សេដ្ឋកិច្ចថៃ

បញ្ហាបំណុល និងភាពទន់ខ្សោយនៃសេដ្ឋកិច្ចនឹងក្លាយជាបន្ទុកសម្រាប់រដ្ឋាភិបាលចម្រុះរបស់លោក អានុទីន


បញ្ហាបំណុលគ្រួសារ កំណើនសេដ្ឋកិច្ចយឺត និងការធ្លាក់ចុះកម្លាំងទិញរបស់ពលរដ្ឋ កំពុងក្លាយជាវិញ្ញាសាដ៏លំបាកបំផុតសម្រាប់រដ្ឋាភិបាលចម្រុះថ្មីរបស់ប្រទេសថៃ ដែលទើបនឹងកើតចេញពីការបោះឆ្នោតកាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ កន្លងទៅនេះ។ ស្ថានភាពសេដ្ឋកិច្ចដ៏ទន់ខ្សោយ នឹងក្លាយជាការសាកល្បងសមត្ថភាពដ៏ធំសម្រាប់សម្ពន្ធភាពរវាងគណបក្សភូមិចៃថៃ និងគណបក្សភឿថៃ ក្នុងការស្រោចស្រង់សេដ្ឋកិច្ចជាតិឡើងវិញ។
សេដ្ឋកិច្ចថៃ
ដោយ

នាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរៈគុល បានប្រកាសខ្លួនត្រៀមរួចជាស្រេចក្នុងការកាច់ចង្កូតសេដ្ឋកិច្ចថៃ ក្រោយទទួលបានជ័យជម្នះក្នុងការបោះឆ្នោតកាលពីថ្ងៃទី៨ ខែកុម្ភៈ ប៉ុន្តែលោកត្រូវប្រឈមមុខនឹងបញ្ហាប្រឈម នៃការស្តារសេដ្ឋកិច្ចដ៏ទន់ខ្សោយរបស់ប្រទេសថៃឡើងវិញ។ ទិន្នន័យផ្លូវការ ដែលបានចេញផ្សាយនៅដើមសប្តាហ៍នេះ បានបង្ហាញថា ផលិតផលក្នុងស្រុកសរុបរបស់ថៃ នៅឆ្នាំ២០២៥ សម្រេចបានកំណើនតែ២,៤% ប៉ុណ្ណោះ ខណៈកាលពីឆ្នាំ២០២៤ សម្រេចបាន២,៩%។ កំណើនសេដ្ឋកិច្ចថៃ ស្ថិតក្នុងកម្រិតទាបជាងគេ បើធៀបនឹងប្រទេសធំៗនៅក្នុងតំបន់អាស៊ាន ដូចជា ហ្វីលីពីន សិង្ហបុរី ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងវៀតណាម។

ទោះបីជាវិស័យឧស្សាហកម្ម ផលិតកម្ម និងសេវាកម្មម្ហូបអាហារមានការងើបឡើងវិញខ្លះៗ ប៉ុន្តែល្បឿននៃការកើនឡើងមានសភាពយឺតយ៉ាវបំផុត ខណៈវិស័យទេសចរណ៍ដែលជាសរស្ដម្ភ​សេដ្ឋកិច្ចបានបង្ហាញសញ្ញាធ្លាក់ចុះ។ អ្នកវិភាគបានលើកឡើងថា សេដ្ឋកិច្ចថៃ កំពុងញាំញីដោយសារតម្រូវការប្រើប្រាស់ក្នុងស្រុកធ្លាក់ចុះទាប និងបំណុលគ្រួសារហក់ឡើងខ្ពស់រហូតដល់ជិត៩០% នៃ GDP។ បន្ថែមលើនេះ ភាពតានតឹងនៅតាមព្រំដែនជាមួយប្រទេសជិតខាងរួមទាំងកម្ពុជា ក៏បានធ្វើឱ្យទំហំពាណិជ្ជកម្មឆ្លងដែនរបស់ថៃ មានការថយចុះផងដែរ។

លោក ថាណាវ៉ាត ផុលវីឆៃ (Thanawat Pholwichai) នាយកមជ្ឈមណ្ឌលព្យាករសេដ្ឋកិច្ចនៃសាកលវិទ្យាល័យសភាពាណិជ្ជកម្មថៃ បានសង្កត់ធ្ងន់ថា បំណុលគ្រួសារ គឺជាបញ្ហាស្នូលរបស់រដ្ឋាភិបាលថៃ ដែលត្រូវដោះស្រាយ។ លោកយល់ថា រដ្ឋាភិបាលថៃ គួរតែដាក់ចេញគោលនយោបាយបង្កើនប្រាក់ចំណូលដល់គ្រួសារ ដែលមានចំណូលមធ្យម និងទាប តាមរយៈការជំរុញការវិនិយោគថ្មីៗ ដើម្បីបង្កើតការងារ។ លោកក៏បានលើកទឹកចិត្តឱ្យមានផែនការរៀបចំរចនាសម្ព័ន្ធបំណុលឡើងវិញ ជាពិសេសសម្រាប់ពលរដ្ឋ ដែលជាប់បំណុលខ្នាតតូចក្នុងរង្វង់ប្រមាណ៣,២០០ដុល្លារអាម៉េរិក។

ជាមួយគ្នានេះ លោក ហ្គេរ៉េត លេឌ័រ (Gareth Leather) អ្នកសេដ្ឋកិច្ចនៃក្រុមហ៊ុន Capital Economics ក៏បានព្រមានដែរថា ក្រៅពីបំណុលគ្រួសារ រដ្ឋាភិបាលថៃ ក៏ត្រូវដោះស្រាយបញ្ហាបំណុលសាធារណៈ ដែលកើនឡើងដល់៦៥% នៃ GDP ដែលជាកម្រិតមួយខ្ពស់បំផុតនៅក្នុងតំបន់ផងដែរ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ក្រុមហ៊ុនជប៉ុន ប្រមាណ២០ក្រុមហ៊ុននឹងមកសិក្សាលទ្ធភាពទិញគ្រាប់ស្វាយចន្ទីកែច្នៃរួចនៅកម្ពុជា ខណៈអ្នកជំនាញហាក់បារម្ភពីសមត្ថភាពផ្គត់ផ្គង់

ប្រធានសមាគមស្វាយចន្ទីកម្ពុជា ហាក់មានការព្រួយបារម្ភចំពោះសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីក្នុងស្រុក ដែលនៅមានកម្រិតនៅឡើយ ខណៈក្រុមហ៊ុនបញ្ជាទិញខ្នាត…

បញ្ហាសន្លឹកឆ្នោតមានលេខបាកូដ អាចធ្វើឱ្យការបោះឆ្នោតនៅប្រទេសថៃ រងការបរាជ័យ

ប្រធានគណៈកម្មាធិការអភិវឌ្ឍន៍នយោបាយ នៃព្រឹទ្ធសភាថៃ បានលើកឡើងថា ការបោះឆ្នោតសកលកាលពីថ្ងៃទី៨ ខែកុម្ភៈ កន្លងទៅ អាចប្រឈមនឹងភាពបរាជ័យ ដោយសារត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ