លោកឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង ប្រធានអគ្គនាយកនៃក្រុមហ៊ុនខនហ្វីរេល បានសម្រេចបន្តរៀបចំពាន់រង្វាន់គីណាល់ ប្រចាំឆ្នាំ២០២៣ បន្ទាប់ពីខកខានអស់រយៈពេល៣ឆ្នាំ ដោយសារការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩។ បើតាមការគូសបញ្ជាក់របស់លោកឧកញ៉ា គោលបំណងនៃការរៀបចំពានរង្វាន់នេះ គឺដើម្បីរួមចំណែកជួយលើកកម្ពស់ និងអភិវឌ្ឍន៍វិស័យសុខាភិបាល ជាពិសេសលើកកម្ពស់ការសិក្សាស្រាវជ្រាវវេជ្ជសាស្ត្រ ក៏ដូចជាជំរុញ និងបំផុសទឹកចិត្តសិស្សនិស្សិតឱ្យងាកមកចាប់អារម្មណ៍លើកិច្ចការស្រាវជ្រាវ។ អ្នកជំនាញឱសថរូបនេះរំពឹងថា តាមរយៈពានរង្វាន់គីណាល់នេះ វានឹងជួយ បណ្តុះគំនិតយុវជនឱ្យចាប់អារម្មណ៍លើការសិក្សាស្រាវជ្រាវ ក៏ដូចជាជួយអភិវឌ្ឍន៍ការសិក្សាស្រាវជ្រាវវេជ្ជសាស្ត្រនៅកម្ពុជាឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។
សម្រាប់ឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង ការសិក្សាតែទ្រឹស្តីមួយមុខវាមិនគ្រប់គ្រាន់នោះទេសម្រាប់សិស្សនិស្សិត ផ្នែកវេជ្ជសាស្ត្រ ពោលគឺទាមទារឱ្យមានបទពិសោធន៍ និងការសិក្សស្រាវជ្រាវ។ និស្សិតគ្រប់រូបនឹងមិនអាចដឹងពីសមត្ថភាពរបស់ខ្លួនមានការរីកចម្រើន ឬស្ថិតនៅត្រង់ចំណុចណានោះទេ ប្រសិនបើគ្មានការអនុវត្តជាក់ស្តែង និងការសិក្សាស្រាវជ្រាវលើមុខវិជ្ជាពាក់ព័ន្ធនឹងមុខជំនាញរបស់ខ្លួន។ ដូច្នេះតាមរយៈការរៀបចំពានរង្វាន់គីណាល់វាជាឱការផ្តល់ឱកាស និងបទពិសោធន៍មួយសម្រាប់សិស្សនិស្សិតក្នុងការពង្រឹង និងពង្រីកសមត្ថភាពរបស់ខ្លួន។
បើតាមការគូសបញ្ជាក់ថា ឯកឧត្តមវេជ្ជបណ្ឌិត ពាស់ ម៉ូស្លីម អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល ឱសថដែលប្រើប្រាស់នៅកម្ពុជាទាំងអស់មានតែ១០% ប៉ុណ្ណោះ ដែលផលិតនៅកម្ពុជា ខណៈក្រៅពីនេះនាំចូលពីបរទេស។ យ៉ាងណាមិញឯកឧត្តមបានចាត់ទុកពានរង្វាន់គីណាល់ គឺជាផ្នែកមួយក្នុងការរួមចំណែកជួយអភិវឌ្ឍន៍វិស័យសុខាភិបាលនៅកម្ពុជា ហើយឯកឧត្តមរំពឹងថា តាមរយៈពាលរង្វាន់វានឹងជួយធ្វើឱ្យវិស័យសុខាភិបាល ជាពិសេសការសិក្សាស្រាវជ្រាវផ្នែកវេជ្ជសាស្ត្រនៅកម្ពុជានឹងមានការរីកចម្រើនមួយកម្រិតទៀត។
គួរបញ្ជាក់ថា ពានរង្វាន់គីណាល់ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៣ ក្នុងគោលបំណងជំរុញនិស្សិតសុខាភិបាលកម្ពុជា ឱ្យរៀនស្រាវជ្រាវទៅតាមបែបបត់អន្តរជាតិ ដើម្បីឱ្យពួកគេមានឱកាសពង្រីងសក្តានុពលក្នុងវិស័យនេះ ត្រៀមខ្លួនប្រឡូកក្នុងវិស័យការងារ និងចូលរួមចំណែកដល់អភិវឌ្ឍវិស័យសិក្សាស្រាវជ្រាវនៅកម្ពុជា។ ពានរង្វាន់នេះត្រូវបានរៀបចំឡើងរៀងរាល់មួយឆ្នាំម្តង តែត្រូវបានខកខានរៀបចំអស់រយៈពេល៣ឆ្នាំក្នុងអំឡុងពេលកម្ពុជា ក៏ដូចជាពិភពលោកទទួលរងនូវការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩៕