យោងតាមក្រសួងសាធារណៈ និងដឹកជញ្ជូន គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ចាប់ផ្ដើមពីចំណុចចំការហ្លួង ស្រុកស្រែអំបិល ដល់ក្រុងខេមរៈភូមិន្ទ ខេត្តកោះកុង។ គម្រោងនេះ ត្រូវបានចុះហត្ថលេខា លើកិច្ចសន្យាគម្រោងសាងសង់ ក្រោមហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ ដោយមានការចូលរួមពីឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន និងតំណាងក្រុមហ៊ុនសាងសង់។
ផ្លូវជាតិលេខ៤៨នេះ គឺជាផ្នែកមួយនៃផ្លូវហាយវ៉េអាស៊ាន១២៣ ដែលភ្ជាប់ប្រទេសកម្ពុជា ទៅប្រទេសថៃ និងភ្ជាប់ពីភាគខាងកើតនៃឧបទ្វីបឥណ្ឌូចិន ទៅភាគខាងលិចនៃឧបទ្វីប ឥណ្ឌូចិន ត្រង់ក្រុងដាវ៉េ ប្រទេសភូមា។ ដោយឡែក តាមបណ្តោយផ្លូវជាតិលេខ៤៨ មានតំបន់សេដ្ឋកិច្ច ពិសេស(SEZ) ចំនួន៤កន្លែង។ ក្នុងនោះមាន តំបន់សេដ្ឋកិច្ចពិសេសកោះកុង, តំបន់ សេដ្ឋកិច្ចពិសេសស៊ួយ ឆេង, តំបន់សេដ្ឋកិច្ចពិសេសគិរីសាគរកោះកុង និងតំបន់សេដ្ឋកិច្ចពិសេសរតនា។ ក្រៅពីនោះ ក៏មានតំបន់ទេសចរណ៍គិរីសាគរផងដែរ។
បើតាមការលើកឡើងរបស់កឧត្តម ស៊ុន ចាន់ថុល នាឱកាសចុះហត្ថលេខា ជាមួយក្រុមហ៊ុនសាងសង់ គម្រោងលើកកម្រិតគុណផ្លូវជាតិលេខ៤៨នេះ នឹងផ្តល់អត្ថប្រយោជន៍សំខាន់ៗ ដូចជា អាចកាត់បន្ថយពេលវេលាសម្រាប់អ្នកដំណើរ កាត់បន្ថយថ្លៃធ្វើដំណើរ និងថ្លៃដឹកជញ្ជូន។ បង្កើនការធានាសុវត្ថិភាពចរាចរណ៍ ក្នុងការធ្វើដំណើរ កាត់បន្ថយចំណោតខ្លាំងរបស់ផ្លូវ។ ជំរុញសក្តានុពល តំបន់ទេសចរណ៍ និងបង្កើនការអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងតំបន់ ជាពិសេសជាមួយប្រទេសជិតខាងផងដែរ៕
អត្ថបទ៖ ខន ណារី