![លោក អេឡិន ម៉ាស](https://cdn.cambonomist.com/media/images/trvbnrrngmnaoychlbrbrpnthtttasdads.2e16d0ba.fill-960x540.jpg)
លោក ផូល អេនជែលម៉េយើ (Paul Engelmayer) ចៅក្រមតំបន់ម៉ាន់ហាតាន់ នៅបុរីញូវយ៉ក សហរដ្ឋអាម៉េរិក បានចេញដីកាមួយកាលពីថ្ងៃសៅរ៍ ដើម្បីរារាំងនាយកដ្ឋានប្រសិទ្ធភាព រដ្ឋាភិបាល (DOGE) ដែលដឹកនាំដោយមហាសេដ្ឋី អេឡិន ម៉ាស មិនឱ្យចូលប្រើប្រព័ន្ធទូទាត់ប្រាក់សហព័ន្ធជាបណ្ដោះអាសន្ន ដោយសារខ្លាចក្រុមនេះ បង្ហាញព័ត៌មានរសើបៗចេញទៅក្រៅ។
ការសម្រេចរបស់ចៅក្រមរូបនេះ បានធ្វើឡើងបន្ទាប់ពីក្រុមមេធាវី នៃគណបក្សប្រជាធិបតេយ្យ មកពីរដ្ឋចំនួន១៩ របស់សហរដ្ឋអាម៉េរិក បានដាក់ពាក្យបណ្ដឹងកាលពីល្ងាចថ្ងៃសុក្រ ដោយលើកហេតុផលថា នាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាលរបស់កំពូលមហាសេដ្ឋី អេឡិន ម៉ាស នេះ គ្មានអំណាចផ្លូវច្បាប់ក្នុងការចូលប្រើប្រព័ន្ធក្រសួងរតនាគាររបស់សហរដ្ឋអាម៉េរិកឡើយ។
សេចក្តីសម្រេចនេះក៏បានអនុវត្តចំពោះអ្នកទទួលការតែងតាំងនយោបាយផ្សេងទៀត នៅក្នុងរដ្ឋបាលរបស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ផងដែរ។
លោក ម៉ាស បាននិយាយតាមប្រព័ន្ធផ្សព្វផ្សាយសង្គម X របស់លោក ដោយហៅការចេញដីកានេះថាពិតជាឆ្កួតមែនទែន។ មហាសេដ្ឋីរូបនេះ បាននិយាយថា ក្រសួងរតនាគារ និងនាយកដ្ឋានរបស់លោក បានយល់ព្រមតម្រូវឱ្យការបង់ប្រាក់របស់រដ្ឋាភិបាលទាំងអស់ត្រូវរួមបញ្ចូលហេតុផលមួយក្នុងទម្រង់ជាមតិយោបល់ និងតម្រូវឱ្យមានលេខកូដចំណាត់ថ្នាក់។
លោក ម៉ាស ក៏បាននិយាយដែរថា បញ្ជីឈ្មោះអង្គភាពដែលមិនត្រូវបង់ប្រាក់ និងដែលមិនគួរទទួលបានការបង់ប្រាក់ពីរដ្ឋាភិបាលគួរតែធ្វើបច្ចុប្បន្នភាពយ៉ាងហោចឱ្យបានរៀងរាល់សប្តាហ៍ បើមិនអាចធ្វើបានជាប្រចាំថ្ងៃទេនោះ។ ការផ្លាស់ប្ដូរនេះ គឺជាក់ស្តែង និងចាំបាច់ ហើយវាត្រូវបានអនុវត្តដោយបុគ្គលិករដ្ឋាភិបាល គឺមិនមែនដោយនរណាម្នាក់នៅនាយកដ្ឋានរបស់លោក ម៉ាស ឡើយ។
ពាក្យបណ្តឹងបានសរសេរថា លោក ម៉ាស និងក្រុមរបស់លោកអាចរំខានដល់ការផ្តល់មូលនិធិសហព័ន្ធសម្រាប់គ្លីនិកសុខភាព សាលាមត្តេយ្យ គំនិតផ្តួចផ្តើមអាកាសធាតុ និងកម្មវិធីផ្សេងទៀត ហើយថាលោក ត្រាំ អាចប្រើព័ត៌មាននេះ ដើម្បីបន្តរបៀបវារៈនយោបាយរបស់លោក៕
អត្ថបទ៖ សុខ មង្គល