បើយោងតាមទិន្នន័យសេដ្ឋកិច្ច ទីក្រុងធំទីពីររបស់ប្រទេសចិននេះ បានទទួលរងឥទ្ធិពលយ៉ាងអាក្រក់ពីការរាំងខ្ទប់កាលពីដើមខែមេសាមកម្លេះ។ ប៉ុន្តែទីក្រុងមួយចំនួនផ្សេងទៀត រួមទាំងទីក្រុងប៉េកាំងផងដែរ មិនត្រូវបានរាំងខ្ទប់នោះទេ ប៉ុន្ដែនៅបន្តវិធានការទប់ស្កាត់ដ៏តឹងរ៉ឹងដដែល ដោយសាររលកថ្មីនៃកូវីដបំប្លែងខ្លួន Omicron នៅតែមានកម្រិតឆ្លងរាតត្បាតខ្លាំងនៅឡើយ។
ការណ៍នេះ បណ្តាលឲ្យរដ្ឋាភិបាលបដិសេធមិនឲ្យមានការន្ធូរបន្ថយជំហរ ចំពោះការអនុវត្តវិធានការកូវីដដ៏តឹងរ៉ឹង Zero-covid របស់ខ្លួននោះទេ ដែលបណ្តាលឲ្យរោងចក្រ និងអាជីវកម្មតូចធំ ត្រូវបានទទួលរងឥទ្ធិពលយ៉ាងដំណុំពីបរិយាកាសមិនអំណោយផលនេះ។
យ៉ាងណាក៏ដោយចុះ អាជ្ញាធរទីក្រុងស៊ាងហៃបានកំណត់ថា នឹងបើកក្រុងជាធម្មតាឡើងវិញនៅថ្ងៃទី ១ ខែមិថុនាខាងមុខនេះ បន្ទាប់ពីការឆ្លងថ្មីបានធ្លាក់ចុះយ៉ាងជាបន្ដបន្ទាប់នៅមួយរយៈចុងក្រោយនេះ។ ទោះយ៉ាងណា ទីក្រុងដ៏ធំមួយនេះ មានប្រជាជនចំនួន ២៥ លាននាក់ នៅតែត្រូវបានណែនាំឱ្យមានការប្រុងប្រយ័ត្នបន្ថែមទៀតក្នុងការពេលធ្វើដំណើរ និងមហាវិថីដែលធ្លាប់មានមនុស្សមមាញឹកច្រើន។
ខណៈដែលប្រទេសចិនកំពុងផ្តោតលើការងើបឡើងវិញនៃវិស័យសេដ្ឋកិច្ច នាយករដ្ឋមន្ត្រីនៃប្រទេសចិនលោក លី ខឺឈាង (Li Keqiang) កាលពីថ្ងៃពុធបានថ្លែងថា ប្រទេសចិនត្រូវបានវាយប្រហារជាលើកដំបូងដោយការផ្ទុះឡើងនៃជំងឺកូវីដ COVID-19 កាលពីឆ្នាំ ២០២០ កន្លងទៅ តែស្ថានភាពបច្ចុប្បន្ននេះវាយ៉ាប់យ៉ឺនជាងពេលមុនទៅទៀត។ លោក លី បានប្រាប់មន្ត្រីរដ្ឋាភិបាលរាប់ពាន់នាក់នៅទូទាំងប្រទេសក្នុងសន្និសីទអនឡាញមួយថា ប្រទេសចិននឹងខិតខំសម្រេចឲ្យបាននូវកំណើនផលិតផលក្នុងស្រុកសរុប ឲ្យមានភាពល្អប្រសើរវិញ នៅក្នុងត្រីមាសទីពីរនេះ។
យ៉ាងាណាមិញ ធនាគារកណ្តាលបាននិយាយកាលពីថ្ងៃទី២៦ឧសភាថា ខ្លួននឹងលើកកម្ពស់ប្រាក់ឥណទានបន្ថែមទៀតសម្រាប់ក្រុមហ៊ុនតូចៗ ហើយបានជំរុញឱ្យស្ថាប័នហិរញ្ញវត្ថុផ្តល់អាទិភាពដល់ការផ្តល់ប្រាក់កម្ចីដល់តំបន់ភាគកណ្តាល និងភាគខាងលិច ក៏ដូចជាតំបន់ផ្សេងៗទៀត និងវិស័យណាដែលរារាំងនិងរំខានដោយការផ្ទុះឡើងនៃមេរោគ COVID-19 ។
ក្រសួងហិរញ្ញវត្ថុចិនក៏បាននិយាយកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះដែរថា ខ្លួននឹងផ្តល់ការឧបត្ថម្ភធនបន្ថែម ដល់ក្រុមហ៊ុនអាកាសចរចិនចាប់ពីថ្ងៃទី ២១ ខែឧសភាដល់ថ្ងៃទី ២០ ខែកក្កដា ដើម្បីជួយពួកគេទប់ទល់នឹងការធ្លាក់ចុះយ៉ាងគំហុក ដែលបណ្តាលមកពីមេរោគឆ្លងកូវីដ១៩ និងតម្លៃប្រេងហក់ឡើងខ្ពស់ផងដែរ៕
អត្ថបទ៖ ហ៊ុន គន្ធថៃ