Micron ត្រៀម ១០០ពាន់លានដុល្លារ សង់រោងចក្រឈីបដ៏ធំបំផុតមួយ

ក្រុមហ៊ុនយក្សអាមេរិក Micron គ្រោងវិនិយោគ ១០០ពាន់លានដុល្លារសង់រោងចក្រផលិតបន្ទះឈីប


ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិក Micron Technology បានប្រកាសផែនការវិនិយោគក្នុងទំហំទឹកប្រាក់ប្រមាណ ១០០ពាន់លានដុល្លារសម្រាប់រយៈពេលជាង ២០ឆ្នាំក្រោយ សង់រោងចក្រក្នុងទីក្រុងញ៊ូយ៉ក សហរដ្ឋអាមេរិក ដើម្បីជំរុញការផលិតឈីបក្នុងស្រុក បញ្ចៀសការខ្វះខាតដូចដែលធ្លាប់បានជួបប្រទះរួចមកហើយក្នុងអំឡុងវិបត្តិជំងឺកូវីដ-១៩ ធ្វើឱ្យប៉ះពាល់ខ្លាំងដល់ឧស្សាហកម្មធំៗ និងដើម្បីប្រកួតប្រជែងជាមួយចិន។ នេះបើតាមសេក្ដីរាយការណ៍ដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
ក្រុមហ៊ុនយក្សអាមេរិក Micron គ្រោងវិនិយោគ ១០០ពាន់លានដុល្លារសង់រោងចក្រផលិតបន្ទះឈីប

ការប្រកាសពីផែនការវិនិយោគលើការផលិតបន្ទះឈីបដ៏សម្បើមរបស់ក្រុមហ៊ុន Micron គឺធ្វើឡើងនៅចំពេលដែល រដ្ឋាភិបាលទីក្រុងវ៉ាស៊ិនតោនថ្មីៗនេះ ទើបតែបានសម្រេចអនុម័តច្បាប់ក្នុងការគាំទ្រដល់ការផលិតបន្ទះឈីបក្នុងស្រុកកាន់តែខ្លាំង ដើម្បីប្រជែងទប់ទល់នឹងការរះត្រដែតឡើងនៃមហាយក្សចិន ពិសេសក្នុងទីផ្សារបច្ចេកវិទ្យា។

យោងតាមការចុះផ្សាយរបស់ភ្នាក់ងារសារព័ត៌មាន Reuters ឱ្យដឹងថា គម្រោងវិនិយោគក្នុងទឹកប្រាក់ដ៏ច្រើនសម្បើមនេះ ត្រូវបានក្រុមហ៊ុន Micron អះអាងថា វានឹងក្លាយជារោងចក្រផលិតបន្ទះឈីបដ៏ធំបំផុតក្នុងពិភពលោក ដែលអាចផ្តល់ការងារដល់មនុស្សប្រមាណ ៥ម៉ឺននាក់។ ដំណាក់កាលទីមួយនៃគម្រោងនេះ គឺមានទឹកប្រាក់ ២០ពាន់លានដុល្លារ នឹងរួចរាល់នៅចុងទសវត្សរ៍នេះ ខណៈការសាងសង់នៅចាប់ផ្តើមនៅឆ្នាំក្រោយ។

ដើម្បីគាំទ្របន្ថែមចំពោះគម្រោងរោងចក្រថ្មីនេះ អាជ្ញាធរក្រុងញូវយ៉ក ក៏បានសន្យាសាងសង់ផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធជាមួយនឹងកញ្ចប់ទឹកប្រាក់ ២០០លានដុល្លារ ព្រមទាំងមូលនិធិសហគមន៍ ១០០លានដុល្លារផងដែរ។ ទន្ទឹមនេះ ខ្លួនក៏នឹងពិនិត្យមើលលទ្ធភាពបញ្ចុះថ្លៃប្រើប្រាស់ថាមពល និងផ្តល់ការលើកទឹកចិត្តឱ្យក្រុមហ៊ុន Micro ដែលមានតម្លៃស្មើ ៥,៥ពាន់លានដុល្លារទៀតផង ចំពោះគម្រោងទាំងមូល។

សូមរំលឹកថា កាលពីខែសីហាកន្លងទៅ ក្រុមហ៊ុន Micron ក៏ធ្លាប់បានប្រកាសផែនការរបស់ខ្លួនក្នុងការវិនិយោគ ៤០ពាន់លានដុល្លារនៅត្រឹមឆ្នាំ២០៣០ ក្នុងការសាងសង់រោងចក្រផលិតបន្ទះឈីបអង្គចងចាំ ដែលមានបែងចែកជាច្រើនដំណាក់កាលនៅសហរដ្ឋអាមេរិកផងដែរ។

សន្ទុះនៃការវិនិយោគលើការផលិតឈីបនៅសហរដ្ឋអាមេរិកក្នុងរយៈពេលចុងក្រោយនេះ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន បានចេញក្រឹត្យស្តីពីការវិនិយោគលើការផលិត ឈីប និងវិទ្យាសាស្រ្ត កាលពីខែសីហា ពោលគឺ ក្រោមច្បាប់នេះ រដ្ឋាភិបាលក្រុងវ៉ាស៊ិនតោន បានផ្តល់ការឧបត្ថម្ភធនប្រមាណជិត ៥៣ពាន់លានដុល្លារសម្រាប់ការស្រាវជ្រាវ និងផលិតបន្ទះឈីប ដើម្បីជំរុញការប្រកួតប្រជែងជាមួយប្រទេសចិន។ ក្រោយការចេញក្រឹត្យនេះ ក្រុមហ៊ុន Intel Corp និង Brookfield Asset Management របស់កាណាដា បានព្រមព្រៀងរួមគ្នាក្នុងទឹកប្រាក់ដល់ ៣០ពាន់លានដុល្លារសម្រាប់រោងចក្រឈីប ក្នុងរដ្ឋអារីហ្សូណា។

ជុំវិញការវិនិយោគរបស់ក្រុមហ៊ុន Micron ខាងលើនេះផងដែរ ត្រូវបានលោក ចូ បៃឌិន បានកោតសរសើរថា ជាជ័យជម្នះមួយទៀតសម្រាប់អាមេរិក ហើយនឹងអាចបង្កើតការងារល្អរាប់ម៉ឺនកន្លែង។

មិនមែនមានតែក្រុមហ៊ុនអាមេរិក Micron នោះទេ ដែលមានផែនការដ៏សម្បើមក្នុងការផលិតបន្ទះឈីបនេះ ថ្មីៗនេះ ក្រុមហ៊ុនយក្ស Samsung របស់កូរ៉េខាងត្បូងក៏បានប្រកាសពីផែនការ នៅឆ្នាំ២០២៧ នឹងបង្កើនការផលិតបន្ទះឈីបដែលមានសមត្ថភាពខ្ពស់របស់ខ្លួនឲ្យបានដល់ទៅជាង៣ដង លើសពីសមត្ថភាពនាពេលបច្ចុប្បន្នផងដែរ៕

អត្ថបទ៖ នៅ សំភី




អត្ថបទបន្ទាប់


អ្នកសិក្សាផ្នែកសេដ្ឋកិច្ចព្រមានគោលនយោបាយសេដ្ឋកិច្ចថ្មីរបស់អង់គ្លេស អាចបណ្តាលឱ្យមនុស្សស្លាប់ច្រើនជាងកូវីដ១៩ទៅទៀត

ព័ត៌មាន
ក្រុមអ្នកសិក្សាផ្នែកសេដ្ឋកិច្ចបានព្រមានថា គោលនយោបាយសេដ្ឋកិច្ចរបស់រដ្ឋាភិបាលអង់គ្លេសអាចបណ្តាលឱ្យមានមនុស្សស្លាប់ច្រើនជាងជំងឺរាតត្បាតកូវីដ១៩ទៅទៀ…

យន្តការកំណត់តម្លៃប្រេងរុស្ស៊ី នឹងជួយសន្សំប្រាក់រាប់ពាន់លានដុល្លារសម្រាប់ប្រទេសមានទីផ្សារកំពុងរីកចម្រើន

ព័ត៌មាន
ការប៉ាន់ប្រមាណរបស់ក្រសួងសេដ្ឋកិច្ចអាមេរិកឱ្យដឹងថា យន្តការរបស់សហរដ្ឋអាមេរិក រួមជាមួយសម្ព័ន្ធមិត្តលើការកំណត់តម្លៃប្រេងរុស្ស៊ី នឹងជួយដល់ប្រទេ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ