ឧកញ៉ា ស៊ិន ចន្ធី អគ្គនាយកក្រុមហ៊ុនឡាញហល អិចប្រេស កត់សម្គាល់ឃើញថា មកដល់ពេលនេះការធ្វើពាណិជ្ជកម្ម និងវិស័យដឹកជញ្ជូនរបស់កម្ពុជា ពុំទាន់មានផលប៉ះពាល់ដែលកើតចេញពីជម្លោះរវាងទីក្រុងតូក្យូ និងទីក្រុងប៉េកាំង នៅឡើយទេ។ ប៉ុន្តែវិស័យនេះអាចនឹងរងផលប៉ះពាល់ប្រសិនបើជម្លោះនេះនៅតែបន្តឡើងកម្ដៅហើយអូសបន្លាយពេលយូរ។ ការណ៍នេះ ត្រូវបានអ្នកជំនាញរូបនេះលើកឡើងថា ជម្លោះការទូតរវាងជប៉ុន និងចិន អាចបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ចប្រទេសទាំងពីរ នឹងអាចរាលដាលដល់ការធ្វើពាណិជ្ជកម្មជាមួយប្រទេសក្នុងតំបន់ ប្រសិនបើបន្តអូសបន្លាយពេលយូរ។
ដោយឡែកលោកបណ្ឌិត ជ័យ តិច អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច យល់ឃើញថា កម្ពុជា និងប្រទេសក្នុងតំបន់អាស៊ាន គឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់ជាមួយប្រទេសជប៉ុន និងចិន ខណៈជម្លោះការទូតរវាងទីក្រុងតូក្យូ និងទីក្រុងប៉េកាំងអាចនឹងបង្កផលប៉ះពាល់មួយចំនួនដល់កម្ពុជា ក្នុងការរក្សានូវតុល្យភាពជាមួយប្រទេសទាំងពីរ។ តែយ៉ាងណាការប្រកួតប្រជែងគ្នារវាងមហាអំណាចសេដ្ឋកិច្ចទាំងពីរ ត្រូវបានអ្នកជំនាញរូបនេះ លើកឡើងថា ក៏អាចធ្វើឱ្យកម្ពុជា ទាញយកឥទ្ធិពលពីប្រទេសទាំងពីរ ដើម្បីទទួលបានកំណើនក្នុងការវិនិយោគបន្ថែមផងដែរ។ នៅក្នុងស្ថានភាពនេះ លោកបណ្ឌិត ជ័យ តិច លើកឡើងថា កម្ពុជា ត្រូវរក្សាឱ្យបាននូវតុល្យភាព និងមានការប្រុងប្រយ័ត្នក្នុងការទំនាក់ទំនង ដើម្បីឱ្យមានតុល្យភាពជាមួយប្រទេសទាំងពីរដែលជាដៃគូវិនិយោគដ៏ធំជាមួយកម្ពុជា។
សូមបញ្ជាក់ថា នៅក្នុងរយៈពេល១០ខែឆ្នាំ២០២៥ ការដោះដូរពាណិជ្ជកម្មរបស់កម្ពុជា ជាមួយប្រទេសជប៉ុន និងចិន មានទំហំប្រមាណជាង១៥ពាន់លានដុល្លារ ក្នុងនោះទំហំពាណិជ្ជកម្មជាមួយជប៉ុន សម្រេចបាន៧៨៧លានដុល្លារកើនឡើងជាង២៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ទន្ទឹមគ្នានេះ ទំហំពាណិជ្ជកម្មរបស់កម្ពុជា ជាមួយចិន សម្រេចបានជាង១៤ពាន់លានដុល្លារ កើនឡើងជាង៣៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕
អត្ថបទ៖ បូ ដូឡា