រៀនរស់​ក្នុងវិបត្តិកូវីដ-១៩

ក្រុមអ្នកជំនួញធំៗ៖ យើងត្រូវរៀនរស់នៅជាមួយនឹងកូវីដ-១៩ មិនអាចត្រូវរង់ចាំទាល់តែវាចប់នោះទេ


ស្របពេលដែល កម្ពុជាកំពុងប្រឈមកាន់តែខ្លាំងជាមួយវិបត្តិកូវីដ-១៩នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា រួមទាំងអ្នកជំនួញធំៗ បានបង្ហាញថា ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈលើកនេះ អាចនឹងបន្តអូសបន្លាយយូរបន្ថែមទៀត យើងទាំងអស់គ្នាអស់គ្នា ត្រូវបង្ខំចិត្តរួមរស់ជាមួយវា តាមបែបគន្លងថ្មី។
ឧស្សហាកម្ម​ផលិតចំណីអាហារក្នុងស្រុក (រូបភាព៖ ឯកសារ)
ដោយ

ក្រុមអ្នកជំនាញ និងអ្នកជំនួញក្នុងវិស័យសេដ្ឋកិច្ច ក៏បានលើកឡើងថា កូវីដ-១៩ ក្រៅតែពីនាំមកនូវវិបត្តិ វាក៏បង្រៀនធ្វើឲ្យម្ចាស់ក្រុមហ៊ុន ក៏ដូចជាអាជីវកម្មចេះបត់បែនតាមកាលៈទេស និងមិនត្រូវផ្តេកផ្តួលជាមួយស្ថានការណ៍នៃការឆ្លងជំងឺកូវីដ-១៩នោះទេ។

ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈបានបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពពលរដ្ឋ និងសេដ្ឋកិច្ចជាតិ។ ក្រុមហ៊ុនអាជីវកម្ម និងសហគ្រាសមួយចំនួន ត្រូវបង្ខំចិត្តផ្អាកដំណើរ និងបិទទ្វារជាបណ្តោះអាសន្នដោយសារក្ស័យធននិងគ្មានភ្ញៀវមកទទួលសេវាកម្មរបស់ពួកគេ។ ចំណែកអាជីវកម្មមួយចំនួនទៀត បានបន្តបើកដំណើរការទាំងខាត និងរស់យ៉ាងលំបាកលំបិន។ ប៉ុន្តែក៏មានអាជីវកម្មមួយចំនួន ក៏មិនរងផលប៉ះពាល់ផងដែរ ពិសេសពាក់ព័ន្ធសេវាកម្មដឹកជញ្ជូន និងលក់ម្ហូបអាហារ។ 

អ្នកវិនិយោគ ​ និងជាអ្នកជំនួយ​ដ៏ល្បីឈ្មោះ​នៅកម្ពុជា អ្នកឧកញ៉ា សៀ​ ឫទ្ធី ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន WorldBridge Group ធ្លាប់បាន​លើកឡើងថា នៅក្នុងអំឡុងពេល​កូវីដ-១៩នេះ ពិតណាស់​វាជា​វិបត្តិ​មួយ​សម្រាប់កម្ពុជា​ក៏ដូចជាពិភពលោក ប៉ុន្ដែ​ក្នុងនាមជាអ្នកវិនិយោគ ក៏ដូចជាអ្នកជំនួញ​ យើងក៏មិនត្រូវ​ផ្ដេតផ្ដួលរមួលផ្សំគ្រិច​​ទៅតាម​ស្ថានភាពនេះនោះទេ។ អ្នកវិនិយោគ ក៏ដូចជាអ្នកជំនួញ​ត្រូវមាន​ភាពច្នៃប្រឌិត ភាពបន់បែន​ក្នុងការ​ប្រតិបត្តិការអាជីវកម្ម​របស់ខ្លួន​ ដើម្បីសម្របខ្លួន​រស់នៅក្នុង​វិបត្តិនាពេលនេះ។អ្នកឧកញ៉ា សៀ​ ឫទ្ធី គូសបញ្ជាក់ទៀតថា បើសិនជា​អ្នកវិនិយោគ ឬអ្នកជំនួញ​យក​កូវីដ១៩ គឺជាលេស នោះច្បាស់ណាស់​មុខជំនួញ ក៏ដូចជាការវិនិយោគ​នោះ ពិតជាបរាជ័យ​ជាក់ជាពុំខានឡើយ។ 

អ្នកឧកញ៉ា សៀ​ ឫទ្ធី ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន WorldBridge Group

ជាមួយគ្នានេះ អ្នកឧកញ៉ា លី ហួរ ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន លី ហួរ គ្រុប ដែលទើបតែបានសម្ពោធបើការដ្ឋានសាងសង់គម្រោងបុរីដ៏ធំមួយទៀតនៅអំឡុងពេលកូវីដ-១៩រាតត្បាតនេះ បានលើកឡើងដែរថា អ្នកវិនិយោគ ឬម្ចាស់ក្រុមហ៊ុនត្រូវហ៊ានបោះទុន ឬវិនិយោគ ជាមួយភាពបទបែនដើម្បីរៀនរស់នៅក្នុងក្នុងអំឡុងវិបត្តិកូវីដ-១៩ ព្រោះវាក៏ជាការជួយផ្តល់ការងារជូនពលរដ្ឋ ក៏ដូចជាលើកកម្ពស់ និងស្តារសេដ្ឋកិច្ចជាតិផងដែរ។ បើតាមមហាសេដ្ឋី​ដែលក្ដោបក្ដាប់​មុខជំនួញ​ពហុវិស័យ​នៅកម្ពុជា​រូបនេះ បានគូសបញ្ជាក់ទៀតថា អ្នកជំនួញ និងពលរដ្ឋ​ទាំងអស់ថា ត្រូវតែចេះរៀន​រស់​ជាមួយ​កូវីដ-១៩ បើពុំដូចនោះទេ​ អត្រាអ្នកអត់​ការងារ​ធ្វើ​របស់​ប្រជាជន​កម្ពុជា​នឹងអាច​កើនឡើង​កាន់តែខ្ពស់។

តួយ៉ាង គម្រោងវិមានភ្នំពេញទី១២ ដែលទើបសម្ពោធបុកគ្រឹះសាងសង់​នៅដំណាច់ខែ​មិថុនា​កន្លងទៅនេះ របស់អ្នកឧកញ៉ា អាចផ្តល់​ការងារ​ដល់បុគ្គលិក និងកម្មករ​រាប់ពាន់នាក់ ហើយវាជាប្រភព​ចំណូល​ដល់ពួកគេ​ក្នុងការ​ទ្រទ្រង់ និង​ដោះស្រាយ​ជីវភាពគ្រួសារ​បានមួយ​កម្រិត​នៅក្នុង​វិបត្តិកូវីដ-១៩ នេះ។

អ្នកឧកញ៉ា លី ហួរ ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន លី ហួរ គ្រុប

ឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមជំរុញឲ្យម្ចាស់សហគ្រាសធុនតូច និងមធ្យមទាំងអស់ត្រូវចេះរៀនរស់ក្នុងវិបត្តិកូវីដ-១៩ កុំរង់ចាំរហូតចប់កូវីដ-១៩ ទើបចាប់ផ្តើមដំណើរការអាជីវកម្ម នោះវានឹងយឺតពេល។ ទន្ទឹមនឹងនេះ លោកឧកញ៉ា បានផ្តល់ជាគំនិតថា ម្ចាស់អាជីវកម្មត្រូវចេះរិះរកវិធី និងបត់បែនតាមកាលៈទេសៈ តាមរយៈការផ្លាស់ប្តូរមុខទំនិញ ឬសេវាកម្ម ដែលអាចឆ្លើយតបនឹងបរិបទកូវីដ-១៩។

ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមរូបនេះកត់សម្គាល់ឃើញថា ការឆ្លងរាលដាលជំងឺកូវីដ-១៩ បានបង្កផលប៉ះពាល់ភាគច្រើនចំពោះសហគ្រាស ដែលរកស៊ីពាក់ព័ន្ធវិស័យទេសចរណ៍ ខណៈសហគ្រាសដែលរកស៊ីលើវិស័យកែច្នៃ និងម្ហូបអាហារមិនសូវរងផលប៉ះពាល់នោះទេ។ 

ឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យម

ឧកញ៉ា កែវ មុំ អគ្គនាយិកាក្រុមហ៊ុន លីលី គ្រុប បានលើកឡើងថា នៅក្នុងវិបត្តិកូវីដ-១៩នេះ អាជីវកម្ម​ភាគច្រើន​គឺរងផលប៉ះពាល់​ ប៉ុន្ដែ​ក៏មានអាជីវកម្ម​មួយចំនួនតូច ក៏បាន​ទទួល​ប្រាក់ចំណូល​កើនឡើង​អំឡុងពេលនេះដែរ ពិសេស​អាជីវកម្ម​ដែល​ទាក់ទងនឹងការផ្គត់ផ្គង់សម្ភារសម្រាប់​ការពារការឆ្លងកូវីដ-១៩ និងការសេវាដឹកជញ្ជូន​អាហារជាដើម។

ឧកញ៉ា កែវ មុំបន្ថែមថា ក្នុងកាលៈទេសៈពេលនេះ អាជីវកម្ម​របស់​លោកស្រី​មិនទាន់​មានការពង្រីកប្រតិបត្តិការបន្ថែមទេ ពោលគឺ​នៅផលិត​តាមតម្រូវការទីផ្សារ​ជាក់ស្ដែង​នាពេលបច្ចុប្បន្ននេះសិន។ ទោះយ៉ាងណា អ្នកជំនួញ​នៅក្នុង​វិស័យឧស្សហកម្ម​ចំណីអាហាររូបនេះ លើកឡើងថា កាលៈទេសៈកូវីដ-១៩ វាក៏បាន​ផ្ដល់ពេលវេលា​សម្រាប់​ឲ្យ​ក្រុមហ៊ុន​ក៏ដូចជា​អាជីវកម្ម​នីមួយ​ៗ​ ក្នុងការ​ពង្រឹងប្រព័ន្ធគ្រប់គ្រង​អាជីវកម្មឡើងវិញ ដើម្បី​ឲ្យកាន់តែប្រសើរឡើងខិតទៅរក​ស្ដង់ដារអាជីវកម្ម ដើម្បី​ពង្រឹងសមត្ថភាព​កាន់តែខ្លាំង​នៅក្រោយកូវីដ-១៩។​

ឧកញ៉ា កែវ មុំ អគ្គនាយិកា​ក្រុមហ៊ុន លីលី គ្រុប

គួររំឭកថា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន បានថ្លែងនៅក្នុង​កិច្ចប្រជុំពិសេសតាមប្រព័ន្ធវីដេអូ ដើម្បីពិភាក្សា និងដោះស្រាយទៅលើបញ្ហាជំងឺកូវីដ-១៩នៅព្រឹកថ្ងៃទី១ កក្កដា ឆ្នាំ២០២១ បញ្ជាក់អះអាងថា កម្ពុជាមិនទាន់អាចបញ្ចប់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ បាននោះទេ។ បើតាម សម្តេចតេជោ ព្រឹត្តិការណ៍នេះ នឹងបន្តអូសបន្លាយយូរបន្ថែមទៀត ដែលទាមទារឲ្យពលរដ្ឋ និងអាជ្ញាធរត្រូវបង្កើនការប្រុងប្រយ័ត្ន និងចាត់វិធានការទប់ស្កាត់ឲ្យបានម៉ឺងម៉ាត់បំផុត។

នៅរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ចំនួនអ្នកឆ្លងកូវីដ-១៩ករណីថ្មីនៅកម្ពុជាបានហក់ឡើងខ្ពស់ដល់រង្វង់ ១ពាន់នាក់ក្នុងថ្ងៃ ដែលជាតួលេខខ្ពស់បំផុតតាំងពីមានផ្ទុះរាតត្បាតកូវីដ-១៩លើកដំបូងមក។ គិតមកទល់ពេលនេះ កម្ពុជាមានអ្នកឆ្លងកូវីដ-១៩សរុប កើនដល់ ជាង៥ម៉ឺននាក់ហើយ និងអ្នកស្លាប់វិញកើនដល់ជាង៦០០នាក់។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានបង្ហាញក្តីបារម្ភចំពោះមេរោគបំប្លែងខ្លួនថ្មី(ឌែលតា) ដែលកំពុងមានវត្តមាននៅកម្ពុជាផងដែរ ដ្បិតមេរោគបំប្លែងខ្លួនថ្មីនេះ មានកម្រិតនៃការឆ្លងខ្ពស់ និងកាចសាហាវជាងមុនដែលអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតអ្នកជំងឺគ្រប់ពេលវេលា។ ទន្ទឹមនឹងនេះ សម្តេចតេជោ ហ៊ុន សែន ក៏បញ្ជាឲ្យអាជ្ញាធរត្រូវបង្កើនការរឹតបន្តឹងការចេញចូលតាមផ្លូវអាកាស ព្រំដែនគោក និងព្រំដែនទឹកឲ្យហ្មត់ចត់បំផុត៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ពលរដ្ឋខេត្តស្វាយរៀង និង ខេត្តកំពង់ចាមបានឈ្នះរង្វាន់ឡាន Ford Ecosport 2021 ពីប្រូម៉ូសិន «កោសឈ្នះ កោសឈ្នះ ឈ្នះ 100% » របស់ក្រុមហ៊ុន Smart

ព័ត៌មាន
ជាមួយនឹងរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ពីកម្មវិធី «កោសឈ្នះ កោសឈ្នះ ឈ្នះ 100%» ក្រុមហ៊ុន ស្មាតអាស្យាតា (Smart Axiata) បានប្រគល់រង្វាន់ដ៏មហាសាល…

មូលនិធិវ៉ាក់សាំងកូវីដ-១៩ របស់ធនាគារពិភពលោកកើនដល់ ២០ពាន់លានដុល្លារហើយ!

ព័ត៌មាន
ធនាគារពិភពលោកបានប្រកាសពីការបង្កើនមូលនិធិសម្រាប់ទិញ និងអភិវឌ្ឍវ៉ាក់សាំងបង្ការកូវីដ-១៩ ចំនួន៨ពាន់លានដុល្លារបន្ថែមទៀត ដែលធ្វើឲ្យទំហំមូលន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ