អង្គការយូនីសេហ្វ បានបង្ហាញពីចំនួនវ៉ាក់សាំងដែលត្រូវបានបម្រុងទុកសម្រាប់ប្រទេសកូរ៉េខាងជើងឥឡូវមានចំនួនតែជាង ១លាន ៥សែនដូស ពោលគឺធ្លាក់ចុះពីចំនួនដែលបម្រុងកាលពីឆ្នាំមុនដែលមានជាង ៨លានដូស។
អ្នកនាំពាក្យរបស់អង្គការសម្ព័ន្ធវ៉ាក់សាំង ហ្គាវី (Gavi) ដែលជាអង្គការសប្បុរសធម៌ដែលជួយប្រតិបត្តិការកម្មវិធីចែករំលែកវ៉ាក់សាំងបាននិយាយថា នៅឆ្នាំនេះ យន្តការ COVAX កំពុងផ្លាស់ប្តូរទៅជាការបែងចែកវ៉ាក់សាំងតាមតម្រូវការ ដូច្នេះការប្រមូលផ្តុំកម្រិតវ៉ាក់សាំងដែលបានបែងចែកពីមុនទៅប្រទេសកូរ៉េខាងជើងគឺលែងពាក់ព័ន្ធទៀតហើយ។
សូមជម្រាបថា កូរ៉េខាងជើងមិនត្រូវបានគេដឹងថា បាននាំចូលវ៉ាក់សាំងកូវីដ១៩ណាមួយនោះទេ បើទោះបីជា របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបានណែនាំថា យ៉ាងហោចណាស់មានមនុស្សសំខាន់ៗមួយចំនួន ដូចជាមន្ត្រីគ្រប់គ្រងព្រំដែន អាចត្រូវបានចាក់វ៉ាក់សាំងក៏ដោយ។
គួររំឮកថា កាលពីឆ្នាំមុនថា ទីក្រុងព្យុងយ៉ាងក៏បានបដិសេធមិនទទួលការផ្តល់វ៉ាក់សាំងការពារកូវីដ១៩ ចំនួន ៣ លានដូស របស់ក្រុមហ៊ុនស៊ីណូវ៉ាក់របស់ប្រទេសចិន និងបានបដិសេធទទួលយកវ៉ាក់សាំង AstraZeneca ពីយន្ដការកូវ៉ាក់ផងដែរ ដោយបារម្ភពីបញ្ហាដែលបង្កឡើងដោយថ្នាំវ៉ាក់សាំងនោះ។ តែយ៉ាងណាមិញ អ្នកនាំពាក្យអង្គការហ្គាវីបាននិយាយថា ពេលនេះ អង្គការហ្គាវី និងយន្តការ COVAX កំពុងបន្តកិច្ចសន្ទនាជាមួយកូរ៉េខាងជើង ដើម្បីដំណើរការកម្មវិធីចាក់វ៉ាក់សាំងកូវីដ១៩នៅក្នុងប្រទេសនេះ។
ប្រទេសកូរ៉េខាងជើង មិនទាន់បានបញ្ជាក់ជាផ្លូវការពីការឆ្លងជំងឺកូវីដ-១៩ ណាមួយទេ ទោះបីជាមន្ត្រីនៅកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានធ្វើការសង្ស័យថា ប្រទេសនេះគ្មានមេរោគកូវីដ១៩ក៏ដោយ។ ត្បិតថាបែបនេះក៏ពិតមែន តែប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍កាលពីថ្ងៃទី៨ កុម្ភៈ នេះថា សភារបស់ប្រទេសកូរ៉េខាងជើងបានអនុម័តលើការដំឡើងការចំណាយចំនួនជាង ៣៣% ដើម្បីដោះស្រាយវិបត្តិជំងឺរាតត្បាតនៅឆ្នាំ ២០២២ នេះ៕
អត្ថបទ ស៊ើង និមល់