
លោក វណ្ណ ឬទ្ធី នាយកប្រតិបត្តិនាំចេញកសិផលនៃក្រុមហ៊ុនអង្គរហ្រ្គីន បានប្រាប់សារព័ត៌មានខេមបូណូមីសថា តាមរយៈការប្រមូលទិញទិន្នផលស្វាយក្នុងកិច្ចសន្យាបានជួយពង្រីងការដាំដុះរបស់កសិករឱ្យស្របតាមស្ដង់ដា ដែលជួយឱ្យក្រុមហ៊ុនអាចទទួលបានស្វាយដែលមានគុណភាពល្អ ហើយកសិករ ក៏ទទួលបានស្ថិរភាពផ្នែកប្រាក់ចំណូលផងដែរ។ បើតាមអ្នកជំនាញរូបនេះ បច្ចុប្បន្នក្រុមហ៊ុនអង្គរហ្រ្គីន កំពុងពង្រីកផលិតកម្មកសិកម្មតាមកិច្ចសន្យារបស់ខ្លួននៅខេត្តមួយចំនួនបន្ថែមទៀត ដូចជា ខេត្តបាត់ដំបង ប៉ៃលិន កំពង់ចាម ក្រចេះ និងខេត្តកំពង់ស្ពឺ ជាដើម។ លោក វណ្ណ ឬទ្ធី បានបញ្ជាក់បន្ថែមថា កន្លងមកបញ្ហាប្រឈមផ្នែកគុណភាព និងទីផ្សារប្រែប្រួលមិនទៀង ជាហេតុធ្វើឱ្យការធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យាមិនអាចធ្វើទៅដោយរលូនបាន។
ជាមួយគ្នានេះ លោក ហឹង ឆៃឡេង សមាជិកសហគមន៍សាមគ្គីតំបែរខេត្តត្បូងឃ្មុំ បានឱ្យដឹងថា កាលពីពេលកន្លងទៅសហគមន៍របស់លោកធ្លាប់ដាំស្វាយតាមលក្ខខណ្ឌផលិតកម្មកិច្ចសន្យាជាមួយក្រុមហ៊ុនមួយ ប៉ុន្តែមិនទទួលបានជោគជ័យដោយសារការកំណត់តម្លៃពីក្រុមហ៊ុននោះ នៅក្រោមទីផ្សារ ធ្វើឱ្យលោក និងកសិករផ្សេងទៀតមិនអាចលក់ក្នុងកិច្ចសន្យា ទើបសម្រេចចិត្តមកដាំស្វាយលក់ជាលក្ខណៈទីផ្សារសេរីវិញ។ បើតាមការបញ្ជាក់របស់កសិកររូបនេះ កាលពីឆ្នាំ២០២១ កន្លងមក ការដាំស្វាយក្រោមកិច្ចសន្យាជាមួយក្រុមហ៊ុនអង្គរហ្គ្រីន ធ្លាប់ទទួលបានជោគជ័យម្ដង តែយ៉ាងណាលោកសំណូមពរដល់រាជរដ្ឋាភិបាលជួយធ្វើឱ្យទីផ្សារមានស្ថិរភាព ដើម្បីអាចឱ្យកសិករធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យាទទួលបានជោគជ័យ។
ដោយឡែក ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ យល់ឃើញថា មានតែការធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យាប៉ុណ្ណោះ ដែលអាចជួយឱ្យវិស័យកសិកម្មកាន់តែមានភាពរឹងមាំ និងអាចប្រកួតប្រជែងជាមួយបណ្តាប្រទេសក្នុងតំបន់បាន។ ទន្ទឹមនឹងនេះ ឯកឧត្តម លើកទឹកចិត្តឱ្យកសិករប្រមូលផ្តុំគ្នាចងក្រងជាសហគមន៍ក្រោមគម្រោងសហគមន៍កសិកម្មទំនើបរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីអាចទទួលបានការគាំទ្រផ្នែកទន់ ផ្នែកបច្ចេកទេស ក៏ដូចជាផ្នែកទីផ្សារជាដើម។
បើតាមលោក វណ្ណ ឬទ្ធី ដើម្បីអាចឱ្យការធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យាទទួលបានជោគជ័យ តម្រូវឱ្យក្រុមហ៊ុន និងកសិករកសាងទំនុកចិត្តរវាងគ្នានិងគ្នា ពោលគឺធ្វើការប្រកបដោយភាពស្មោះត្រង់។ ជាមួយគ្នានេះ លោកស្នើដល់ភាគីពាក់ព័ន្ធជួយដល់កសិករបន្ថែមទៀត តាមរយៈការបណ្ដុះបណ្ដាលបច្ចេកទេស ជំនួយគាំទ្រថវិកា ក៏ដូចជាសម្ភារពាក់ព័ន្ធនឹងការដាំដុះជាដើម។
បើតាមការអះអាងរបស់ឯកឧត្តម ឃឹម ហ្វីណង់ ប្រសិនបើការធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យា ឬ Contract Farming អាចអនុវត្តទៅបានដោយប្រសិទ្ធភាព នោះនឹងនាំឱ្យវិស័យកសិកម្មកម្ពុជា អាចរឹងមាំជាងមុន ព្រមទាំងមានសមត្ថភាពប្រកួតប្រជែងជាមួយកសិផលប្រទេសដទៃទាំងលើកត្តាថ្លៃ បរិមាណ និងគុណភាព៕
អត្ថបទដោយ៖ ជា ម៉ារ៉ា