ការទទួលភ្ញៀវទេសចរ​ចាក់វ៉ាក់សាំងរួច

តើកម្ពុជាមានសមត្ថភាពបើកទទួលភ្ញៀវទេសចរអន្តរជាតិ​បានចាក់វ៉ាក់រួច ដែរឬទេ?


វិស័យទេសចរណ៍កម្ពុជា គឺជាវិស័យដ៏ចម្បងមួយដែលរងទុក្ខទោសខ្លាំងជាងគេបំផុត បើធៀបនឹងវិស័យសំខាន់ៗជាច្រើនទៀត។ ប៉ុន្ដែនៅមួយរយៈពេលចុងក្រោយនេះ ខណៈដែលសេដ្ឋកិច្ចពិភពលោកកំពុងមានការរើបខ្លួនឡើងវិញជាបណ្តើរៗ គេសង្កេតឃើញថា មានប្រទេសជាច្រើននៅក្នុងតំបន់អឺរ៉ុប បាននឹងកំពុងចាប់ផ្ដើមអនុវត្តយុទ្ធសាស្ត្រផ្សេងៗ ក្នុងការស្ដារស្រោចស្រង់វិស័យទេសចរណ៍របស់ខ្លួនឲ្យត្រឡប់មករកសភាពដើមវិញផងដែរ។
ទេសចរអន្តរជាតិ (រូបភាព អាជ្ញាធរអប្សរា)
ដោយ

ថ្មីៗនេះដែរ ប្រទេសថៃក្បែរខាងកម្ពុជាយើង បាននិងកំពុងបើកទ្វារទទួលភ្ញៀវទេសចរដែលបានចាក់វ៉ាក់សាំងរួច ដែលនេះគឺជាគំរូមួយដែលប្រទេសនានា រួមទាំងកម្ពុជាផងដែរ គួរតែសម្លឹងមើលនិងឈានទៅរកការអនុវត្តក្នុងពេលឆាប់ខាងមុខនេះ។ មានសំណួរលើកឡើងពីមជ្ឈដ្ឋានជាតិ និង អន្តរជាតិ ថា តើកម្ពុជាយើង អាចមានសមត្ថភាពក្នុងការបើកទ្វារទទួលភ្ញៀវទេសចរអន្តរជាតិ ដែលបានចាក់វ៉ាក់សាំងរួចឲ្យចូលមកកម្សាន្ដដែរឬទេ? ហើយស្ថាប័នរដ្ឋ និងឯកជនកំពុងធ្វើកិច្ចការងារអ្វីខ្លះ ដើម្បីជំរុញកិច្ចការងារទាំងអស់នេះ?

អ្នកជំនាញក្នុងវិស័យទេសចរណ៍ជឿជាក់ថា កម្ពុជាពិតជាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការទទួលភ្ញៀវទេសចរបរទេសដែលបានចាក់វ៉ាក់សាំងកូវីដ-១៩រួច ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធិភាព ប្រសិនបើវិស័យរដ្ឋ និងឯកជនរួមគ្នារៀបចំផែនការឲ្យបានហ្មត់ចត់ ដើម្បីសម្រេចកិច្ចការនេះ ពិសេសទាក់ទងនឹងការគ្រប់គ្រងជំងឺកូវីដ-១៩ ខណៈដែលមន្ត្រីក្រសួងទេសចរណ៍វិញអះអាងដែរថា ខាងក្រសួងក៏កំពុងសិក្សាជាមួយមន្ត្រីជំនាញសុខាភិបាលលើបញ្ហានេះដែរ។  

លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាយល់ថា កម្ពុជាល្មមដល់ពេលដែលត្រូវបើកឲ្យភ្ញៀវទេសចរបរទេសចូលមកកម្សាន្តឡើងវិញហើយ បើពុំនោះទេវិស័យទេសចរណ៍កម្ពុជានឹងប្រឈមភាពយ៉ាប់យឺនកាន់តែខ្លាំង។ អ្នកជំនាញរូបនេះបារម្ភថា ធនធានមនុស្សក្នុងវិស័យទេសចរណ៍នឹងបាត់បង់ ហើយអ្នករកស៊ីក្នុងវិស័យនេះនឹងប្រឈមការដួលរលំកាន់តែច្រើន បើកម្ពុជានៅតែបន្តបិទមិនទ្វារសម្រាប់ភ្ញៀវទេសចរបរទេស។ 

អ្នកជំនាញទេសចរណ៍រូបនេះអះអាងថា អ្នករកស៊ីក្នុងវិស័យទេសចរណ៍នៅកម្ពុជាអាចមានសមត្ថភាពគ្រប់គ្រាន់ក្នុងការទទួលភ្ញៀវទេសចរបរទេសប្រកបដោយប្រសិទ្ធិភាព និងសុវត្ថិភាពខ្ពស់ក្នុងអំឡុងវិបត្តិកូវីដ-១៩ នេះ។ សម្រាប់លោកជំទាវ ឆាយ ស៊ីវលីន ប្រសិនបើកម្ពុជាបើកទ្វារឲ្យភ្ញៀវទេសចរបរទេសចូលមកកម្សាន្តនាពេលបច្ចុប្បន្នប្រៀបបាននឹងការទូងស្គរឲ្យពិភពលោកស្គាល់កម្ពុជាកាន់តែច្រើន និងច្បាស់ជាងមុន ហើយវាក៏ជាផែ្នកមួយក្នុងការជួយស្រោចស្រង់អ្នករកស៊ីក្នុងវិស័យនេះ ដែលកំពុងរងផលប៉ះពាល់ខ្លាំងផងដែរ។

ជាមួយគ្នានេះ លោកបណ្ឌិត ធួន ស៊ីណាន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជាជឿជាក់ថា កម្ពុជាមានលទ្ធភាពអាចទៅរួចក្នុងការបើកឲ្យភ្ញៀវទេសចរបរទេសចូលមកកម្សាន្តនៅអំឡុងពេលបច្ចុប្បន្ន ប្រសិនបើទាំងវិស័យឯកជន និងរដ្ឋមានការគ្រប់គ្រងបានល្អពាក់ព័ន្ធបញ្ហាកូវីដ-១៩។ ក្នុងន័យនេះ ភ្ញៀវទេសចរបរទេសដែលចូលមកកម្ពុជាត្រូវស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋ ឬវិស័យឯកជនទាំងការស្នាក់នៅ និងដើរហើរ ដោយមិនអនុញ្ញាតឲ្យពួកគេដើរស្រេចតែចិត្តនោះទេ។ 

ជុំវិញនឹងទទូចឲ្យមានការបើកទទួលភ្ញៀវទេសចរអន្តរជាតិដែលបានចាក់វ៉ាក់សាំងរួចពីសំណាក់ប្រតិបត្តិករទេសចរនេះដែរ ត្រូវបានឯកឧត្តម តុប សុភ័ក អ្នកនាំពាក្យក្រសួងទេសចរណ៍លើកឡើងថា ខាងក្រសួង គាំទ្រចំពោះការលើកឡើងទទូចស្នើសុំនេះ។ ទោះយ៉ាងណា ឯកឧត្តមបានគូសបញ្ជាក់ថា មុនសម្រេចធ្វើអ្វីមួយទាំងរាជរដ្ឋាភិបាល និងក្រសួងទេសចរណ៍ ត្រូវតែសិក្សាឲ្យបានហ្មត់ចត់បំផុតពាក់ព័ន្ធអត្ថប្រយោជន៍ និងវិបត្តិ ដែលអាចកើតឡើងពីការសម្រេចចិត្តរបស់ខ្លួន។ ឯកឧត្តម បន្ថែមថា បច្ចុប្បន្នក្រសួងទេសចរណ៍កំពុងសិក្សា និងពិភាក្សាជាមួយមន្ត្រីជំនាញសុខាភិបាលលើបញ្ហាបើកទ្វារទទួលភ្ញៀវទេសចរបរទេសនេះ ហើយក៏មិនទាន់មានការសម្រេចដាក់ចេញយ៉ាងណានៅឡើយទេ។

គិតមកទល់ពេលនេះកម្ពុជាមានអ្នកចាក់សាំងកូវីដ-១៩ដូសទី១ សរុបជាង៤លាន ៥សែននាក់ហើយ ស្មើនឹងជាង៤៥% នៃគោលដៅចាក់វ៉ាក់សាំងឲ្យបាន១០លាននាក់។ ក្នុងនោះ អ្នកដែលបានចាក់គ្រប់ចំនួន២ដូសមានជាង ៣លាននាក់៕

None



អត្ថបទបន្ទាប់


តើគម្រោងបង្កើតចំណងមេត្រីភាពរវាងខេត្តចំនួន៣របស់កម្ពុជា ជាមួយខេត្តហ៊ូប៉េរបស់ចិន នឹងផ្ដល់អត្ថប្រយោជន៍អ្វីខ្លះ?

ក្រសួងការបរទេសកម្ពុជាបានដាក់សំណើរទៅក្រសួងមហាផ្ទៃ ដើម្បីសុំបង្កើតចំណងមេត្រីភាពរវាងខេត្តសៀមរាប កំពត និងព្រះសីហនុជាមួយខេត្តហ៊ូប៉េរបស់ចិន …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ