វិបត្តិថាមពល

តើវិបត្តិថាមពលនាពេលនេះអាចបង្កវិនាសកម្មដល់សេដ្ឋកិច្ចពិភពលោកខ្លាំងជាងវិបត្តិកូវីដ-១៩ ឬយ៉ាងណា?


ពិភពលោកកំពុងស្ថិតក្នុងកង្វល់ជាថ្មី ខណៈវិបត្តិថាមពលដែលបង្កឡើងដោយសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ានាពេលនេះ ត្រូវបានគេព្យាករថា អាចនឹងជះឥទ្ធិពលអាក្រក់ដល់សេដ្ឋកិច្ចសកលលើសពីសម័យកាលរីករាលដាល នៃមេរោគកូវីដ-១៩ ទៅទៀត។ ទោះបីជាវិបត្តិនេះទើបតែអូសបន្លាយពេល១ខែក៏ពិតមែន ប៉ុន្តែការហក់ឡើង នៃតម្លៃប្រេង និងការខ្វះខាតការផ្គត់ផ្គង់បានធ្វើឱ្យអតិផរណាកើនឡើងខ្ពស់កប់ពពក បង្កជាអស្ថិរភាពសេដ្ឋកិច្ច ដែលពិបាកនឹងប៉ាន់ស្មានដល់។
វិបត្តិថាមពល
ដោយ

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA ទោះបីជាមានសញ្ញានៃការចរចារវាងសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់ក៏ដោយ ប៉ុន្តែច្រកសមុទ្រហ័រមូសដែលជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់នៅតែត្រូវបានបិទខ្ទប់យ៉ាងតឹងតែង។ បញ្ហានេះបានបណ្តាលឱ្យទីផ្សារប្រេងពិភពលោកខ្វះខាតការផ្គត់ផ្គង់រហូតដល់​១១លានបារ៉ែលក្នុងមួយថ្ងៃ ឬស្មើនឹង១០% នៃតម្រូវការសរុបរបស់ពិភពលោក។ ស្ថិតក្នុងស្ថានភាពនេះបានធ្វើឱ្យមានការចោទជាសំណួរថា តើវិបត្តិថាមពលនាពេលនេះអាចបង្កវិនាសកម្មដល់សេដ្ឋកិច្ចពិភពលោកធំជាងវិបត្តិកូវីដ-១៩ ឬយ៉ាងណា?

សម័យកូវីដ-១៩ ទោះបីជាសកម្មភាពសេដ្ឋកិច្ច និងការធ្វើដំណើរត្រូវបានបិទខ្ទប់ស្ទើរទាំង​ស្រុង​ក៏ដោយ ប៉ុន្តែកាលនោះតម្រូវការប្រេងសកលធ្លាក់ចុះត្រឹមតែ៨លានបារ៉ែលក្នុងមួយថ្ងៃប៉ុណ្ណោះ។ បច្ចុប្បន្នកង្វះខាតការផ្គត់ផ្គង់មានរហូតដល់១១លានបារ៉ែល ដែលមានន័យថា វិបត្តិសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ានាពេលនេះមានទំហំធំជាង និងសាហាវជាងសម័យកូវីដ-១៩ ទៅទៀត។

បច្ចុប្បន្នប្រទេសមហាអំណាចកំពុងព្យាយាមទប់ទល់ដោយប្រើប្រាស់ប្រេងបម្រុងយុទ្ធសាស្ត្រ ប៉ុន្តែស្តុកប្រេងទាំងនេះអាចទ្រទ្រង់បានត្រឹមតែប្រមាណ៩០ថ្ងៃតែប៉ុណ្ណោះ ដូច្នេះប្រសិនបើវិបត្តិនេះនៅតែអូសបន្លាយ នោះផលប៉ះពាល់នឹងធ្លាក់ទៅលើប្រទេសក្រីក្រ និងប្រទេសកំពុងអភិវឌ្ឍន៍នៅតំបន់អាស៊ី អាហ្វ្រិក និងអាម៉េរិកខាងត្បូង ដែលមានទុនបម្រុងប្រេងនៅមានកម្រិត​។

មិនត្រឹមតែប៉ះពាល់ដល់ការធ្វើដំណើរប៉ុណ្ណោះទេ ថាមពល ក៏ជាធាតុចូលដ៏សំខាន់សម្រាប់ឧស្សាហកម្មផលិតផ្លាស្ទិក ជីកសិកម្ម សារធាតុគីមី និងសម្ភារៈសំយោគជាច្រើនទៀត។ ដូច្នេះនៅពេលដែលប្រេងឡើងថ្លៃ វានឹងរុញច្រានតម្លៃទំនិញសព្វសារពើ និងអាហារឱ្យហក់ឡើងភ្លាម​ៗ ដែលប៉ះពាល់ដល់ជីវភាពរស់នៅផ្ទាល់របស់មនុស្សជាតិ។

ជារួមបើគ្មានដំណោះស្រាយច្បាស់លាស់ចំពោះសង្គ្រាមនៅមជ្ឈិមបូព៌ានោះទេ សេណារីយ៉ូសេដ្ឋកិច្ចពិភពលោក នឹងឈានទៅរកចំណុចខ្មៅងងឹតបំផុត ដែលអាចនឹងអាក្រក់ជាងវិបត្តិ ដែលបង្កឡើងដោយមេរោគកូវីដ-១៩ទៅទៀត៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


Ford Ranger និង Ford Everest រចនារូបរាងថ្មី កាន់តែកាច បំពាក់ដោយម៉ាស៊ីនថ្មី និងបច្ចេកវិទ្យាកាន់តែទំនើបជាងមុន!

ក្រុមហ៊ុន Ford ប្រចាំប្រទេសអូស្ត្រាលី បានធ្វើការបង្ហាញជាផ្លូវការអំពីការកែលម្អ និងអាប់ដេតថ្មីជាច្រើនទៅលើរថយន្ត Ford Ranger និង Ford Evere…

តើសង្រ្គាមមជ្ឈិមបូព៌ាកំពុងគំរាមកំហែងដល់សរសៃឈាមអ៊ីនធឺណិត ក្រោមបាតសមុទ្រពិភពលោកឬយ៉ាងណា?

ស្របពេលដែលភ្លើងសង្រ្គាមនៅមជ្ឈិមបូព៌ាកំពុងឆាបឆេះយ៉ាងសន្ធោសន្ធៅ ក្តីបារម្ភថ្មីមួយបានកើតឡើងចំពោះសុវត្ថិភាព នៃបណ្តាញខ្សែកាបអ៊ីនធឺណិតក្រោមបាតសម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ