
តែយ៉ាងណាមានការបង្ហើបពីមន្ត្រីជាន់ខ្ពស់របស់អាម៉េរិកថា សង្គ្រាមពន្ធដែលឡើងកម្តៅដូចបាយពុះរវាងមហាអំណាចទាំងពីរអាចនឹងថយចុះនាពេលខាងមុខ។ តើភាពតានតឹងផ្នែកពាណិជ្ជកម្មរវាងអាម៉េរិក និងចិន ពិតជាអាចថយចុះឬយ៉ាងណា?
បើយោងតាមការចុះផ្សាយរបស់សារព័ត៌មានធំៗ លោក ស្កុត បេសេន រដ្ឋមន្ត្រីរតនាគាររបស់សហរដ្ឋអាម៉េរិក បានអះអាងថា គោលបំណងនៃការដាក់ពន្ធខ្ពស់កប់ពពករបស់រដ្ឋបាល លោក ដូណាល់ ត្រាំ មិនមែនចង់បំបែកសេដ្ឋកិច្ចអាម៉េរិក និងចិន ឲ្យឆ្ងាយពីគ្នានោះទេ តែជាការចង់ផ្លាស់ប្ដូរសេដ្ឋកិច្ចអាម៉េរិក ឲ្យមានសកម្មភាពផលិតកម្មច្រើនឡើងវិញ និងចង់ឲ្យចិនពង្រីកតម្រូវការប្រើប្រាស់ក្នុងស្រុកឲ្យបានច្រើនជាងមុន។ មន្ត្រីជាន់ខ្ពស់រូបនេះបានសង្កត់ធ្ងន់ថា អាម៉េរិក កំពុងត្រៀមខ្លួនក្នុងការបន្ថយអត្រាពន្ធខ្ពស់លើទំនិញ ដែលអាម៉េរិក ដាក់លើចិន២៤៥% និងចិនដាក់លើទំនិញអាម៉េរិក ១២៥%។
អ្នកដែលបានឃើញ និងបានស្តាប់បទបង្ហាញរបស់លោក បេសេន នៅក្នុងសន្និសីទបិទទ្វារមួយ ដែលរៀបចំឡើងដោយក្រុមហ៊ុនបណ្តាក់ទុន JP Morgan កាលពីថ្ងៃអង្គារ ទី២២ ខែមេសា នៅទីក្រុងវ៉ាស៊ីនតោន មន្រ្តីហិរញ្ញវត្ថុកំពូលរូបនេះ បានបង្ហាញជំនឿ ថា សហរដ្ឋអាម៉េរិក និងចិននឹងអាចរកផ្លូវក្នុងការរក្សាបានតុល្យភាពពាណិជ្ជកម្មជាមួយគ្នាឡើងវិញ។ ប៉ុន្តែបញ្ហានៅត្រង់ថា លោកនៅមិនទាន់ច្បាស់នៅឡើយទេថា តើទីក្រុងប៉េកាំង បានត្រៀមខ្លួនក្នុងការធ្វើបែបនេះហើយ ឬយ៉ាងណានោះទេ។
យោងតាមស្ថិតិដែលបង្ហាញដោយការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក កាលពីឆ្នាំ២០២៤ ការដោះដូរពាណិជ្ជកម្មរវាងសហរដ្ឋអាម៉េរិក ដែលជាមហាអំណាចសេដ្ឋកិច្ចធំបំផុតលើពិភពលោក និងចិន ដែលជាមហាអំណាចសេដ្ឋកិច្ចលេខ២ សម្រេចបានទំហំប្រមាណ៥៨២ពាន់លានដុល្លារ។ ក្នុងនោះសហរដ្ឋអាម៉េរិក នាំទំនិញទៅចិន មានទំហំជាង១៤៣ពាន់លានដុល្លារ ធ្លាក់ចុះ២,៩% ខណៈចិននាំទំនិញទៅសហរដ្ឋអាម៉េរិកវិញមានទំហំជិត៤៣៩ពាន់លានដុល្លារកើនឡើង២,៨%។ ផ្អែកតាមស្ថិតិនេះ សហរដ្ឋអាម៉េរិក មានឱនភាពពាណិជ្ជកម្មជាមួយចិន ជាង២៩៥ពាន់លានដុល្លារ កើនឡើងជិត៦%៕
ដោយៈ សរ សុជាតិ