វិស័យថាមពល

នាយកប្រតិបត្តិក្រុមហ៊ុនប្រេងធំៗព្រមានថា សង្គ្រាមរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ អាចធ្វើឱ្យទីផ្សារប្រេងពិភពលោកក្រឡាប់ចាក់


នាយកប្រតិបត្តិក្រុមហ៊ុនប្រេងធំៗទូទាំងពិភពលោកបានព្រមានថា ជម្លោះប្រដាប់អាវុធ ដែលកំពុងឡើងកម្ដៅដ៏គួរឱ្យព្រួយបារម្ភរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ អាចធ្វើឱ្យទីផ្សារប្រេងពិភពលោកក្រឡាប់ចាក់ នៅពេលដែលវាជះផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការផ្គត់ផ្គង់ប្រេង និងតម្លៃប្រេងពិភពលោក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC កាលពីថ្ងៃទី១៧ ខែមិថុនា។
វិស័យថាមពល
ដោយ

ក្រុមនាយកប្រតិបត្តិដែលមកពីក្រុមហ៊ុនប្រេងកំពូលៗរបស់ពិភពលោក រួមមានក្រុមហ៊ុន Shell ក្រុមហ៊ុន Total Energies និងក្រុមហ៊ុន EnQuest ជាដើមបានថ្លែងប្រាប់សារព័ត៌មាន CNBC ថា ការវាយប្រហារទៅវិញទៅមករវាងអ៊ីស្រាអែល និងអ៊ីរ៉ង់លើហេដ្ឋារចនាសម្ព័ន្ធថាមពលបានបង្កការគំរាមកំហែងយ៉ាងខ្លាំងដល់ទីផ្សារប្រេងពិភពលោក ជាពិសេសប្រសិនបើការវាយប្រហារទាំងនោះនៅតែបន្ត។ ស្របពេលហេដ្ឋារចនាសម្ព័ន្ធថាមពលសំខាន់ៗនៅក្នុងប្រទេសទាំងពីរមិនទាន់រងការខូចខាតជាដុំកំភួននៅឡើយ មានការព្រួយបារម្ភថា អ៊ីរ៉ង់ អាចនឹងបិទច្រកសមុទ្រហ័រមូស (Strait of Hormuz) ដ៏សំខាន់ដែលមួយភាគធំនៃប្រេងរបស់ពិភពលោកត្រូវឆ្លងកាត់ច្រកសមុទ្រនេះ។

តួយ៉ាងនាយកប្រតិបត្តិក្រុមហ៊ុន Shell លោក វែល សាវែន (Wael Sawan) បាននិយាយថា ព្រឹត្តិការណ៍ថ្មីៗនេះបានបង្កការព្រួយបារម្ភយ៉ាងខ្លាំង ហើយថា ក្រុមហ៊ុន Shell កំពុងតាមដានស្ថានការណ៍នេះយ៉ាងយកចិត្តទុកដាក់ ជាពិសេសដោយសារខ្លួនមានប្រតិបត្តិការអាជីវកម្មនៅតំបន់មជ្ឈិមបូព៌ា។

ភាពតានតឹងទាំងនេះ​បានជំរុញឱ្យប្រេងហក់ឡើងថ្លៃរួចទៅហើយ ដោយជាក់ស្ដែងប្រេងឆៅនៅលើទីផ្សារអន្តរជាតិ បានឡើងថ្លៃ៣% ហើយប្រេងឆៅនៅលើទីផ្សារសហរដ្ឋអាម៉េរិក បានឡើងថ្លៃជិត២,៧%។

នាយកប្រតិបត្តិក្រុមហ៊ុន Total Energies លោក ប៉ាទ្រីក ពូយ៉ាណេ (Patrick Pouyanné) បាននិយាយថា សុវត្ថិភាពរបស់កម្មករនៃក្រុមហ៊ុនរបស់លោកនៅតំបន់មជ្ឈិមបូព៌ា គឺជាអាទិភាពកំពូល ហើយបានព្រមានថា ការវាយប្រហារលើរោងចក្រប្រេងនានាអាចនឹងបង្កបញ្ហាធ្ងន់ធ្ងរដល់ពិភពលោក។

យោងតាមសារព័ត៌មាន CNBC កប៉ាល់ដឹកប្រេងមួយចំនួនកំពុងចៀសវាងការបើកបរឆ្លងកាត់ច្រកសមុទ្រហ័រមូស ដោយសារជម្លោះប្រដាប់អាវុធរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់។ ហើយទោះបីជាអ៊ីរ៉ង់ ទំនងជាមិនអាចបិទច្រកសមុទ្រនេះទាំងស្រុងក្ដី ក៏ការរអាក់រអួលការផ្គត់ផ្គង់ប្រេងមួយរយៈពេលខ្លីអាចនឹងធ្វើឱ្យប្រេងហក់ឡើងថ្លៃខ្លាំង។

នាយកប្រតិបត្តិក្រុមហ៊ុន EnQuest លោក អាមចាត ស៊ីស ( Amjad Bseisu) បានចាត់ទុកឆ្នាំ២០២៥ ជាឆ្នាំដ៏ជ្រួលច្របល់ ហើយថា មិនយូរទេ ជម្លោះនេះនឹងធ្វើឱ្យទីផ្សារពិភពលោកជ្រួលច្របល់ បើវានៅតែបន្ត៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ធនាគារកណ្ដាលអាម៉េរិក ត្រូវបានគេរំពឹងថា ទំនងជារក្សាអត្រាការប្រាក់ឱ្យនៅដដែល

មន្ត្រីធនាគារកណ្តាលអាម៉េរិក (Fed) ត្រូវបានគេរំពឹងយ៉ាងទូលំទូលាយថា អាចនឹងរក្សាអត្រាការប្រាក់ឱ្យនៅដដែលនៅក្នុងកិច្ចប្រជុំលើកទី៤ នៅថ្ងៃពុធ សប្…

វណ្ណដា និងការប្រគំតន្ត្រីត្រីវិស័យសុវណ្ណភូមិ វគ្គទី៥ គឺកាន់តែកក្រើកនៅក្នុងព្រឹត្តិការណ៍ការប្រកួតផ្ដាច់ព្រ័ត្រ Tiger Street Football

[ភ្នំពេញ, ប្រទេសកម្ពុជា – ថ្ងៃទី 19 ខែមិថុនា ឆ្នាំ 2025] - កាលពីថ្ងៃទី១៤ ខែមិថុនាកន្លងទៅ អ្នកគាំទ្រដែលបានចូលរួមការប្រគំតន្ត្រីត្រីវិស័យសុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ