កត្តាប្រឈមរបស់កម្ពុជាក្នុងការទាក់ទាញវិនិយោគជប៉ុន

តើអ្វីខ្លះជាកត្តាប្រឈមរបស់កម្ពុជាក្នុងការទាក់ទាញវិនិយោគជប៉ុន?


ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជាបានបង្ហាញពីបញ្ហាប្រឈមមួយចំនួន ដែលកំពុងក្លាយជាឧបសគ្គសម្រាប់កម្ពុជាក្នុងការទាក់ទាញវិនិយោគិនបរទេស ជាពិសេសវិនិយោគិនជប៉ុនឲ្យមកបោះទុនវិនិយោគ និងពង្រីកអាជីវកម្មនៅកម្ពុជា។ បញ្ហាប្រឈមទាំងនោះ គឺពាក់ព័ន្ធបញ្ហាធនធានមនុស្ស តម្លៃដឹកជញ្ជូន និងអគ្គិសនី និងច្បាប់មួយចំនួន ខណៈភាគីជប៉ុន និងកម្ពុជាកំពុងធ្វើការរួមគ្នា ដើម្បីដោះស្រាយលើបញ្ហានេះជាបណ្ដើរៗផងដែរ។
ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា

ទោះយ៉ាងណាឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ជឿជាក់ថា កម្ពុជានឹងក្លាយជាគោលដៅដំបូងគេសម្រាប់ក្រុមហ៊ុនជប៉ុនក្នុងការធ្វើពិពិធកម្មនៃមូលដ្ឋានផលិតកម្ម និងការផ្គត់ផ្គង់ក្នុងទម្រង់បូកជាមួយប្រទេសជិតខាង ព្រោះកម្ពុជាមានទីតាំងភូមិសាស្ត្រល្អសម្រាប់ការដោះដូរពាណិជ្ជកម្មនៅក្នុងតំបន់។

ក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយសារព័ត៌មានខេមបូណូមីស ឯកឧត្តម មិកាមិ ម៉ាហាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា បានលើកឡើងពីសក្តានុពល និងបញ្ហាប្រឈមមួយរបស់កម្ពុជាក្នុងការទាក់ទាញវិនិយោគិនបរទេសឲ្យមកបោះទុនវិនិយោគ និងពង្រីកអាជីវកម្មលើវិស័យនានានៅកម្ពុជា។ ឯកឧត្តមបានគូសបញ្ជាក់ថា បញ្ហាប្រឈមដែលវិនិយោគិនជប៉ុនបានជួបប្រទះសម្រាប់ការវិនិយោគនៅកម្ពុជា មានដូចជាបញ្ហាដឹកជញ្ជូននិងអគ្គិសនីនៅមានតម្លៃខ្ពស់ជាដើម។ ជាពិសេស ឧបសគ្គធំបំផុតសម្រាប់វិនិយោគិនជប៉ុនក្នុងការពង្រីកការវិនិយោគនៅកម្ពុជា គឺកង្វះធនធានមនុស្សគុណភាពខ្ពស់ ដែលធ្វើឲ្យអ្នករកស៊ីជនជាតិជប៉ុនពិបាកក្នុងការស្វែងដៃរកគូវិនិយោគលើវិស័យឧស្សាហកម្មផលិតកម្ម ដែលជាវិស័យសក្តានុពលរបស់ជប៉ុន។ កត្តានេះហើយដែលធ្វើឲ្យក្រុមហ៊ុនឧស្សាហកម្មផលិតកម្មរបស់ជប៉ុននៅមានចំនួនតិចតួចនៅកម្ពុជា។

តែយ៉ាងណាឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ជឿជាក់ថា កម្ពុជានឹងក្លាយជាគោលដៅដំបូងគេសម្រាប់វិនិយោគិនជប៉ុនក្នុងការធ្វើពិពិធកម្មមូលដ្ឋានផលិតកម្ម និងការផ្គត់ផ្គង់បូកជាមួយប្រទេសជិតខាងដូចជាថៃ និងវៀតណាមជាដើម។ ព្រោះបើមើលទៅលើភូមិសាស្ត្រនយោបាយប្រទេសកម្ពុជាស្ថិតនៅចំកណ្តាលនៃតំបន់មេគង្គ ដែលធ្វើឲ្យកម្ពុជាមានសក្តានុពលខ្ពស់សម្រាប់ការវិនិយោគលើវិស័យផលិត និងនាំចេញ។ លើសពីនេះនៅក្នុងអំឡុងវិបត្តិកូវីដ-១៩ កន្លងមកកម្ពុជានៅតែអាចមានសមត្ថភាពផលិតគ្រឿងបន្លាស់សម្រាប់ផ្គត់ផ្គង់ទីផ្សារជំនួសឲ្យប្រទេសដទៃ។

ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ បានគូសបញ្ជាក់ថា បើតាមការធ្វើសម្រង់សំណួរស្ថិតិរបស់ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា គិតត្រឹមឆ្នាំ២០២១ មានក្រុមហ៊ុនជប៉ុនប្រមាណ៤០០ បាននិងកំពុងធ្វើប្រតិបត្តិការនៅកម្ពុជា។ ហើយបើតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គិតត្រឹមដំណាច់ឆ្នាំ២០២០ ក្រុមហ៊ុនជប៉ុនវិនិយោគនៅកម្ពុជាមានទំហំប្រមាណ២,៩ពាន់លានដុល្លារអាមេរិក។ បើក្រឡេកទៅមើលការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរវិញឃើញថា កាលពីឆ្នាំ២០២១ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានឈានដល់ជាង២ពាន់លានដុល្លារអាមេរិកក្នុងនោះកម្ពុជាបាននាំចេញទៅជប៉ុនមានតម្លៃជាង១ពាន់៧រយលានដុល្លារខណៈជប៉ុននាំចូលទំនិញមកកម្ពុជាមានជាង៦រយលានដុល្លារអាមេរិកតែប៉ុណ្ណោះ។ នេះបើតាមការគូសបញ្ជាក់របស់ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ។

បើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករនៅ៥ខែឆ្នាំ២០២២ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជាជប៉ុនសម្រេចបានជាង៧៧៨លានដុល្លារអាមេរិកកើនឡើងជាង១៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១ ដែលមានត្រឹមតែជិត៧រយលានដុល្លារអាមេរិក។ ក្នុងនោះកម្ពុជានាំទំនិញចេញទៅជប៉ុនមានតម្លៃជាង៤៦២លានដុល្លារ ខណៈជប៉ុននាំទំនិញចូលមកម្ពុជាមានតម្លៃជាង៣១៦លានដុល្លារ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សំបកកង់ ‘BFGoodrich ADVANTAGE TOURING’ ផលិតឡើងដើម្បីវាយលុកទីផ្សារសំបកកង់សម្រាប់ការបើកបរលើផ្លូវធម្មតា ដោយមានទំហំច្រើនជម្រើសគ្របដណ្ដប់កាន់តែធំចាប់ពីរថយន្តប្រភេទ SEDANS ភីកអាប់ មីនីវែន រហូតដល់ CUVs & SUVs

ព័ត៌មាន
ដោយមាននូវកិត្តិសព្ទម៉ាកដ៏គួរឱ្យទុកចិត្តរយៈពេល 150 ឆ្នាំជាមួយនឹងប្រវត្តិសាស្ត្រនៃសំបកកង់សម្រាប់ផ្លូវធម្មតា កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន BFGoo…

តើវៀតណាមមានលក្ខណៈពិសេសអ្វីខ្លះ ក្នុងភាពជាដៃគូពាណិជ្ជកម្មខ្វះមិនបានរបស់កម្ពុជា?

ព័ត៌មាន
ប្រទេសកម្ពុជា និងវៀតណាម ជាប្រទេសក្បែរខាងគ្នា និងមានទំនាក់ទំនងពាណិជ្ជកម្មយ៉ាងស្អិតល្មួតជាមួយគ្នា ក្នុងនោះ វៀតណាម គឺជាទីផ្សារដ៏ធំមួយសម្រាប់…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ