
តម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិបានធ្លាក់ចុះជិត៤%មកនៅត្រឹម៦៨,៧៩ដុល្លារប៉ុណ្ណោះក្នុង១បារ៉ែលនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ ដែលជាម្លៃទាបបំផុតចាប់តាំងពីអ៊ីស្រាអែលបានបើកការវាយប្រហារលើអ៊ីរ៉ង់ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ កន្លងទៅនេះ។ ការធ្លាក់ចុះតម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិនេះបានកើតឡើងក្រោយលោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិកបានប្រកាសថា អ៊ីស្រាអែល និងអ៊ីរ៉ង់បានឯកភាពលើបទឈប់បាញ់មួយ។
លោក ត្រាំ ដែលបានបញ្ហាឱ្យកងកម្លាំងអាម៉េរិកវាយប្រហារលើទីតាំងនុយក្លែអ៊ែរបស់អ៊ីរ៉ង់ កាលពីចុងសប្តាហ៍មុនជឿជាក់ថា ជម្លោះរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែលដែលបានអូសបន្លាយពេលអស់រយៈពេលជាង១០ថ្ងៃនឹងបញ្ចប់ក្នុងរយៈពេល២៤ម៉ោងប៉ុណ្ណោះ ប្រសិនបើភាគីទាំងសងខាងរក្សាសន្តិភាពតាមការសន្យា។
ការប្រកាសពីបទឈប់បាញ់របស់លោក ដូណាល់ ត្រាំ ក៏បានធ្វើឱ្យទីផ្សារភាគហ៊ុននៅលើពិភពលោក ជាពិសេសនៅសហរដ្ឋអាម៉េរិកបានហក់ឡើងថ្លៃបន្តិចវិញផងដែរ ក្នុងនោះតម្លៃភាគហ៊ុននៅលើទីផ្សារ S&P 500 មានការកើនឡើង០,៣% និងផ្សារភាគហ៊ុន Nasdaq ហក់ឡើង០,៥%៕
ដោយៈ សរ សុជាតិ