ក្ដីរំពឹងកម្ពុជាទទួលបានទេសចរចិន១លាននាក់ក្នុងឆ្នាំនេះ

ក្ដីរំពឹងកម្ពុជាទទួលបានទេសចរចិន១លាននាក់ក្នុងឆ្នាំនេះ អាចសម្រេចតាមផែនការដែរ ឬទេ?


រាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញក្ដីរំពឹងថានៅឆ្នាំ២០២៣នេះ កម្ពុជានឹងអាចទទួលបានទេសចរអន្តរជាតិសរុប ប្រមាណ ៤លាននាក់យ៉ាងតិច។ ក្នុងនោះ កម្ពុជាក៏បានបង្ហាញក្ដីរំពឹងទៀតថា នៅក្នុងឆ្នាំនេះ កម្ពុជានឹងអាចទទួលបានទេសចរចិនប្រមាណ ១លាននាក់ បន្ទាប់ពីរាជរដ្ឋាភិបាលចិន បានសម្រេចដកចេញនូវគោលនយោបាយគ្មានកូវីដ១៩ និងអនុញ្ញាតឲ្យប្រជាជនរបស់ខ្លួនអាចធ្វើដំណើរចេញក្រៅប្រទេសឡើងវិញ កាលពីថ្ងៃទី៨ មករា ឆ្នាំ២០២៣។ តើក្ដីរំពឹងរបស់កម្ពុជា ស្រូបទាញភ្ញៀវទេសចរចិន១លាននាក់ ក្នុងឆ្នាំនេះអា ចសម្រេចទៅតាមផែនការដែលបានគ្រោងទុក ដែរឬយ៉ាងណា?
ក្ដីរំពឹងកម្ពុជាទទួលបានទេសចរចិន១លាននាក់ក្នុងឆ្នាំនេះ

ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានយល់ឃើញថា នៅពេលចិនលុបចោលវិធានការសូន្យកូវីដ-១៩ មិនបានមានន័យថា លំហូរចូលនៃអ្នកដំណើរនិងទេសចរជនជាតិចិន មកកាន់ប្រទេសកម្ពុជា មានសន្ទុះខ្លាំងភ្លាមៗដូចទឹកបាក់ទំនប់នោះទេ។ ម្យ៉ាងវិញទៀត លោកយល់ថា ទម្រាំប្រជាជនចិន មានការធ្វើដំណើរចេញក្រៅប្រទេសដូចកាលមិនទាន់កើតមានជំងឺកូវីដ១៩ ឡើងវិញ យ៉ាងហោចណាស់ ក៏ត្រូវរង់ចាំរហូតដល់ ខែមីនា ទើបចរន្តនៃទេសចរចិន លើពិភពលោកមានសកម្មភាពឡើងវិញ។ ទោះយ៉ាងណា មន្រ្តីជាន់ខ្ពស់អាកាសចរណ៍រូបនេះ បានបង្ហាញក្ដីរំពឹងថា នៅក្នុងឆ្នាំ២០២៣នេះ កម្ពុជាអាចនឹងទទួលបានអ្នកដំណើរ និងភ្ញៀវទេសចរចិន ប្រមាណពី ៣០% ទៅ៤០% នៃចំនួនទេសចរចិនសរុបដែលបានចូលមកកម្ពុជា កាលពីឆ្នាំ២០១៩ ជាឆ្នាំដែលពិភពលោកមិនទាន់កើតមានជំងឺកូវីដ១៩។

ដោយឡែក លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក បានអះអាងថា លោកហាក់មិនសូវមានក្ដីសង្ឃឹមខ្ពស់ពេកនោះទេ ចំពោះក្ដីរំពឹងថាកម្ពុជា នឹងអាចទទួលបានទេសចរអន្តរជាតិ ចំនួន៤លាននាក់ នៅឆ្នាំ២០២៣នេះ។ ម្យ៉ាងវិញទៀត ដ្បិតថា ប្រទេសចិន ចាប់ផ្ដើមអនុញ្ញាតឲ្យប្រជាជនចិន ចេញក្រៅប្រទេសឡើងវិញ តែលោក ធួន ស៊ីណាន នៅតែយល់ថា វិស័យទេសចរណ៍នៅកម្ពុជា មិនអាចងើបបានឡើងវិញ​យ៉ាប់រហ័សនោះទេ។ លោកបានសង្កត់ធ្ងន់ទៀតថា ស្របពេលដែលអ្នកដំណើរជនជាតិចិន ចាប់ផ្ដើមធ្វើដំណើរឡើងវិញនេះ តែចិនក៏នៅអនុវត្តវិធានការមួយចំនួននៅឡើយ ដូច្នេះ នៅឆ្នាំ២០២៣នេះ លោករំពឹងថា កម្ពុជានឹងអាចទទួលបាន​ទេសចរចិន ប្រមាណ ៣០ម៉ឺននាក់ ទៅ៥០ម៉ឺននាក់ ប៉ុណ្ណោះ។ អ្នកជំនាញរូបនេះ ក៏បានគូសបញ្ជាក់ទៀតថា កម្ពុជា មិនគួរពឹងផ្អែកទាំងស្រុងទៅលើអ្នកដំណើរជនជាតិចិន នោះទេ តែក៏ត្រូវសម្លឹងមើលពីប្រទេសក្បែរខាងដែរ ដើម្បីស្ដារវិស័យទេសចរណ៍កម្ពុជាឲ្យងើបឡើងវិញ។ លោកបានកត់សម្គាល់ឃើញថា ក្រោយចិនបើកឡើងវិញ សម្ទុះនៃចរន្តអ្នកដំណើរនិងទេសចរជនជាតិចិន ចូលមកកម្ពុជា ហាក់មានចំនួនតិចតួចនៅឡើយ។

សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញក្ដីរំពឹងថា នៅឆ្នាំ២០២៣នេះ កម្ពុជា នឹងអាចទទួលបានទេសចរអន្តរជាតិ សរុបប្រមាណ ៣លានទៅ៤លាននាក់ ព្រោះតែឆ្នាំនេះ ជាឆ្នាំដែលពិភពលោកបានបើកសង្គម-សេដ្ឋកិច្ច ឡើងវិញក្រោយស្ថានភាពកូវីដ១៩ បានធូរស្បើយ។ លើសពីនេះ ឆ្នាំ២០២៣ ក៏ជាឆ្នាំដែលកម្ពុជា មានការរៀបចំនូវព្រឹត្តិការណ៍ជាតិ និងអន្តរជាតិ តួយ៉ាង ដូចជា ព្រឹត្តិការអង្គរសង្គ្រាន្ត និងការធ្វើជាម្ចាស់ផ្ទះប្រកួតកីឡាស៊ីហ្គេម ជាដើម​។ រាជរដ្ឋាភិបាលកម្ពុជា ជឿជាក់ថា ការរៀបចំនូវព្រឹត្តិការណ៍ធំៗ ទាំងនេះ សុទ្ធសឹងតែជាឱកាសសម្រាប់កម្ពុជា ក្នុងការទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ជាពិសេសកាន់តែជំរុញឲ្យទេសចរជាតិ ធ្វើដំណើរកម្សាន្ត នៅតាមបណ្ដាខេត្តសក្ដានុពលទេសចរណ៍របស់កម្ពុជា។ ខណៈកាលថ្មីៗនេះ កម្ពុជា ក៏បានទទួលអ្នកដំណើរ និងភ្ញៀវទេសចរជនជាតិប្រមាណជាង ១០០នាក់ ជាលើកដំបូង ក្រោយខកខានអស់រយៈពេលជាង ២ឆ្នាំ ដោយសារតែវិបត្តិជំងឺកូវីដ១៩។

បើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍នៅឆ្នាំ២០២២កន្លងទៅថ្មីៗកម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង២លាន២សែននាក់កើនឡើងជាង ១ពាន់ភាគរយ បើធៀបនឹងឆ្នាំ២០២១ ក្នុងនោះភ្ញៀវទេសចរជានជាតិចិនមានជាង១០ម៉ឺននាក់ ឈរលេខរៀងទី៣ បន្ទាប់ពីថៃដែលមាន៨៥ម៉ឺននាក់ និងវៀតណាមជាង៤៦ម៉ឺននាក់។ កាលមិនទាន់មានការឆ្លងជំងឺកូវីដ-១៩ ពោលគឺនៅឆ្នាំ២០១៨ និង២០១៩ ចិនបានឈរកំពូលតារាង មានភ្ញៀវទេសចរអន្តរជាតិ មកកម្សាន្ត នៅកម្ពុជា ច្រើនជាងគេ ក្នុងនោះឆ្នាំ២០១៨មានជិត២លាននាក់ និងឆ្នាំ២០១៩ មានជាង២លាននាក់៕




អត្ថបទបន្ទាប់


ទិន្នផលដែកថែបពិភពលោកក្នុងឆ្នាំ២០២២ធ្លាក់ចុះជាលើកដំបូងក្នុងរយៈពេល៧ឆ្នាំមកនេះ

ព័ត៌មាន
ទិន្នផលដែកថែបរបស់ពិភពលោកក្នុងឆ្នាំ២០២២ បានធ្លាក់ចុះជាលើកដំបូងក្នុងរយៈពេល៧ឆ្នាំចុងក្រោយនេះ។ ការធ្លាក់ចុះនេះ គឺបណ្តាលមកពីតម្រូវការធ្លាក់ច…

ការនាំចូលរថយន្តជជុះអាចនឹងកាត់បន្ថយ ឬលុបបំបាត់នៅពេលណា?

ព័ត៌មាន
យើងសង្កេតឃើញថា នៅមួយរយៈចុងក្រោយកំណើននាំចូលរថយន្តថ្មីៗមកកាន់ទីផ្សារកម្ពុជាមានការកើនឡើងគួរឲ្យកត់សម្គាល់។ ជាក់ស្តែងក្នុងចំណោមរថយន្តនាំចូល …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ