ប៉ាគីស្ថានបន្ថយថ្ងៃធ្វើការ អំឡុងពេលប្រឈមមុខនឹងវិបត្តិថាមពលធ្ងន់ធ្ងរ

ប៉ាគីស្ថានបន្ថយម៉ោងធ្វើការពី៦ថ្ងៃមក៥ថ្ងៃក្នុង១សប្ដាហ៍ ចំពេលប្រទេសប្រឈមមុខនឹងវិបត្តិថាមពលធ្ងន់ធ្ងរ


រដ្ឋមន្ត្រីក្រសួងព័ត៌មានរបស់ប្រទេសប៉ាគីស្ថានមានបាននិយាយថា ប្រទេសខ្លួននឹងកាត់បន្ថយថ្ងៃធ្វើការពីប្រាំមួយថ្ងៃ មកត្រឹមប្រាំថ្ងៃក្នុងមួយសប្តាហ៍វិញ ក្នុងគោលបំណងកាត់បន្ថយការប្រើប្រាស់ថាមពលអគ្គិសនី និងប្រេងឥន្ធនៈ ដែលជាផ្នែកមួយនៃផែនការអភិរក្សថាមពល ដែលត្រូវបានអនុម័តដោយគណៈរដ្ឋមន្ត្រីកាលពីថ្ងៃអង្គារកន្លងទៅ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន CNA។
ប៉ាគីស្ថានបន្ថយម៉ោងធ្វើការពី៦ថ្ងៃមក៥ថ្ងៃក្នុង១សប្ដាហ៍ ចំពេលប្រទេសប្រឈមមុខនឹងវិបត្តិថាមពលធ្ងន់ធ្ងរ

ការផ្លាស់ប្តូរនេះកើតឡើងនៅពេលដែលមានការដាច់ចរន្តអគ្គិសនីអស់រយៈពេលជាច្រើនម៉ោង នៅក្នុងប្រទេសអាស៊ីខាងត្បូងមួយនេះ ជាមួយនឹងតម្រូវការលើសពីការផលិតក្នុងអំឡុងពេលរដូវក្តៅខ្លាំងនេះផងដែរ។ ហើយការកើនឡើងតម្លៃប្រេងឥន្ធនៈសកលក៏បានបង្កើនសម្ពាធមួយបន្ថែមទៀត បូករួមនិងរូបិយប័ណ្ណក្នុងស្រុកបានធ្លាក់ចុះដល់កម្រិតទាបបំផុតធៀបនឹងប្រាក់ដុល្លារអាមេរិក។

រដ្ឋមន្ត្រីក្រសួងព័ត៌មានប៉ាគីស្ថាន លោកស្រី ម៉ារីយុម អ៊ូរ៉ាងសេប (Marriyum Aurangzeb) បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា "ប្រទេសប៉ាគីស្ថានកំពុងប្រឈមមុខនឹងវិបត្តិធ្ងន់ធ្ងរ ហើយ ត្រូវការវិធានការណ៍អភិរក្សថាមពលមួយដ៏មានប្រសិទ្ធិភាព។

គួររំលឹកឡើងវិញថា បន្ទាប់ពីចូលកាន់តំណែងកាលពីខែមេសា នាយករដ្ឋមន្ត្រីថ្មី លោក ហ្សើបា សារីហ្វ (Shehbaz Sharif) បានបង្កើនថ្ងៃធ្វើការដល់ប្រាំមួយថ្ងៃក្នុងមួយសប្តាហ៍ ដែលថ្ងៃអាទិត្យជាថ្ងៃឈប់សំរាក ហើយគាត់គូសបញ្ជាក់ថា ការធ្វើបែបនេះ គឺចង់បង្កើនផលិតភាពការងារឲ្យបានខ្ពស់។ ទោះជាយ៉ាងណាក៏ដោយ គោលនយោបាយនេះបានបណ្តាលឱ្យមានការប្រើប្រាស់ថាមពលអគ្គិសនី និងប្រេងឥន្ធនៈកាន់តែច្រើនបន្ថែមទៀត ពីសំណាក់អ្នកធ្វើការក្នុងជួររដ្ឋាភិបាល និងវិស័យឯកជន។

មួយវិញទៀត ប្រទេសប៉ាគីស្ថានបានឆ្លងកាត់ការដាច់ចរន្តអគ្គិសនីរយៈពេលជាច្រើនម៉ោងកាលពីខែមុន ដែលទីក្រុងធំៗបានដាច់ភ្លើងពី ៤ ទៅ ៦ ម៉ោងក្នុងមួយថ្ងៃ ហើយនៅតំបន់ជនបទបានដាច់ជាងប្រាំបីម៉ោង ចំពេលដែលសីតុណ្ហភាពនៅទូទាំងប្រទេសកើនឡើងដល់ ៥០ អង្សារសេនៅតំបន់ខ្លះនៃប្រទេស។

ការណ៍នេះបាននាំឲ្យគណៈរដ្ឋមន្ត្រីនៃរដ្ឋាភិបាលថ្មីបង្កើតគណៈកម្មាធិការមួយ ដើម្បីរៀបចំផែនការសម្រាប់ធ្វើការពីផ្ទះរៀងរាល់ថ្ងៃសុក្រ នៃការិយាល័យរដ្ឋាភិបាលទាំងអស់ និងការបិទទីផ្សារពាណិជ្ជកម្មឱ្យបានឆាប់រហ័សផងដែរ។

ទោះបីជាបែបនេះក្តី រដ្ឋាភិបាលលោក សារីហ្វ បានស្តីបន្ទោសខ្លាំងៗទៅលើការគ្រប់គ្រងមិនត្រឹមត្រូវនៃវិស័យថាមពល ដោយរដ្ឋបាលមុនរបស់នាយករដ្ឋមន្ត្រីដែលត្រូវបានបណ្តេញចេញពីតំណែង គឺលោក អីមរ៉ាន ខាន (Imran Khan) ។ តែលោក ខាន ដែលជាអាតីតនាយករដ្ឋមន្ត្រីនៃប្រទេសប៉ាគីស្ថាននោះ បានច្រានចោលការរិះគន់នេះទាំងស្រុង៕

អត្ថបទ៖ ហ៊ុន គន្ធថៃ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារពិភពលោកព្យាករទម្លាក់កំណើនសេដ្ឋកិច្ចសកលមកត្រឹម២,៩% និងព្រមានពីអតិផរណាខ្ពស់ខ្លាំង

ព័ត៌មាន
ធនាគារពិភពលោកកាលពីថ្ងៃទី៧មិថុនានេះ បានកាត់បន្ថយការព្យាករណ៍កំណើនសេដ្ឋកិច្ចសកលរបស់ខ្លួន ដល់ទៅជិតមួយភាគបីនៃតួលេខដែលបានព្យាករពីមុន ពោលគ…

ក្រុមហ៊ុនផលិតបន្ទះឈីបតៃវ៉ាន់ មិនទាន់មានផែនការច្បាស់លាស់សម្រាប់ការសាងសង់រោងចក្រនៅអឺរ៉ុបនោះទេ

ព័ត៌មាន
ប្រធានក្រុមហ៊ុនផលិតបន្ទះឈីបតៃវ៉ាន់ លោក ម៉ាក លាវ (Mark Liu) បាននិយាយកាលពីថ្ងៃពុធថា នាពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនផលិតបន្ទះឈីបតៃវ៉ាន់ TS…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ