ស្របពេលដែលវិស័យមូលបត្រកម្ពុជាកាន់តែមានការរីកចម្រើន និងរួមចំណែកសំខាន់ក្នុងសេដ្ឋកិច្ច និយ័តករមូលបត្រកម្ពុជា ត្រៀមនឹងដាក់ចេញផែនការយុទ្ធសាស្រ្តអភិវឌ្ឍវិស័យមូលបត្ររយៈពេលវែងនៅឆ្នាំ២០២៤ ខាងមុខនេះផងដែរ។
នាពិធីពិព័រណ៍ផ្សារភាគហ៊ុនកម្ពុជា «My First Stock» ឆ្នាំ២០២៣ និងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធជួញដូរតាមអនឡាញ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកផ្សារមូលបត្រកម្ពុជា បានបង្ហាញពីការប្តេជ្ញាចិត្តនឹងកៀរគរវិនិយោគិនឲ្យចូលមកវិនិយោគក្នុងវិស័យមូលបត្រនេះឲ្យបានកាន់តែច្រើនបន្ថែមទៀត បើទោះបីបច្ចុប្បន្នការជួញដូរភាគហ៊ុនហាក់បង្ហាញទំនោរធ្លាក់ចុះបន្តិចក្តី។
បើតាមការវាយតម្លៃរបស់ថ្នាក់ដឹកនាំផ្សារមូលបត្ររូបនេះ វិស័យផ្សារមូលបត្រកម្ពុជា នៅតែមានភាពរឹងមាំ និងបានចូលរួមយ៉ាងសំខាន់ក្នុងជួយស្តារ និងជំរុញកំណើនសេដ្ឋកិច្ច។ សម្រាប់អ្នកជំនាញរូបនេះ តាមរយៈការសម្របសម្រួលឲ្យមានការបើកគណនីជួញដូរតាមប្រព័ន្ធអនឡាញ និងយុទ្ធការលើកទឹកចិត្តនានា ដល់វិនិយោគិនបានធ្វើឲ្យចំនួនគណនីជួញដូរការកើនឡើងជាបន្តបន្ទាប់។ ជាក់ស្តែង ចំនួនវិនិយោគិនមានការកើនឡើងជាលំដាប់ ខណៈបច្ចុប្បន្នគណនីជួញដូរសរុបបានកើនឡើងដល់ជាង៤ម៉ឺន៤ពាន់គណនី។ យ៉ាងណាមិញថ្នាក់ដឹកនាំផ្សារមូលបត្រកម្ពុជារំពឹងយ៉ាងមុតមាំថា ចំនួនគណនីជួញដូរសរុបនឹងកើនឡើងដល់១០ម៉ឺនគណនីនៅត្រឹមឆ្នាំ២០២៤ ខណៈនៅចុងឆ្នាំ២០២៣ ផ្សារមូលបត្ររំពឹងចំនួនគណនីជួញដូរសរុបនឹងកើនដល់៥ទៅ៦ម៉ឺនគណនី។
ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា កត់សម្គាល់ឃើញថា នៅប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យមូលបត្រកម្ពុជា ហាក់មានការរីកចម្រើនគួរឲ្យកត់សម្គាល់ និងមានសក្ដានុពលខ្ពស់ក្នុងការជំរុញការអភិវឌ្ឍស្ទើគ្រប់វិស័យ។ បើតាមឯកឧត្តម ស៊ូ សុជាតិ ដើម្បីធានាឲ្យបាននូវការអភិវឌ្ឍន៍វិស័យមូលបត្រកម្ពុជាប្រកបដោយប្រសិទ្ធិភាព បរិយាបន្ន និងនិរន្តភាព រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ ដែលក្នុងនោះបានរំលេចនូវគោលនយោបាយការអភិវឌ្ឍន៍វិស័យមូលបត្រកម្ពុជាផងដែរ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវយុទ្ធសាស្រ្ត និងគោលនយោបាយច្បាស់លាស់ជាច្រើនទៀត ដូចជាយុទ្ធសាស្រ្តអភិវឌ្ឍវិស័យហិរញ្ញវត្ថុជាដើម។ បើតាមឯកឧត្តម ស៊ូ សុជាតិ ដោយមើលឃើញពីសារសំខាន់របស់វិស័យមូលបត្រកម្ពុជា ក្នុងការរួមចំណែកក្នុងកំណើនសេដ្ឋកិច្ច និយ័តករមូលបត្រកម្ពុជាត្រៀមនឹងដាក់ចេញផែនការយុទ្ធសាស្រ្តអភិវឌ្ឍវិស័យមូលបត្ររយៈពេលវែងនៅឆ្នាំ២០២៤ ខាងមុខនេះផងដែរ ដើម្បីជំរុញនិងលើកកម្ពស់វិស័យនេះឲ្យកាន់តែប្រសើរថែមមួយកម្រិតទៀត។
ទន្ទឹមគ្នានេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលនានា ដែលផ្សារមូលបត្រកម្ពុជា សម្រេចបាននាពេលកន្លងមក ជាពិសេសទាក់ទងនឹងការសម្របសម្រួលឲ្យមានការបើកគណនីតាមប្រព័ន្ធអនឡាញតែម្ដង ដែលវានឹងក្លាយជាផ្នែកជួយសម្រួលដល់អ្នកវិនិយោគ។ តែយ៉ាងណាឯកឧត្តមស្នើដល់ផ្សារមូលបត្រកម្ពុជា និងនិយ័តករមូលបត្រកម្ពុជា បង្កើតក្រុមការក្នុងការធ្វើការរួមគ្នា សំដៅធ្វើយ៉ាងណាឲ្យវិស័យមូលបត្រកម្ពុជា កាន់តែរីកចម្រើនថែមមួយកម្រិតទៀត។ ស្របពេលដែលរាជរដ្ឋាភិបាលបានចាត់ទុកវិស័យនេះ ជាវិស័យសំខាន់មួយក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា។
សូមបញ្ជាក់ថា បច្ចុប្បន្នផ្សារមូលបត្រកម្ពុជា មានក្រុមហ៊ុនចុះបញ្ជីចំនួន២០ ក្នុងនោះក្រុមហ៊ុនចំនួន១១ បានចុះបញ្ជីបោះផ្សាយលក់ភាគហ៊ុន និង៩ក្រុមហ៊ុនចុះបញ្ជីលក់សញ្ញាបណ្ណ ឬបណ្ណបំណុល។ ដោយឡែក ទំហំជួយដូរភាគហ៊ុននៅកម្ពុជា បច្ចុប្បន្នបានធ្លាក់មកនៅក្នុងរង្វង់២០ម៉ឺនដុល្លារក្នុង១ថ្ងៃ ខណៈកាលពីឆ្នាំ២០២២ ទំហំជួញដូរជាមធ្យមក្នុងរង្វង់៥០ម៉ឺនដុល្លារក្នុង១ថ្ងៃ។ ការធ្លាក់ចុះនេះត្រូវបានអ្នកជំនាញរូបនេះវាយតម្លៃថា គឺបណ្តាលមកពីការជះឥទ្ធិពលពីវិបត្តិសង្គ្រាម និងបញ្ហាសេដ្ឋកិច្ចសកលជាដើម ដ្បិតបញ្ហាទាំងនេះបានធ្វើឱ្យអ្នកវិនិយោគមានការព្រួយបារម្ភធ្វើឱ្យប៉ះពាល់ដល់ស្ថានភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា និងបានធ្វើឱ្យអ្នកវិនិយោគមួយចំនួនស្ទាក់ស្ទើរក្នុងការប្រឡូកចូលក្នុងវិស័យភាគហ៊ុន៕