក្តី។ ដូច្នេះលោកយល់ថា ប្រទេសទាំងពីរមិនគួរឈានទៅដល់ការបិទការនាំចេញនាំចូលទំនិញទាំងស្រុងរវាងគ្នានោះទេ ដែលអាចធ្វើឱ្យប៉ះពាល់កាន់តែខ្លាំងដល់ជីវភាពរបស់ប្រជាពលរដ្ឋ។

​គួរជម្រាបថា នៅក្នុងរយៈពេល៦ខែ ឆ្នាំ២០២៥នេះ ការដោះដូរពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងថៃ មានទំហំជិត២ពាន់២រយលានដុល្លារ ​កើនឡើង៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ក្នុងនោះកម្ពុជា នាំចេញទៅថៃ មានទំហំប្រមាណ៤៤៨លានដុល្លារ ខណៈថៃ នាំចូលមកកម្ពុជាវិញ មានទំហំជាង១ពាន់៧រយលានដុល្លារ។ នេះបើតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕




អត្ថបទបន្ទាប់


ក្រោយកម្ពុជា ជួបសង្គ្រាម តើការធ្វើបច្ចុប្បន្នភាពព័ត៌មានឱ្យបានឆាប់រហ័សមានសារសំខាន់យ៉ាងណាសម្រាប់ពលរដ្ឋ និងសង្គម?

ស្របមានការប៉ះទង្គិចប្រដាប់អាវុធរវាងកម្ពុជា និងថៃ នៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងតំបន់មុំ៣ ការទទួលបានព័ត៌មានត្រឹមត្រូវគ្រប់ជ្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ