ការផ្គត់ផ្គង់ត្រីធម្មជាតិបច្ចុប្បន្ន

សម្តេចធិបតី ជំរុញឱ្យអ្នកចិញ្ចឹមត្រីពង្រីកការចិញ្ចឹម ដើម្បីធានាសន្តិសុខស្បៀង និងតម្រូវការក្នុងស្រុក


សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាបានជំរុញឱ្យអ្នកចិញ្ចឹមត្រីពង្រើកការចិញ្ចឹមត្រីរបស់ខ្លួនបន្ថែមទៀត ដើម្បីធានាសន្តិសុខស្បៀង និងតម្រូវការប្រើប្រាស់ក្នុងស្រុក ព្រោះបច្ចុប្បន្នត្រីធម្មជាតិបានថយចុះគួរឱ្យកត់សម្គាល់ ដែលមិនអាចផ្គត់ផ្គង់គ្រប់តាមតម្រូវការ។ ការជំរុញបែបនេះរបស់សម្តេចធិបតី ធ្វើឡើងនាពិធីអបអរ ទិវាមច្ឆជាតិ ១កក្កដា ២០២៤ នៅស្រុកព្រៃឈរ ខេត្តកំពង់ចាម។
ការផ្គត់ផ្គង់ត្រីធម្មជាតិបច្ចុប្បន្ន
ដោយ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាបានចាត់ទុកការរៀបចំ ទិវាមច្ឆជាតិ ១កក្កដា ២០២៤ គឺការបំផុសនូវចលនា និងជំរុញការចិញ្ចឹមត្រីនៅកម្ពុជា ដើម្បីធានានូវសន្តិសុខស្បៀង និងការហូបចុករបស់ប្រជាពលរដ្ឋដែលបានកើនឡើងជាបន្តបន្ទាប់។ តួយ៉ាង បើតាមការបញ្ជាក់របស់សម្តេចធិបតី ការផ្គត់ផ្គង់ត្រីជាលក្ខណៈធម្មជាតិបច្ចុប្បន្ន គឺមិនអាចធានាបានគ្រប់គ្រាន់ទៅតាមតម្រូវការដូចកាលពីមុននោះទេ ដោយសារបញ្ហាទឹកគោករាក់ នៃបឹងទន្លេមួយចំនួន និងការថយចុះនៃអ្នកនេសាទជាដើម ដែលបញ្ហានេះទាមទារឱ្យមានការបំពេញបន្ថែមតាមរយៈការជំរុញឱ្យមានការចិញ្ចឹមត្រីឱ្យបានច្រើនបន្ថែមទៀត។ ជាមួយគ្នានេះ សម្តេចធិបតី ក៏បានជំរុញឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ និងនេសាទ បន្តយកការយកចិត្តទុកដាក់ក្នុងការស្រាវជ្រាវប្រភពត្រី ការភ្ញាស់ ការអភិរក្ស ការចែកចាយ និងការព្រលែងត្រីជាបន្តទៀតផងដែរ ពោលគឺការព្រលែងត្រីនេះ មិនមែនធ្វើឡើងតែមួយឆ្នាំម្តងនាទិវាមច្ឆជាតិនេះនោះទេ។

បើតាម ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ និងនេសាទ កម្ពុជាសម្រេចបានផលវារីវប្បកម្មសរុបចំនួន៣១៤ពាន់តោន ទាំងទឹកសាបនិងសមុទ្រ នៅក្នុងឆ្នាំ២០២៣កន្លងទៅ ដែលជាការរួមចំណែកកាត់បន្ថយសម្ពាធលើធនធានជលផលធម្មជាតិ កាត់បន្ថយការនាំចូល ទ្រទ្រង់ជីវភាពវារីវប្បករ និងលើកស្ទួយសេដ្ឋកិច្ចជាតិផងដែរ។ យ៉ាងណាមិញ កម្ពុជាសម្រេចបានការនាំចេញផលិតផលជលផលទាំងស្រស់ និងកែច្នៃរួចចំនួនជិត៣ពាន់តោនក្នុងឆ្នាំ២០២២ និងជាង៣ពាន់៥រយតោនក្នុងឆ្នាំ២០២៣ ទៅប្រទេសជិតខាង។ មិនតែប៉ុណ្ណោះ កម្ពុជាក៏បាននាំចេញផលិតផលជលផលចំនួន៥០តោនក្នុងឆ្នាំ២០២៣ និងចំនួន៣៨តោនក្នុងរយៈពេល៥ខែឆ្នាំ២០២៤នេះ ទៅកាន់ប្រទេសចិន ក្រោយពីប្រទេសទាំងពីរបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយគ្នាកាលពីឆ្នាំ២០២០។

សូមជម្របថា ក្រសួងកសិកម្មបានរៀបចំ ទិវាមច្ឆជាតិ១កក្កដា លើកទី១៩ នៅទីតាំងបឹងធំ ក្នុងភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដែលតី្រមេពូជ កូនត្រី និងវារីសត្វសរុបជាង២០ប្រភេទ ដែលមានចំនួនប្រមាណ ១,៥លានក្បាល ត្រូវបានព្រលែងចូលទៅក្នុងបឹងនេះ៕

អត្ថបទ សោម ស្រីពេជ្រ និងរូបភាពឯកសារ

None



អត្ថបទបន្ទាប់


កម្ពុជាកំពុងសិក្សាបង្កើតផ្សារបោះដុំបន្ថែម ដើម្បីជំរុញការនាំចេញកសិផលខ្មែរទៅក្រៅប្រទេស

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានបង្ហើបថា បច្ចុប្បន្នកម្ពុជាកំពុងសិក្សាបង្កើតផ្សារបោះដុំអន្តរជាតិថ្មីមួយទៀតនៅរាជធានីភ្នំពេញ ដើម្បីជួយជំរុញការនា…

តើអ្នកជំនាញយល់ឃើញបែបណាចំពោះការបំពេញទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសជប៉ុន នៅកម្ពុជា?

បើមិនមានការប្រែប្រួលទេ លោកស្រី ខាមីខាវ៉ា យ៉ូកុ រដ្ឋមន្ត្រីការបរទេសជប៉ុន នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា ពីថ្ងៃទី៥ ដល់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ