ការរត់ភៀសខ្លួនប្រជាជននៅអ៊ុយក្រែន

១២ថ្ងៃក្រោយសង្គ្រាមផ្ទុះឡើងនៅអ៊ុយក្រែន មនុស្ស១,៥លាននាក់ហើយបានរត់ភៀសខ្លួន


គិតមកដល់ថ្ងៃចន្ទដើមសប្តាហ៍នេះ សង្គ្រាមរុស្ស៊ីឈ្លានពានអ៊ុយក្រែន បានឈានចូលដល់ថ្ងៃទី១២ហើយ ទោះបីជាមានកិច្ចខិតខំប្រឹងប្រែងចរចាពីភាគីទាំងពីរអស់ចំនួន ពីរលើក និងកំពុងសម្លឹងឃើញពីការចរចាលើកទៅបីនាពេលខាងមុខក៏ដោយ។ ស្របពេលសង្គ្រាមអូសបន្លាយ មកទល់នឹងពេលនេះមានពលរដ្ឋអ៊ុយក្រែនជាង១លាន៥សែនហើយ បានរត់ភៀសខ្លួនស្វែងរកសិទ្ធិជ្រកកោនទៅប្រទេសជិតខាង។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
១២ថ្ងៃក្រោយសង្គ្រាមផ្ទុះឡើងនៅអ៊ុយក្រែន មនុស្ស១,៥លាននាក់ហើយបានរត់ភៀសខ្លួន

ជនភៀសខ្លួន​ដោយសារ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​នេះ គឺជា​លំហូរ​ជនភៀសខ្លួន​ដ៏​ច្រើន​បំផុត​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​មនុស្សជាតិ ពិសេស​នៅ​ក្នុង​សម័យ​ទំនើប​ដូចនេះ​។ 

ប្រធាន​ឧត្តមស្នងការ​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​ជនភៀសខ្លួន លោក ហ្វី​លី​ប​ប៉ូ ហ្គ្រេ​ន​ឌី (Filippo Grandi) បាន​និយាយ​ថា ចំនួន​ជនភៀសខ្លួន​អ៊ុយ​ក្រែ​ន​បាន​កើនឡើង​ដល់​១​លាន​៥​សែន​នាក់​ហើយ ក្រោយ​ពី​បាន​កើន​ដល់​កំរិត​ខ្ពស់​បំផុត​ជាង​១​លាន​នាក់​កាលពី​ថ្ងៃ​សុក្រ​ទី​៤​។

លោក​ហ្វី​លី​ប​ប៉ូ ហ្គ្រេ​ន​ឌី អះអាង​ថា នេះ​ជា​វិបត្តិ​ជនភៀសខ្លួន​ដែល​មានកា​រវិ​វត្ត​លឿន​បំផុត​ដែល​គេ​មិន​ធ្លាប់​បានឃើញ​នៅ​អឺរ៉ុប ចាប់តាំងពី​ការ​បញ្ចប់​សង្គ្រាមលោក​លើក​ទី​ពីរ​មក​។ 

ប្រធាន​ឧត្តមស្នងការ​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​ជនភៀសខ្លួន​អះអាង​ថា ឥលូវ​នេះ​ជនភៀសខ្លួន​ភាគច្រើន​បាន​និង​កំពុង​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​មិត្តភក្តិ ក្រុម​គ្រួសារ របស់​ពួក​គេ ដែល​កំពុង​រស់នៅ​ក្នុង​ទ្វីបអឺរ៉ុប​រួច​ហើយ ដែល​វា​បាន​សម្រួល​ដល់​ប្រទេស​ក្បែរ​ខាង​ដែល​ទទួលយក​ជនភៀសខ្លួន​អ៊ុយ​ក្រែ​ន​ខ្លះ​ដែរ​។ យ៉ាងណាមិញ លោក​បាន​ព្រមាន​ថា រលក​ជនភៀសខ្លួន​នា​ពេល​អនាគត​នឹង​កាន់តែ​ស្មុគស្មាញ ហើយ​បង្ក​ការ​លំបាក​ជាង​នេះ​។

ប្រទេស​ប៉ូ​ឡូញ ដែល​មាន​សហគមន៍​ជនជាតិ​អ៊ុយ​ក្រែ​ន​ប្រហែល​១​លាន​នាក់​កំពុង​រស់នៅ​ស្រាប់ គឺជា​ប្រទេស​ដែល​បាន​ទទួលយក​ជនភៀសខ្លួន​អ៊ុយ​ក្រែ​ន​ច្រើន​ជាងគេ ពោល​គឺ​ជិត ៨០​ម៉ឺន​នាក់​រួច​ហើយ ចាប់តាំងពី​ការ​ចាប់ផ្តើម​នៃ​ប្រតិបត្តិការ​ឈ្លានពាន​របស់​រុ​ស្ស៊ី​កាលពី​ថ្ងៃ​ទី​២៤ ខែកុម្ភៈ ហើយ​នៅ​ចុង​ក្រោយ​នេះ ចំនួន​ជន​ភៀស​បាន​កើន​បន្ថែម ១០​ម៉ឺន​នាក់​ទៀត នៅ​ក្នុង​រយៈពេល​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ ដែល​វា​ជា​តួលេខ​ប្រចាំ​ថ្ងៃ​ខ្ពស់​បំផុត​ចាប់តាំងពី​សង្គ្រាម​បាន​ផ្ទុះ​ឡើង​។

គួរ​ជម្រាប​ថា ភាគច្រើន​លើស​លុបនៃ​ពលរដ្ឋ​អ៊ុយ​ក្រែ​ន​ដែល​រត់គេច​ខ្លួន គឺ​បាន​ឆ្លង​ចូល​ទៅ​ក្នុង​សហភាព​អឺរ៉ុប នៅ​ភាគ​ខាងកើត​ប្រទេស​ប៉ូ​ឡូញ ស្លូ​វ៉ា​គី ហុង​គ្រី និង​ភាគ​ខាងជើង​ប្រទេស​រ៉ូ​ម៉ា​នី ដែល​សុទ្ធ​សឹង​ជា​ប្រទេស​ជាប់​ព្រំប្រទល់​នឹង​អ៊ុយ​ក្រែ​ន​។ 

រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក លោក អង់​តូ​នី ប្លី​ង​ខេន បាន​ទៅ​ដល់​ប្រទេស​ប៉ូ​ឡូញ ដើម្បី​ធ្វើ​ទស្សនកិច្ច​មួយ​ជុំ​នៅ​ក្នុង​តំបន់ ដែល​កំពុង​ប្រឈម​នឹង​វិបត្តិ​បង្ក​ឡើង​ដោយ​សង្គ្រាម​រុ​ស្ស៊ី​លើ​អ៊ុយ​ក្រែ​ន​។ នៅ​ចំពោះ​មុខ​សម​ភាគី​ប៉ូ​ឡូញ លោក អង់​តូ​នី ប្លី​ង​ខេន បាន​អបអរ​ទឹកចិត្ត​ប៉ូ​ឡូញ ដែល​ទទួល​ស្វាគមន៍​ជនភៀសខ្លួន​អ៊ុយ​ក្រែ​ន និង​បាន​ប្រកាស​ស្វែងរក​ជំនួយ​ហិរញ្ញវត្ថុ​បន្ថែម ២.៧៥០​លាន​ដុល្លារ សម្រាប់​ជួយ​ដោះស្រាយ​វិបត្តិ​មនុស្សធម៌​។

សូម​បញ្ជាក់​ថា អស់​ពេល​១២​ថ្ងៃ​មក​ហើយ​រុ​ស្ស៊ី​នៅ​តែ​បន្ត​វាយប្រហារ​លើ​អ៊ុយ​ក្រែ​ន​មិន​ដក​ដៃ​នោះ​ទេ​។ យ៉ាងណា​ក៏​ដោយ លទ្ធផល​នៃ​កិច្ចចរចា​ជុំ​ទី​ពីរ​រវាង​ប្រទេស​ទាំង​ពីរ​នៅ​ស​ប្តា​ហ៍​មុន បាន​ឈាន​ដល់​ការ​ព្រមព្រៀង​គ្នា​ផ្អាក​ការ​បាញ់ប្រហារ ដើម្បី​ជម្លៀស​ជន​ស៊ី​វិល​។ 

ទន្ទឹម​នឹង​នេះ ប្រតិភូ​ចរចា​របស់​អ៊ុយ​ក្រែ​ន លោក​ដេ​វី​ដ អា​រ៉ា​ខា​មៀ David Arakhamia បាន​និយាយ​នៅ​ក្នុង​សារ​មួយ​ដែល​បង្ហោះ​នៅ​លើ​គណនី Facebook ថា​រុ​ស្ស៊ី​និង​អ៊ុយ​ក្រែ​ន​នឹង​ធ្វើ​កិច្ចចរចា​ជុំ​ទី​បី​នៅ​ថ្ងៃ​ចន្ទ ទី​០៧​មីនា​នេះ​ហើយ តែ​មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​បន្ថែម​ថា ជា​ការ​ចរចា​អំពី​ការ​បញ្ចប់សង្គ្រាម ឬ​យ៉ាងណា​នោះ​ទេ​។ ដោយឡែក ភាគី​រុ​ស្ស៊ី​វិញ​មិនសូវ​ជា​និយាយ​ច្បាស់លាស់​ប៉ុន្មាន​ទេ ដោយ​គ្រាន់តែ​ប្រើ​ពាក្យ​ថា កិច្ចចរចា​ប្រហែល​ចាប់ផ្តើម​នៅ​ថ្ងៃ​ចន្ទ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើវិស័យអចលនទ្រព្យកម្ពុជាអាចរងប៉ះពាល់ពីសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែនដែរឬទេ?

ព័ត៌មាន
អ្នកជំនាញក្នុងវិស័យអចលនទ្រព្យនៅកម្ពុជាមើលឃើញថា វិបត្តិសង្គ្រាមរវាងប្រទេសទាំងពីរនេះមិនបានជះឥទ្ធិពលធ្ងន់ធ្ងរដល់វិស័យអចលនទ្រព្យ និងការវិនិយោគ…

ធនាគារពិភពលោក និង IMF ព្រមានថា សេដ្ឋកិច្ចសកលប៉ះពាល់ធ្ងន់ធ្ងរ ដោយសារសង្គ្រាមនៅអ៊ុយក្រែន

ព័ត៌មាន
បើទោះបីជា មិនទាន់មានការវាយតម្លៃជាក់លាក់ និងចេញរបាយការណ៍លម្អិតអំពី ផលប៉ះពាល់មកលើសេដ្ឋកិច្ចសកល ដោយសារតែវិបត្តិសង្គ្រាមនៅអ៊ុយក្រែនក្ដី ប…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ