ឆ្លើយតបនឹងចម្ងល់របស់ប្រជាពលរដ្ឋមួយចំនួន ដែលព្រួយបារម្ភខ្លាចរាជរដ្ឋាភិបាលឈប់អភិវឌ្ឍន៍បណ្តាខេត្តភូមិភាគឦសាន ក្រោយកម្ពុជាប្រកាសដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) នោះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ បានអះអាងថា ទោះមាន ឬមិនមានកិច្ចសហប្រតិបត្តិការ CLV-DTA ក៏រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តអភិវឌ្ឍតំបន់ភូមិភាគឦសាន ក៏ដូចជាការធានានូវការការពារទឹកដី និងអធិបតេយ្យភាពរបស់កម្ពុជា ដ្បិតថា នេះគឺជាការចង់បានរបស់ប្រជាពលរដ្ឋខ្មែរយ៉ាងច្រើនលើសលប់ ជាពិសេសអ្នកដែលរស់នៅខេត្តភូមិភាគឦសានផ្ទាល់។ សម្តេចធិបតី បានសង្កត់ធ្ងន់ថា គោលនយោបាយជំរុញការអភិវឌ្ឍភូមិភាគឦសានរបស់កម្ពុជា រួមទាំងការបោះបង្គោលព្រំដែនជាមួយប្រទេសជិតខាង និងការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ពិសេសផ្លូវក្រវាត់ព្រំដែន និងការដាក់ចេញនូវកញ្ចប់លើកទឹកចិត្ត និងជំរុញការវិនិយោគខេត្តភូមិភាគឦសានឆ្នាំ២០២៥ គឺរាជរដ្ឋាភិបាលនៅតែរក្សាធ្វើដដែល ដោយមិនមានការប្រែប្រួលនោះទេ។
ទន្ទឹមនឹងនេះ ការរៀបចំដំណើរទស្សនកិច្ចទៅកាន់ខេត្តភូមិភាគឦសាន រៀងរាល់ចុងសប្តាហ៍រហូតដល់ដំណាច់ឆ្នាំ២០២៤ សម្តេចធិបតីអះអាងថា ក៏បន្តរក្សាឱ្យនៅដដែលដូចគ្នា ដើម្បីឱ្យពលរដ្ឋបានទស្សនាជាក់ស្តែងនូវបណ្តាខេត្តភូមិភាគឦសានរបស់កម្ពុជា។ បើការគូសបញ្ជាក់របស់សម្តេចធិបតី គិតមកទល់ពេលនេះមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនមានអ្នកចូលរួមបរិច្ចាគជាង៧០ម៉ឺននាក់ជាមួយទំហំទឹកប្រាក់ប្រមាណ២១លានដុល្លារអាម៉េរិក។ ថវិកាទាំងនេះរាជរដ្ឋាភិបាលនឹងយកទៅប្រើប្រាស់លើការកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន ហើយរាជរដ្ឋាភិបាលនឹងបន្តទទួលថវិការហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤។ បើតាមសម្តេចធិបតី ការកសាងផ្លូវក្រវាត់ព្រំដែនរបស់កម្ពុជាជាមួយប្រទេសទាំង៣ឡាវ-ថៃ-វៀតណាម បានចាប់ផ្តើមឡើងតាំងពីឆ្នាំ១៩៩៤មកម្ល៉េះ ហើយរហូតមកដល់បច្ចុប្បន្ន កម្ពុជាសម្រេចការកសាងបានប្រមាណ១,៣០០គីឡូម៉ែត្រ និងនៅសល់ប្រមាណ១,៣០០គីឡូម៉ែត្រទៀត ដែលត្រូវធ្វើបន្ត។
គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ បន្ទាប់ពីកិច្ចសហប្រតិបត្តិការដែលផ្តួចផ្តើមដោយកម្ពុជានេះត្រូវបានអនុវត្តអស់រយៈពេល២៥ឆ្នាំ។ បើតាមការអះអាងរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ការដកខ្លួនចេញពីគម្រោងនេះ គឺដើម្បី«ដកអាវុធចេញពីដៃពួកជ្រុលនិយម»កុំឱ្យមានលទ្ធភាពប្រើប្រាស់ CLV-DTA បោកប្រាស់ប្រជាជនកម្ពុជាតទៅទៀត ដ្បិតរបៀបធ្វើការរបស់សម្តេច «មិនអង្គុយបក់ផ្សែងនោះទេ គឺត្រូវពន្លត់ភ្លើងទាំងស្រុង»៕
អត្ថបទ សោម ស្រីពេជ្រ និងរូបភាពឯកសារ