កូរ៉េខាងជើងចង់ចាប់ដៃរុស្សីទប់អាមេរិក

កូរ៉េខាងជើងបោះដៃទៅរករុស្សី ដើម្បីទប់ទល់នឹងអាមេរិក ក្រោយទំនាក់ទំនងពិបាកផ្សះផ្សា


កូរ៉េខាងជើងស្វែងរកកិច្ចសហប្រតិបត្តិការជាមួយរុស្សី ដើម្បីទប់ទល់នឹងអាមេរិក ក្រោយទំនាក់ទំនងពិបាកនឹងផ្សះផ្សា។ ឯកអគ្គរដ្ឋទូតកូរ៉េខាងជើងប្រចាំនៅប្រទេសរុស្ស៊ី បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរុស្សី TASS ឲ្យដឹងថា កូរ៉េខាងជើងមានបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរុស្ស៊ីបន្ថែមទៀត ដើម្បីប្រឆាំងក៏ដូចជាទប់ទល់ជាមួយនឹងសហរដ្ឋអាមេរិក ដែលជារឿយៗ រមែងដាក់សម្ពាធ និង គំរាមកំហែងផ្នែកសន្តិសុខមកលើទីក្រុងព្យុងយ៉ាង ក៏ដូចជាក្នុងតំបន់ឧបទ្វីបកូរ៉េទាំងមូលផងដែរ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
កូរ៉េខាងជើងបោះដៃទៅរករុស្សី ដើម្បីទប់ទល់នឹងអាមេរិក ក្រោយទំនាក់ទំនងពិបាកផ្សះផ្សា

ការ​ហុចដៃ បោះ​ជើង ទៅ​រក​ប្រទេស​រុ​ស្ស៊ី​ពី​សំណាក់​កូរ៉េ​ខាងជើង​នៅ​ពេល​នេះ គឺ​ធ្វើ​ឡើង​នៅ​ក្រោយ​ពេល​ដែល អា​មេ​រិ​ក និង កូរ៉េ​ខាងត្បូង កំពុង​ត្រៀម​ធ្វើ​សមយុទ្ធ​យោធា​ទ្រង់ទ្រាយ​ធំ​នៅ​ស​ប្ដា​ហ៍​ក្រោយ​នេះ​ហើយ ខណៈ​កូរ៉េ​ខាងជើង​ក៏​បាន​ចេញ​មុខ​មក​បរិហារ លើ​ការ​ធ្វើ​សមយុទ្ធ​មួយ​នេះ​ផង​ដែរ​។

លោក ស៊ិ​ន ហុង​ឈុ​ល (Sin Hong-chol) ឯកអគ្គរដ្ឋទូត​កូរ៉េ​ខាងជើង​ប្រចាំ​នៅ​ប្រទេស​រុ​ស្សី​បាន​គូសបញ្ជាក់​ប្រាប់​សារព័ត៌មាន​រុ​ស្សី ថា របប​ក្រុង​ព្យុ​ង​យ៉ាង ចង់​ពង្រឹង និង​ពង្រីក​នូវ​កិច្ច​សហប្រតិបត្តិការ​ជាមួយ ក្រុង​ម៉ូ​ស្កូ បន្ថែម​ទៀត ពិសេស​កិច្ច​សហប្រតិបត្តិការ​ផ្នែក​យោធា ដើម្បី​ទប់ទល់​នឹង​សហរដ្ឋអាមេរិក​។

លោក ហុង​ឈុ​ល បាន​គូសបញ្ជាក់​ចំ​ៗ​ថា គេ​អាច​ឃើញ សន្តិភាព និង សុវត្ថិភាព​នៅ​ក្នុង​តំបន់​ឧបទ្វីប​កូរ៉េ​បាន លុះត្រាតែ លែង​មាន​វត្តមាន​កងទ័ព​អា​មេ​រិ​ក​នៅ​ក្នុង​តំបន់​នោះ​។ យ៉ាងណាមិញ មិន​ទាន់​មានការ​ឆ្លើយ​តប​ណាមួយ​ពី​វិមាន​ក្រឹម​ឡាំង ឆ្លើយ​តប​ទៅ​នឹង​ការ​លើក​ឡើង របស់​មន្ត្រី​ទូត​កូរ៉េ​ខាងជើង​ប្រចាំ​ក្រុង​ម៉ូ​ស្កូ រូប​នេះ​នៅឡើយ​ទេ​។

គួរ​កត់​សម្គាល់ថា ការ​លើក​ឡើង​របស់​មន្ត្រីជាន់ខ្ពស់​ក្រុង​ព្យុ​ង​យ៉ាង​ដូច្នេះ ធ្វើ​ឡើង​នៅ​បន្ទាប់​ពី​សហរដ្ឋអាមេរិក និង កូរ៉េ​ខាងត្បូង​បាន​ចាប់ផ្ដើម​បើក​ការ​ហ្វឹកហ្វឺន​ជាបឋម​នៃ​សមយុទ្ធ​យោធា​រវាង​គ្នា​កាលពី​ថ្ងៃ​អង្គា​រស​ប្ដា​ហ៍​នេះ ហើយ​គ្រោង​នឹង​មាន​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​នៅ​ស​ប្ដា​ហ៍​ក្រោយ​នេះ​ផង​ដែរ​។

ក្រុង​ព្យុ​ង​យ៉ាង​បាន​សម្ដែង​ការ​ខកចិត្ត​ចំពោះ​សមយុទ្ធ​យោធា​ខាងលើ​នេះ ដោយ​បាន​ហៅ​ការ​ធ្វើ​សមយុទ្ធ​យោធា​ប្រចាំឆ្នាំ រវាង​ក្រុង​សេ​អ៊ូ​ល និង វ៉ា​ស៊ី​ន​តោន​ថា ជា​ការ​គំរាមកំហែង​តាម​ផ្លូវ​សង្គ្រាម ហើយ​បាន​ព្រមាន​ថា វា​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទំនាក់ទំនង​រវាង​បងប្អូន​កូរ៉េ​ទាំង​ពីរ គ្រា​ដែល​ពួក​គេ​ទើបតែ​បាន​ត​ភ្ជាប់​បណ្តាញ​ទំនាក់ទំនង​ជាមួយ​គ្នា​ឡើង​វិញ កាលពី​ពេល​ថ្មី​ៗ​នេះ​។ 

សម្រាប់​សហរដ្ឋអាមេរិក និង កូរ៉េ​ខាងត្បូង ការ​ធ្វើ​សមយុទ្ធ​យោធា​រួម​គ្នា គឺជា​ការ​ហាត់​សម និង មាន​គោលបំណង​សម្រាប់​ការ​ការពារ​សន្តិសុខ​សុវត្ថិភាព​ប៉ុណ្ណោះ មិនមែន​ជា​ការ​ត្រៀម​ធ្វើសង្គ្រាម​អ្វី​នោះ​ទេ​។ 

គួរ​ជម្រាប​ថា ទីក្រុង​វ៉ា​ស៊ី​ន​តោន និង ក្រុង​សេ​អ៊ូ​ល តែង​ធ្វើ​សមយុទ្ធ​រួម​គ្នា​ជា​រៀង​រាល់​ឆ្នាំ ហើយ​ក្នុងឆ្នាំនេះ សមយុទ្ធ​នឹង​ត្រូវ​ចាប់​ធ្វើ​ឡើង​ពី​ថ្ងៃ​អង្គារ​ទី​១០ ខែសីហា តទៅ ហើយ​ដូច​សព្វមួយដង កូរ៉េ​ខាងជើង​តែងតែ​បញ្ចេញ​ប្រតិកម្ម​ប្រឆាំង និង បរិហារ​រិះគន់​យ៉ាង​ខ្លាំង​ផង​ដែរ​។ ប្អូនស្រី​ដ៏​មាន​ឥទ្ធិពល​របស់​ប្រមុខ​ដឹកនាំ​កូរ៉េ​ខាងជើង គី​ម ជុង​អ៊ុ​ន គឺ​លោកស្រី គី​ម យ៉ូ​ជុង បាន​ព្រមាន​ថា សមយុទ្ធ​រួម​គ្នា​រវាង​សហរដ្ឋអាមេរិក និង កូរ៉េ​ខាងត្បូង គឺជា​ការ​គំរាមកំហែង​សន្តិសុខ​ធំធេង​ណាស់ កូរ៉េ​ខាងជើង​នឹង​ពង្រឹងពង្រីក​សមត្ថភាព​ការពារ​ជាតិ និង​វាយប្រហារ​ដើម្បី​ជា​កិច្ច​ការពារ​ខ្លួន​។

សូម​បញ្ជាក់​ថា កូរ៉េ​ខាងជើង​នៅ​ពេញ​មួយ​ឆ្នាំ​២០២១​នេះ នៅ​តែ​បន្ត​អភិវឌ្ឍ​កម្មវិធី​នុយក្លេអ៊ែរ​និង គ្រាប់​មី​ស៊ី​ល​របស់​ខ្លួន​រហូត ដោយ​មិន​អើពើ នឹង​បម្រាម​ឬ​ទណ្ឌកម្ម​របស់​អន្តរជាតិ​នោះ​ទេ បូក​រួម​នឹង​ស្ថានភាព​សេដ្ឋកិច្ចជាតិ​របស់​ខ្លួន​កាន់តែ​ដុនដាប​យ៉ាងណា​ក្តី​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រដ្ឋាភិបាលចិនត្រៀមបង្កើតសេចក្តីព្រាងច្បាប់ថ្មីៗ ដើម្បីគ្រប់គ្រងក្រុមហ៊ុនគ្រាក់ៗ

ព័ត៌មាន
ប្រទេសចិននឹងធ្វើសេចក្តីព្រាងច្បាប់ថ្មីៗ ស្តីអំពីសន្តិសុខជាតិ ការច្នៃប្រឌិតបច្ចេកវិទ្យា ច្បាប់ប្រឆាំងនឹងការធ្វើអាជីវកម្មផ្តាច់មុខជាដើម។ ការបង្ក…

ធនាគារធំៗនៅហុងកុង កំពុងឈឺក្បាលកាន់តែខ្លាំង ក្រោយចិនមានផែនការពង្រីកច្បាប់ប្រឆាំងទណ្ឌកម្មថ្មី

ព័ត៌មាន
គម្រោងពង្រីកច្បាប់ប្រឆាំងទណ្ឌកម្មរបស់ចិនសម្រាប់ប្រើប្រាស់នៅក្នុងទីក្រុងហុងកុង គឺជាបន្ទុកអនុលោមភាពថ្មីមួយបន្ថែមទៀតសម្រាប់ធនាគារអន្តរជាតិនៅក្នុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ