អាកាសយានដ្ឋានអន្ដរជាតិតារាសាគរ

ព្រលានយន្តហោះតារាសាគរ នឹងបើកការហោះហើរនៅខែសីហា ខាងមុខ ក្រោយពន្យារពេលជាច្រើនលើក


បន្ទាប់ពីបានពន្យារពេលដាក់ឱ្យដំណើរការអស់ជាច្រើនលើកច្រើនសារ នៅទីបំផុតអាកាសយានដ្ឋានអន្តរជាតិតារាសាគរ ខេត្តកោះកុង គ្រោងដាក់ឱ្យដំណើរការហោះហើរក្នុងស្រុកជំហានដំបូងសាកល្បងនៅខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ ខណៈបច្ចុប្បន្នដំណើរការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានារបស់អាកាសយានដ្ឋាននេះសម្រេចបានស្ទើរតែទាំងស្រុងហើយ។ នេះបើតាមការអះអាងរបស់អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល។
អាកាសយានដ្ឋានអន្ដរជាតិតារាសាគរ
ដោយ

ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានគូសបញ្ជាក់ថា តាមរយៈកិច្ចប្រជុំកម្រិតបច្ចេកទេសដើម្បីពិនិត្យវាយតម្លៃវឌ្ឍនភាពអាកាសយានដ្ឋានអន្តរជាតិតារាសាគរនាពេលថ្មីៗនេះ ក្រុមហ៊ុនអភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិនេះ បានស្នើសុំដាក់ដំណើរការហោះហើរលក្ខណៈក្នុងស្រុកកម្រឹតបឋមជំហានដំបូង នៅខែសីហា ឆ្នាំ២០២៤ខាងមុខនេះ។ បើតាមមន្ត្រីជាន់ខ្ពស់រូបនេះ ជាលទ្ធផលតាមរយៈការចុះពិនិត្យពីមន្រ្តីជំនាញ អាកាសយានដ្ឋានអន្តរជាតិតារាសាគរនេះ គឺមានលក្ខណៈបច្ចេកទេសគ្រប់គ្រាន់ក្នុងការធ្វើប្រតិបត្តិការហោះហើរក្នុងស្រុកបាន ខណៈបច្ចុប្បន្នអាកាសយានដ្ឋាននេះសម្រេចបានការសាងសង់ស្ទើរតែ១០០% ហើយ។ តែយ៉ាងណាក្រោយប្រតិបត្តិការហោះហើរក្នុងស្រុកជំហានដំបូង ក្រុមហ៊ុនត្រូវបន្តធ្វើនីតិវិធីជាបន្តបន្ទាប់ទៀត ដើម្បីអាចឈានទៅរកការបើកការហោះហើរកម្រិតមធ្យម កម្រិតធំ និងជាលក្ខណះអន្តរជាតិនាពេលខាងមុខបន្តទៀត។

បើតាមការបញ្ជាក់របស់ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា បើគ្មានអ្វីប្រែប្រួលទេការបើកដំណើរការអាកាសយានដ្ឋានអន្តរជាតិតារាសាគរ គ្រោងនឹងធ្វើឡើងនៅក្នុងបំណាច់ខែសីហា ឆ្នាំ២០២៤ខាងមុខ ក្នុងកម្រឹតបឋមដំណាក់កាលទី១ ពោលគឺសម្រាប់តែអាកាសយានខ្នាតតូចកម្រិត2B ប៉ុណ្ណោះ ហើយក្នុងករណីក្រុមហ៊ុនមានគោលបំណងចង់បើកប្រតិបត្តិការហោះហើរលក្ខណៈអន្តរជាតិ គឺត្រូវស្នើសុំវិញ្ញាប័នបត្រពីអាកាសចរណ៍ស៊ីវិលជាចាំបាច់។

តាមការរំពឹងទុករបស់អ្នកជំនាញ ក្រោយព្រលានយន្តហោះនេះដាក់ឱ្យដំណើរការ វានឹងជួយធ្វើឲ្យវិស័យទេសចរណ៍របស់ខេត្តកោះកុង កាន់តែមានភាពរីកចម្រើនបន្ថែមទៀត ជាពិសេសជួយស្រូបទាញភ្ញៀវទេសចរបរទេសឱ្យមកកម្សាន្តនៅខេត្តនេះកាន់តែច្រើនថែមទៀត។ លើសពីនេះ ព្រលានយន្តហោះនេះនឹងរួមចំណែកជួយសម្រួលដល់ការដឹកជញ្ជូនតាមផ្លូវអាកាស ទាក់ទាញការវិនិយោគ និងជំរុញការធ្វើពាណិជ្ជកម្មជាមួយបណ្តាប្រទេសផ្សេងៗផងដែរ។

គួរបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិតារាសាគរដំណាក់កាលទី១ អភិវឌ្ឍន៍លើផ្ទៃដី២១៨ហិកតា និងមានដីបម្រុងសម្រាប់ការអភិវឌ្ឍន៍បន្តចំនួន១ពាន់ហិកតា ដោយគ្រោងចំណាយថវិកាប្រមាណ២រយលានដុល្លារ ដែលជាការវិនិយោគគាំទ្រវិស័យទេសចរណ៍។ តាមផែនការអភិវឌ្ឍន៍រយៈពេលខ្លី និងមធ្យម ព្រលានយន្តហោះនេះរំពឹងទទួលបានអ្នកដំណើរ៧លាននាក់ និងទំនិញ១ម៉ឺនតោនក្នុង១ឆ្នាំចាប់ពីឆ្នាំ២០២១-២០៣០ និងបន្តកើនឡើងអ្នកដំណើរ២០លាននាក់ និងទំនិញ៦ម៉ឺនតោនក្នុង១ឆ្នាំចាប់ពីឆ្នាំ២០៣០-២០៥០។ ព្រលានយន្តហោះដែលមានទីតាំងស្ថិតនៅស្រុកគិរីសាគរ និងបុទុមសាគរខេត្តកោះកុងនេះ ជាលំដាប់ 4E និង 4F ដែលមានសមត្ថភាពអាចឲ្យយន្តហោះធំៗដូចជាអ៊ាបើស A-350-900 និងប៊ូអ៊ីង 777 អាចចុះចតបាន៕

អត្ថបទ សោម ស្រីពេជ្រ និងរូបភាពឯកសារ

None



អត្ថបទបន្ទាប់


ក្រុមហ៊ុន Boeing យល់ព្រមទិញយកភាគហ៊ុនរបស់ក្រុមហ៊ុន Spirit Aero ក្នុងតម្លៃជាង៤ពាន់លានដុល្លារ

ក្រុមហ៊ុនផលិតយន្តហោះអាម៉េរិក Boeing កាលពីថ្ងៃអាទិត្យ បានយល់ព្រមទិញយកភាគហ៊ុនរបស់ក្រុមហ៊ុន Spirit AeroSystems ក្នុងតម្លៃជាង៤ពាន់លានដុល្…

ផ្ទុះវត្តមានដង្កូវហ្វូងមិនទាន់ចប់ផង ពេលនេះដំណាំស្រូវនៅខេត្តចំនួន៣ កំពុងរងការបំផ្លាញពីរុយស

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានអះអាងថា ស្របពេលដំណាំកសិកម្មនៅកម្ពុជាកំពុងរងការបំផ្លិចបំផ្លាញពីដង្កូវហ្វូងស្រាប់ហើយនោ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ