តម្លៃប្រេងឆៅសកល បានធ្លាក់ចុះអស់ ២%ទៀត នៅថ្ងៃច័ន្ទនេះ ក្រោយអ្នកវិនិយោគបារម្ភពីការរឹតត្បិតថ្មីៗលើសកម្មភាពសេដ្ឋកិច្ច ធុរកិច្ច និងការធ្វើដំណើរ ដែលបានដាក់ចេញដោយរដ្ឋាភិបាលប្រទេសមួយចំនួននៅតំបន់អឺរ៉ុប ចំពោះមុខការរីករាលដាលឆ្លងកូវីដ១៩អូមីក្រុង។
ជាក់ស្តែង តម្លៃប្រេងអង់គ្លេស នៅថ្ងៃច័ន្ទនេះ មានតម្លៃ ៧២ដុល្លារ១៦សេន ក្នុងមួយធុងបារ៉ែល ធ្លាក់ថ្លៃអស់ជាង១ដុល្លារ៣០សេន ស្មើនឹងជិត២%។ រីឯប្រេងឆៅរបស់អាមេរិកវិញ មានតម្លៃត្រឹម ៦៩ដុល្លារ ៣៥សេនប៉ុណ្ណោះក្នុងមួយធុងបារ៉ែល ធ្លាក់ចុះជាង ១ដុល្លារ៥០សេន ស្មើនឹង ២,១%។
លោក ខេវិន វ៉ុង (Keven Wong) អ្នកវិភាគផ្នែកទីផ្សារមកពីចក្រភពអង់គ្លេស បានឲ្យដឹងថា ការធ្លាក់ចុះតម្លៃប្រេងឆៅនៅដើមសប្តាហ៍នេះ ដោយសារតែ ក្តីបារម្ភពីការដាក់ចេញនូវវិធានការរឹតត្បិតសកម្មភាពសេដ្ឋកិច្ច និងសង្គម ដើម្បីទប់ទល់នឹងកំណើនកូវីដ១៩អូមីក្រុង។ ការកម្រិតសកម្មភាពសេដ្ឋកិច្ច និងសង្គម នឹងឈានទៅធ្វើឲ្យតម្រូវការប្រើប្រាស់ប្រេងថយចុះ។
ជាក់ស្តែង ប្រទេសហូឡង់កាលពីសប្តាហ៍មុន បានប្រកាសពីការបិទខ្ទប់ប្រទេសចាប់ពីថ្ងៃអាទិត្យទី១៩ រហូតដល់ពាក់កណ្តាលខែមករា ឆ្នាំ២០២២។ ការសម្រេចនេះត្រូវបាននាយករដ្ឋមន្ត្រីហូឡង់ ពន្យល់ថា គឺដើម្បីបញ្ជៀសរលកឆ្លងទី៥ ដោយអូមីក្រុងដែលឆ្លងលឿន និងឆ្លងខ្លាំង។
ដោយឡែក សហរដ្ឋអាមេរិកមិនបានបិទខ្ទប់ប្រទេស ឬដាក់ចេញវិធានការអ្វីឡើយ ទោះបីករណីឆ្លងថ្មីកំពុងកើនឡើងដល់ទៅ ៥០%ក្តី ដោយអ្នកជំនាញគ្រាន់តែចេញមកក្រើនរំឭកឲ្យពលរដ្ឋ ពាក់ម៉ាស់ក្នុងទីសារធារណៈ និងនៅពេលធ្វើដំណើរក្នុងថ្ងៃឈប់សម្រាកខាងមុខ ព្រមទាំងបានជំរុញឲ្យគេទៅទទួលយកថ្នាំវ៉ាក់សាំងដូសជំរុញតែប៉ុណ្ណោះ ។
សូមជម្រាបថា តម្លៃប្រេងឆៅសកលត្រូវបានអ្នកជំនាញ ប៉ាន់ស្មានថា នឹងបន្តធ្លាក់ថ្លៃបន្ថែមទៀត ប្រសិនបើប្រទេសកាន់តែច្រើន ផ្តើមដាក់ចេញវិធានការរឹតត្បិត ឬឈានដល់ការបិទខ្ទប់ប្រទេស ដែលធ្វើឲ្យតម្រូវការប្រេងមានតិច៕