យ៉ាងណាក៏ដោយ ថ្នាក់ដឹកនាំក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បានប្តេជ្ញាកាលពីពេលកន្លងទៅថា ខ្លួននឹងសាងសង់អាកាសយានដ្ឋានអន្តរជាតិកោះរ៉ុងនេះ ឲ្យសម្រេចតាមផែនការមេដែលបានគ្រោងទុក។
ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានគូសបញ្ជាក់ប្រាប់សារព័ត៌មានខេមបូណូមីសថា បច្ចុប្បន្នគម្រោងអភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិកោះរ៉ុង នៅខេត្តព្រះសីហនុ កំពុងស្ថិតក្នុងដំណាក់កាលឈូសឆាងពង្រាបដីឱ្យស្មើនៅឡើយទេ បន្ទាប់ពីក្រុមហ៊ុនអភិវឌ្ឍន៍បានដោះស្រាយផលប៉ះពាល់សង្គមជូននៅតំបន់នោះជិតចប់សព្វគ្រប់។ ជាមួយគ្នានេះក្រុមហ៊ុនអភិវឌ្ឍន៍ កំពុងបន្តដោះស្រាយផលប៉ះពាល់សង្គមជាមួយប្រជាពលរដ្ឋដែលនៅសេសសល់ ដើម្បីពន្លឿនការអភិវឌ្ឍគម្រោងអាកាសយានដ្ឋានអន្តរជាតិ ដែលមានតម្លៃ៣០០លានដុល្លារអាម៉េរិកមួយនេះ។ បើតាមមន្ត្រីជាន់ខ្ពស់រូបនេះ ការសាងសង់ព្រលានយន្ដហោះនេះ គឺដើម្បីសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរ ក៏ដូចជាជំរុញការអភិវឌ្ឍន៍នៅកោះរ៉ុង ដ្បិតតាមសិក្សាស្រាវជ្រាវ និងបទពិសោធន៍ជាអន្តរជាតិ តំបន់ទេសចរណ៍ទាំងឡាយណា ដែលមានអាកាសយានដ្ឋាន គឺមានការអភិវឌ្ឍខ្លាំងជាងតំបន់ទេសចរណ៍ណាដែលមិនមានអាកាសយានដ្ឋាន។
យ៉ាងណាក៏ដោយកាលពេលកន្លងទៅ អ្នកឧកញ៉ា គិត ម៉េង បានប្តេជ្ញានឹងសាងសង់អាកាសយានដ្ឋានអន្តរជាតិកោះរ៉ុង នៅលើតំបន់អភិវឌ្ឍន៍កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ តម្លៃ៣០០លានដុល្លារនេះឲ្យសម្រេចតាមផែនការមេ ដែលបានចុះហត្ថលេខា កាលពីទី១៨ ខែមករា ឆ្នាំ២០២៣ ដែលមានរយៈពេលសាងសង់៥ឆ្នាំ។ គម្រោងអភិវឌ្ឍអាកាសយានដ្ឋាននេះ ទទួលការសាទរយ៉ាងខ្លាំងពីថ្នាក់ដឹកនាំខេត្តព្រះសីហនុ និងអ្នកជំនាញក្នុងវិស័យទេសចរណ៍ ដោយសារគម្រោងនេះនឹងរួមចំណែកសំខាន់ក្នុងការជួយអភិវឌ្ឍន៍សេដ្ឋកិច្ច ជំរុញការកាត់បន្ថយភាពក្រីក្រ ជាពិសេសក្នុងការបម្រើដល់សេវាកម្មទេសចណ៍តែម្តង។
យ៉ាងណាមិញឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា បានចាត់ទុកការចូលរួមក្នុងភាពជាដៃគូពីក្រុមហ៊ុន Royal Group វាបានបង្ហាញពីសញ្ញាវិជ្ជមានមួយក្នុងការជួយគាំទ្រ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងរយៈពេលវែង ជាពិសេសជួយបង្កើនសមត្ថភាពប្រកួតប្រជែង ក្នុងការដឹកជញ្ជូនអ្នកដំណើរ និងទំនិញក្នុងស្រុក-ក្រៅស្រុក តាមផ្លូវអាកាសរបស់កម្ពុជា ក្នុងបរិការណ៍នៃសមាហរណកម្មសេដ្ឋកិច្ច តំបន់ និងពិភពលោកផងដែរ។ សម្រាប់មន្រ្តីជាន់ខ្ពស់រូបនេះ អាកាសយានដ្ឋានលំដាប់ 4C នេះ គឺជាអាកាសយានដ្ឋានអន្តរជាតិថ្មីទី៤ ដែលបានវិនិយោគដោយមានការចូលរួមពីវិស័យឯកជន បន្ទាប់ពីអាកាសយានដ្ឋានអន្តរជាតិតារាសាគរ អាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ និងអាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ។
សូមរំលឹកថា កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០០៨ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ខូអិលធីឌី បានចុះហត្ថលេខាជួលកោះរ៉ុងជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលជាភាគីតំណាងឲ្យរាជរដ្ឋាភិបាលកម្ពុជា ដើម្បីអភិវឌ្ឍន៍ជាតំបន់អភិវឌ្ឍន៍ពាណិជ្ជកម្ម រមណីយដ្ឋានទេសចរធម្មជាតិ រួមទាំងហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋានផងដែរ។ គម្រោងសាងសង់អាកាសយានដ្ឋានអេកូទេសចរណ៍អន្តរជាតិកោះរ៉ុង ស្ថិតនៅក្នុងក្របខ័ណ្ឌនៃការវិនិយោគពហុបំណងរួមសម្រាប់ក្រុងកោះរ៉ុងទាំងមូល ដែលជាការវិនិយោគរបស់វិស័យឯកជន ហើយមានលក្ខណៈស្រដៀងគ្នានឹងការវិនិយោគរបស់ក្រុមហ៊ុនយ៉ូញៀន(UDG) នៅតំបន់តារាសាគរដែរ៕