
អ្នកជំនាញបានចាត់ទុកការគំរាមនេះជាវិធីសាស្រ្តដើម្បីបំភាន់ភ្នែកអន្តរជាតិ ព្រោះទីតាំងដែលទាហានថៃជាន់មីនផ្ទុះ គឺស្ថិតក្នុងដែនអធិបតេយ្យភាពកម្ពុជា តែយ៉ាងណាអ្នកជំនាញយល់ថា ប្រសិនថៃឈានដល់ដកទូតខ្លួនចេញពីកម្ពុជាមែន នោះការប្រឈមដោយអាវុធអាចនឹងកើតមានឡើង។ តើអ្នកតាមដាន និងអ្នកជំនាញយល់ឃើញបែបណាខ្លះ ជុំវិញថៃព្រមានដកទូតខ្លួនចេញពីកម្ពុជា?
លោកបណ្ឌិត ឈត ប៊ុនថង អ្នកស្រាជ្រាវ និងជាអ្នកជំនាញទស្សនវិជ្ជា នៃរាជបណ្ឌិត្យសភាកម្ពុជាយល់ឃើញថា ចំពោះការចេញមកព្រមានដកទូតថៃចេញពីកម្ពុជារបស់នាយករដ្ឋមន្ត្រីស្តីទីថៃ លោក ភូមថាំ វីឆាយ៉ាឆ័យ ប្រសិនរកឃើញថាកម្ពុជាពិតជាបានបង្កប់មីនធ្វើឱ្យទាហានខ្លួនជាន់មីនផ្ទុះនាំឱ្យរងរបួសកាលពីពេលថ្មីនេះ កម្ពុជា ក៏មិនមានសិទ្ធិបង្ខំ ឬរារាំងនោះដែរ ពោលគឺអាស្រ័យលើការអត្តនោម័តិរបស់ភាគីថៃប៉ុណ្ណោះ។ បើតាមអ្នកជំនាញរូបនេះ ប្រសិនថៃដកស្ថានទូតខ្លួនចេញពីកម្ពុជានោះវាអាចនឹងឈានដល់ការប៉ះទង្គិចគ្នាដោយប្រដាប់អាវុធជាក់ជាមិនខាន។
ជាមួយគ្នានេះលោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវយល់ឃើញថា ពាក់ព័ន្ធនឹងការព្រមានដកទូតចេញពីកម្ពុជារបស់ថៃនេះ អាចមានលទ្ធភាពតិចតួចប៉ុណ្ណោះ បើគ្រាន់តែយកបញ្ហាបង្កប់គ្រាប់មីនមកអះអាង លុះត្រាតែមានករណីប៉ះទង្គិចគ្នាទ្រង់ទ្រាយធំ ដែលមិនអាចសូម្បីតែចរចាគ្នាបាន ទើបឈានដល់ការដកទូតចេញ ដែលកត្តានេះលោកមើលឃើញថា គ្រាន់តែជាការគំរាមកំហែងផ្នែកចិត្តសាស្រ្តពីភាគីថៃប៉ុណ្ណោះ។ លោកបានបន្ថែមថា តាមរយៈបញ្ចេញសារក្នុងន័យបញ្ឆិតបញ្ឆៀងទាំងពីរភាគីកម្ពុជា-ថៃនេះ ទំនងជាមិនអាចឈានដល់ការផ្ទុះសង្គ្រាមប្រដាប់អាវុធនៅឡើយទេ។
ដោយឡែក លោកសាស្រ្តាចារ្យ ឯម សុវណ្ណារ៉ា អ្នកជំនាញវិទ្យាសាស្ត្រនយោបាយបានលើកឡើងថា ការព្រមានដកទូតថៃចេញពីកម្ពុជាពីសំណាក់ភាគីថៃនេះធ្វើឡើងគ្រាន់តែចង់បំភាន់ភ្នែកអន្តរជាតិតែប៉ុណ្ណោះ ពីព្រោះករណីទាហានថៃល្បាតព្រៃជាន់មីនផ្ទុះ គឺស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជាដែលអាចបង្ហាញបានថា ថៃកំពុងចូលឈ្លានពានទឹកដីកម្ពុជា។ តែយ៉ាងណាការឈានដល់ការកាត់ផ្ដាច់ទំនាក់ទំនងការទូតនៅមិនទាន់អាចឈានដល់នៅឡើយទេ ប៉ុន្តែប្រសិនទំនាស់ផ្ទៃក្នុងប្រទេសថៃកាន់តែក្ដៅ នោះភាគរយដកទូតថៃចេញពីកម្ពុជាអាចនឹងមានលទ្ធភាពខ្ពស់។
គួរបញ្ជាក់ថា ក្រសួងការបរទេសកម្ពុជាកាលពីថ្ងៃទី២១ ខែកក្កដា បានចេញសេចក្ដីថ្លែងការណ៍មួយ ដោយបានទាត់ចោលទាំងស្រុងចំពោះការចោទប្រកាន់របស់ភាគីថៃ ដែលថា កម្ពុជាបានប្រើប្រាស់មីនប្រឆាំងមនុស្ស ដោយរំលោភលើអនុសញ្ញាស្ដីពីការហាមឃាត់មីនប្រឆាំងមនុស្ស ដែលបានបណ្ដាលឱ្យទាហានថៃរងរបួសនាពេលថ្មីៗនេះ។ ជាមួយគ្នានេះ ករណីទាហានថៃជាន់មីនផ្ទុះបានកើតឡើងនៅក្នុងភូមិតេជោមរតក ស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ ដែលជាតំបន់មួយស្ថិតនៅក្នុងដែនដីកម្ពុជា ដែលមានការទទួលស្គាល់ជាអន្តរជាតិ៕
អត្ថបទដោយ៖ ជា ម៉ារ៉ា