ហាងឆេងមាស

តើហាងឆេងមាស អាចហក់ឡើងដល់ជាង៦ពាន់ដុល្លារក្នុង១តម្លឹង នៅត្រឹមដំណាច់ឆ្នាំនេះ ឬយ៉ាងណា?


ហាងឆេងមាស នៅលើទីផ្សារអន្តរជាតិ បានហក់ឡើងឥតឈប់ឈរ ដោយបានបំបែកកំណត់ត្រារបស់ខ្លួនជាបន្តបន្ទាប់គួរឱ្យភ្ញាក់ផ្អើលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ នៅពេលបណ្ដាវិនិយោគិន និងធនាគារកណ្ដាលរបស់ប្រទេសនានា នៅជុំវិញពិភពលោកសម្រុកទិញចូលមាសយ៉ាងគំហុក ដើម្បីការពារហានិភ័យផ្សេងៗ ស្របពេលដែលសេដ្ឋកិច្ចក៏ដូចភូមិសាស្ត្រនយោបាយពិភពលោកកំពុងស្ថិតក្នុងភាពជ្រួលច្របល់។ តើហាងឆេងមាស នៅលើទីផ្សារអន្តរជាតិ អាចហក់ឡើងដល់៥ពាន់ដុល្លារអាម៉េរិក ក្នុងមួយអោន ឬប្រមាណ៦,១០០ដុល្លារអាម៉េរិក ក្នុងមួយតម្លឹងនៅត្រឹមដំណាច់ឆ្នាំនេះ ឬយ៉ាងណា?
ហាងឆេងមាស
ដោយ

ជាការពិតណាស់ ពិភពលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលហាងឆេងមាស នៅលើទីផ្សារអន្តរជាតិ បានបន្តហក់ឡើងស្រឺតៗ ដោយបំបែកកំណត់ត្រារបស់ខ្លួនជាបន្តបន្ទាប់មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ ដោយសារតម្រូវការមាសកើនឡើងខ្លាំង ស្របពេលដែលសេដ្ឋកិច្ច ក៏ដូចភូមិសាស្ត្រនយោបាយពិភពលោកកំពុងស្ថិតក្នុងភាពជ្រួលច្របល់។

បើយោងតាមការចុះផ្សាយរបស់សារព័ត៌មានធំៗ គិតត្រឹមថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ហាងឆេងមាសនៅលើទីផ្សារអន្តរជាតិ បានហក់ឡើងឈានដល់កម្រិតកំណត់ត្រា២,៧៨៧ដុល្លារអាម៉េរិក ក្នុងមួយអោន ឬ៣,៤០០ដុល្លារអាម៉េរិក ក្នុងមួយតម្លឹង មុនពេលធ្លាក់ចុះវិញមកនៅត្រឹម២,៦៩៣ដុល្លារអាម៉េរិក ក្នុងមួយអោន ឬ៣,២៨៥ដុល្លារអាម៉េរិក ក្នុងមួយតម្លឹង គិតត្រឹមខែមករា ដើមឆ្នាំ២០២៥។

បើយោងតាមទិន្នន័យផ្លូវការរបស់គេហទំព័រតាមដានហាងឆេងមាស ពេលនេះហាងឆេងមាស បានហក់ឡើងដល់៣,០៣៦ដុល្លារអាម៉រិក ក្នុងមួយអោន ឬ៣.៧០០ដុល្លារអាម៉េរិក ក្នុងមួយតម្លឹង គិតត្រឹមថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥។ សំណួរសួរថា តើហាងឆេងមាស នៅលើទីផ្សារអន្តរជាតិ អាចនឹងបន្តហក់ឡើងរហូតដល់៥ពាន់ដុល្លារអាម៉េរិក ក្នុងមួយអោន ឬ៦,១០០ដុល្លារអាម៉េរិក ក្នុង១តម្លឹង នៅត្រឹមដំណាច់ឆ្នាំ២០២៥ នេះឬយ៉ាងណា?

ឆ្លើយតបនឹងសំណួរនេះ លោកបណ្ឌិត ម៉ូត អាហ្វហ្សានីហ្សាម អាប់ឌុល រ៉ាស៊ីត (Mohd Afzanizam Abdul Rashid) ប្រធានក្រុមសេដ្ឋវិទូនៅធនាគារមួយរបស់ម៉ាឡេស៊ី បានលើកឡើងថា កត្តាដែលអាចធ្វើឱ្យហាងឆេងមាសនៅលើទីផ្សារអន្តរជាតិ ហក់ឡើងខ្លាំងដល់កម្រិតនេះ គឺការព្រួយពីភាពមិនប្រាកដប្រជាផ្នែកសេដ្ឋកិច្ច ដែលជំរុញឱ្យមានការសម្រុកទិញចូលមាស ដើម្បីការពារហានិភ័យផ្សេងៗ ការកើនឡើងអតិផរណា ការធ្លាក់ថ្លៃរូបិយប័ណ្ណ និងអស្ថិរភាពនយោបាយជាដើម។

សេដ្ឋវិទូរូបនេះ បានលើកឡើងទៀតថា ធនាគារកណ្តាលនានា ទូទាំងពិភពលោក បានសម្រុកទិញចូលមាសយ៉ាងគំហុក ដោយតម្រូវការមាសពីបណ្ដាធនាគារកណ្ដាល បានកើនឡើងពី១,៨% ក្នុងឆ្នាំ២០១០ ឈានរហូតដល់២១% ក្នុងឆ្នាំ២០២៤ ដែលធ្វើឱ្យតម្លៃមាសហក់ឡើងកាន់តែខ្ពស់ទៅៗ។

អ្នកជំនាញខ្លះនៅក្នុងទីផ្សារបានព្យាករថា ហាងឆេងមាសនៅលើទីផ្សារអន្តរជាតិ អាចនឹងបន្តហក់ឡើងឈានរហូតដល់ទៅ៥ពាន់ដុល្លារអាម៉េរិក ក្នុងមួយអោន ឬប្រមាណ៦,១០០ពាន់ដុល្លារអាម៉េរិក ក្នុងមួយតម្លឹងនៅត្រឹមដំណាច់ឆ្នាំនេះ។ ទោះជាយ៉ាងណា លោកបណ្ឌិត ម៉ូត អាហ្វហ្សានីហ្សាម អាប់ឌុល រ៉ាស៊ីត (Mohd Afzanizam Abdul Rashid) ជឿថា ទម្រាំហាងឆេងមាសហក់ឡើងដល់កម្រិតនោះ ប្រហែលជាត្រូវការពេលពី៣ទៅ៥ឆ្នាំទៀត៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


តើមានកត្តាប្រឈមអ្វីខ្លះធ្វើឱ្យការធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យានៅតាមតំបន់មួយចំនួនហាក់មិនសូវមានប្រសិទ្ធភាព?

មន្ត្រីជាន់ខ្ពស់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ យល់ឃើញថា មានតែការធ្វើផលិតកម្មកសិកម្មក្រោមកិច្ចសន្យាប៉ុណ្ណោះ ដែលអាចជួយធ្វើវិស័យកសិកម្ម…

ចិន ប្តេជ្ញាខិតខំការពារវិនិយោគិនបរទេស ទោះខ្លួនជាប់ដៃធ្វើសង្រ្គាមពន្ធជាមួយអាម៉េរិក

សង្គ្រាមពន្ធរវាងមហាយក្សចិន និងសហរដ្ឋអាម៉េរិក ដែលសុទ្ធសឹងជាបងធំរបស់ពិភពលោកកំពុងឡើងកម្តៅ បន្ទាប់ពីមហាអំណាចទាំងពីរ បានដំឡើងពន្ធដាក់គ្នាទៅ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ