
ក្រុមហ៊ុន Asia Plus Securities បានអះអាងថា ភាពមិនស៊ីចង្វាក់គ្នារវាងលក្ខខណ្ឌកម្ចី និងរយៈពេលអភិវឌ្ឍម្រោងខុនដូ បានបង្ខំឱ្យអ្នកអភិវឌ្ឍន៍ដែលមានសារពើភណ្ឌខុនដូច្រើនត្រូវប្រឈមមុខនឹងកាតព្វកិច្ចបង់បំណុលជាង២៣០០លានដុល្លារ។ លោក ថេតសាក់ ថាវីតេរ៉ាផាម (Therdsak Thaveeteeratham ) អនុប្រធានប្រតិបត្តិរបស់ក្រុមហ៊ុន Asia Plus Securities បានលើកឡើងថា អ្នកសាងសង់ខុនដូជាច្រើននៅថៃ នាពេលនេះ បានពឹងផ្អែកខ្លាំងលើសញ្ញាបណ្ណបំណុល។ លោកបានបន្តថា នៅពេលសេដ្ឋកិច្ចមិនល្អ ទីផ្សារមូលបត្របំណុលធ្លាក់ចុះ ហើយការលក់ ក៏ថយចុះធ្វើឱ្យការបង្វិលសងបំណុលមិនអាចធ្វើទៅបានទេ ដែលធ្វើឱ្យពួកគេប្រឈមមុខនឹងគំនរបំណុលកើនឡើងជាប្រចាំ។
មកទល់ពេលនេះ ក្រុមហ៊ុនមូលបត្រ Asia Plus Securities កំពុងពិនិត្យ និងវាយតម្លៃរបាយការណ៍ហិរញ្ញវត្ថុរបស់អ្នកអភិវឌ្ឍន៍ ដែលបានចុះបញ្ជីនៅផ្សារហ៊ុនចំនួន១៤របស់ប្រទេសថៃ ចាប់ពីទំហំមធ្យមទៅធំ ដែលមានតម្លៃសរុបប្រមាណជាង១២ពាន់លានដុល្លារ ពោលគឺមានប្រមាណ៥២% នៃមូលបត្របំណុលទាំងអស់។ ស្ថិតក្នុងស្ថានភាពនេះ លោក ថេតសាក់ បានលើកឡើងថា អ្នកអភិវឌ្ឍន៍ត្រូវតែវាយតម្លៃលើរចនាសម្ព័ន្ធហិរញ្ញវត្ថុរបស់ពួកគេឡើងវិញ ដើម្បីគ្រប់គ្រងបំណុល និងគ្រប់គ្រងការផ្គត់ផ្គង់ ដើម្បីកុំឱ្យមានវិបត្តិ។
លោកបានបន្តទៀតថា ក្រុមហ៊ុនអភិវឌ្ឍន៍ដែលបានចុះបញ្ជីបោះផ្សាយលក់បណ្ណបំណុលទាំង១៤ ខាងលើបានប្រកាសពីផែនការចាប់ផ្តើមគម្រោងលំនៅឋានថ្មីនៅឆ្នាំ២០២៥ នេះ មានតម្លៃសរុបត្រឹមតែជាង៩ពាន់លានដុល្លារ ធ្លាក់ចុះជិត១០ពាន់លានដុល្លារ បើធៀបនឹងឆ្នាំ២០២៤ កន្លងទៅ៕
ដោយៈ សរ សុជាតិ