![វិស័យបច្ចេកវិទ្យា](https://cdn.cambonomist.com/media/images/ngth_b_DeepSeek_sdadadsa.2e16d0ba.fill-960x540.jpg)
ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិ (NIS) របស់កូរ៉េខាងត្បូង បានអះអាងកាលពីចុងសប្តាហ៍មុនថា កម្មវិធីអេបបញ្ញាសិប្បនិម្មិត DeepSeek របស់ចិន កំពុងប្រមូលយកទិន្នន័យផ្ទាល់ខ្លួនដ៏ច្រើនក្រៃលែង ក្រោយពីទីភ្នាក់ងារនេះបានផ្ញើលិខិតទៅកាន់ស្ថាប័នរដ្ឋាភិបាលកូរ៉េខាងត្បូង កាលពីសប្តាហ៍មុន ដោយជំរុញឱ្យពួកគេចាត់វិធានការសុវត្ថិភាពលើកម្មវិធីអេបបញ្ញាសិប្បនិម្មិតនេះ។
ទីភ្នាក់ងារ NIS លើកឡើងថា កម្មវិធីអេបរបស់ DeepSeek នេះខុសពីកម្មវិធីអេប AI ផ្សេងទៀត ដោយសារកំណត់ហេតុជជែកគ្នារបស់កម្មវិធីនេះអាចផ្ទេរទៅកន្លែងផ្សេងទៀតបាន ហើយវាអាចកំណត់អត្តសញ្ញាណបុគ្គល និងធ្វើទំនាក់ទំនងជាមួយនឹងម៉ាស៊ីនមេរបស់ក្រុមហ៊ុនចិនមួយចំនួន។
ក្រសួងរដ្ឋាភិបាលមួយចំនួននៅក្នុងប្រទេសកូរ៉េខាងត្បូង បានបិទការចូលប្រើប្រាស់កម្មវិធីនេះដោយលើកឡើងពីការព្រួយបារម្ភអំពីសុវត្ថិភាពដូចទៅនឹងសកម្មភាពរបស់ប្រទេសអូស្ត្រាលី និងតៃវ៉ាន់ ដែលបានក្រើនរំលឹក ឬដាក់កម្រិតលើការប្រើកម្មវិធីអេប DeepSeek ដូច្នេះដែរ។
ទីភ្នាក់ងារ NIS បាននិយាយថា កម្មវិធីអេប DeepSeek ផ្តល់ឱ្យអ្នកផ្សាយពាណិជ្ជកម្មនូវការចូលប្រើទិន្នន័យអ្នកប្រើប្រាស់ដោយគ្មានដែនកំណត់ និងរក្សាទុកទិន្នន័យអ្នកប្រើប្រាស់នៅកូរ៉េខាងត្បូង នៅក្នុងម៉ាស៊ីនមេរបស់ចិន ហើយថា បើតាមច្បាប់របស់ចិន រដ្ឋាភិបាលចិននឹងអាចទទួលបានព័ត៌មានបែបនេះនៅពេលមានការស្នើសុំ។
ក្រុមហ៊ុន DeepSeek មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការបំភ្លឺពាក់ព័ន្ធនឹងវិធានការរបស់ក្រសួង-ស្ថាប័នរដ្ឋាភិបាលរបស់កូរ៉េខាងត្បូង ចំពោះការរារាំងកម្មវិធីអេបបញ្ញាសិប្បនិម្មិត DeepSeek នេះនោះទេ៕
អត្ថបទ៖ សុខ មង្គល