បញ្ហាបំណុដោយសង្គ្រាមអ៊ុយក្រែន

ប្រទេសកំពុងអភិវឌ្ឍន៍រងបញ្ហាបំណុលកាន់តែអាក្រក់ ដោយសារវិបត្តិសង្គ្រាមនៅអ៊ុយក្រែន


សង្គ្រាមនៅប្រទេសអ៊ុយក្រែនកំពុងធ្វើឱ្យរដ្ឋាភិបាលនៃប្រទេសដែលមានទីផ្សារកំពុងតែរីកចម្រើនជាច្រើន បានជួបនូវភាពយ៉ាប់យ៉ឺនកាន់តែខ្លាំងក្លាក្នុងការទូទាត់បំណុលដល់ម្ចាស់បំណុលបរទេសជំរុញឱ្យមានការព្រួយបារម្ភកាន់តែខ្លាំងពីលទ្ធភាពកើតមានវិបត្តិ ដែលអាចធ្វើឲ្យរង្គោះរង្គើទីផ្សារនិងធ្វើឱ្យប៉ះពាល់ដល់ការស្តារសេដ្ឋកិច្ចពិភពលោកឡើងវិញ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន The Wall Street Journal។
សង្គ្រាមអ៊ុយក្រែន កំពុងធ្វើឱ្យ ប្រទេសដែលមានទីផ្សារកំពុងអភិវឌ្ឈជាច្រើន ជួបភាពយ៉ាប់យ៉ឺនកាន់តែខ្លាំង។

ប្រទេស​ដែល​កំពុង​អភិវឌ្ឍន៍​ជា​ច្រើន​មាន​បំណុល​កើនឡើង​គរ​ដូច​ភ្នំ​នៅ​ក្នុងអំឡុងពេល ១​ទស្សវត្សរ៍​កន្លង​មកនេះ ខណៈ​ដែល​អតិផរណា និង អត្រា​ការ​ប្រាក់​មាន​កម្រិត​ទាប ហើយ​ក្នុង​រយៈពេល ២​ឆ្នាំ​ចុង​ក្រោយ​នេះ ការ​ចំណាយ​ហាក់បីដូច​មានការ​កើនឡើង​ខ្លាំង ដោយសារ​តែ​ជំងឺ​កូ​វី​ដ​១៩​។

បន្ថែម​ពី​នេះ ការ​ឈា្ល​ន​ពាន​របស់​រុ​ស្ស៊ី​ទៅ​លើ​ប្រទេស​អ៊ុយ​ក្រែ​ន និង​ការ​ដាក់​ទណ្ឌកម្ម​របស់​បស្ចិម​លោក​ទៅ​លើ​រុ​ស្ស៊ី​បាន​ធ្វើ​ឱ្យ​ស្បៀងអាហារ ថាមពល និង​តម្លៃ​ទំនិញ​ផ្សេង​ៗ​ទៀត​បាន​កើនឡើង ស្រប​ពេល​ធនាគារកណ្ដាល​ធំ​ៗ​ជា​ច្រើន​កំពុង​បង្កើន​អត្រា​ការ​ប្រាក់​ដើម្បី​ទប់​អតិផរណា​។

ឥឡូវនេះ​ចាប់ពី​ទីក្រុង Islamabad ប្រទេស​ប៉ា​គី​ស្ថាន​រហូត​ដល់ទី​ក្រុង​គែរ (Cairo) ប្រទេស​អេ​ហ្ស៊ី​ប បន្ត​ទៅ​ទីក្រុង ប៊ូ​ណូ​ស៊ែរ (Buenos Aires) ប្រទេស​អា​ហ្ស​ង់​ទី​ន គឺថា មន្ត្រី​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​អស់នេះ​កំពុង​ជួប​បញ្ហា​នៃ​ការ​កើនឡើង​តម្លៃ​នាំ​ចូល និង​វិក្កយបត្រ​បំណុល​បន្ថែម​ពីលើ​វិបត្តិ​ជំងឺ​កូ​វី​ដ​១៩ ដែល​កំពុង​ញ៉ាំ​ញី​ដល់​សេដ្ឋកិច្ច​។

នៅ​ទ្វីបអាស៊ី​ឯណេះ​វិញ កាលពី​ស​ប្ដា​ហ៍​មុន ប្រទេស​ស្រី​លង្កា​បាន​និយាយ​ថា ខ្លួន​នឹង​ផ្អាក​ការ​ទូទាត់​បំណុល​បរទេស និង​បាន​ស្នើ​សុំ​ជំនួយ​ហិរញ្ញវត្ថុ​បន្ទាន់​ពី​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ (IMF)​។ ក្រសួង​ហិរញ្ញវត្ថុ​របស់​ប្រទេស​នេះ បាន​និយាយ​ថា​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន និង​ជំងឺ​កូ​វី​ដ​១៩​បាន​ប៉ះពាល់​ដល់​ប្រាក់​ចំណូល​ពី​វិស័យ​ទេសចរណ៍​ជា​ហេតុ​ធ្វើ​ឱ្យ​ប្រទេស​ដី​កោះ​មួយ​នេះ មិន​អាច​សងបំណុល​គេ​បាន​។

លោក កេ​ណិ​ត រ៉ូ​ហ្គូ​ហ្វ (Kenneth Rogoff) សេដ្ឋវិទូ​នៅ​សកល​វិទ្យាល័យ Harvard បាន​និយាយ​ក្នុង​អំឡុង​កិច្ច​ពិភាក្សា​ជាមួយនឹង​អង្គការ​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ IMF នា​ពេល​ថ្មី​ៗ​នេះ​ថា វា​នឹង​មានការ​ខកខាន​សងបំណុល ហើយ​វា​ក៏​នឹង​មាន​វិបត្តិ​ជា​ច្រើន​ផង​ដែរ​។ នៅ​ពេល​ដែល​ពួក​គេ​មាន​ភាព​តក់ស្លុត​ខ្លាំង​បែប​នេះ គឺ​អ្វី​ៗ​អាច​នឹង​កើតឡើង​បាន​គ្រប់ពេលវេលា​។

លោកស្រី ស៊ី​ឡា ផា​ហ្សា​បា ស៊ីអូ​គ្លូ (Ceyla Pazarbasioglu) នាយិកា  IMF ផ្នែក​យុទ្ធសាស្ត្រ គោលនយោបាយ និង​ការ​ត្រួតពិនិត្យ​បាន​និយាយ​ថា ខណៈ​ដែល IMF មិន​បាន​ព្យាករណ៍​ពី​វិបត្តិ​បំណុល​សកល​នៅ​ពេល​នេះ ដោយសារ​តែ​ពួក​គេ​មានការ​ព្រួយបារម្ភ​ខ្លាំង​ពី​ហានិភ័យ​។

លោកស្រី​បាន​បញ្ជាក់​ថា ការ​ខ្ចីប្រាក់​ជា​សកល​រួម​គ្នា​របស់​រដ្ឋាភិបាល ក្រុមហ៊ុន​សាជីវកម្ម និង​គ្រួ​សារបាន​កើនឡើង ២៨ ភាគរយ​ដល់​អត្រា ២៥៦ ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប​របស់​ពិភពលោក​ក្នុង​ឆ្នាំ​២០២០ ហើយ​វា​គឺជា​កម្រិត​មួយ​ដែល​មិន​ធ្លាប់​មាន​ចាប់តាំងពី​សង្គ្រាមលោក​ទាំង​ពីរ​។

សូម​បញ្ជាក់​ថា មាន​ប្រហែល ៦០% នៃ​ប្រទេស​ចំណូល​ទាប ពោល​គឺ​មាន​ប្រហែល​៧០​ប្រទេស គឺ​ត្រូវ​បាន​ចាត់​ចូល​នៅ​ក្នុង​កម្មវិធី​ផ្អាក​ការ​ទូទាត់​បំណុល​ជាស​កល​នៅ​ក្នុង​អំឡុង​វិបត្តិ​ជំងឺ​រាតត្បាត​កូ​វី​ដ​១៩ ដែល​ស្ថិត​នៅ​ក្នុង​កម្រិត​ជា​ហានិភ័យ​ខ្ពស់​នៃ​វិបត្តិ​បំណុល​។ នេះ​បើ​តាម​ទិន្នន័យ​ពី IMF៕

អត្ថបទ​៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការនាំចូលជីកសិកម្មរបស់វៀតណាមបានធ្លាក់ចុះ ប៉ុន្តែការចំណាយខ្ពស់ជាងមុន ៥៥ %

ព័ត៌មាន
ការនាំចូលជីកសិកម្មរបស់វៀតណាមបានធ្លាក់ចុះជិត៨% ក្នុងខែមីនាឆ្នាំនេះ ធៀបនឹងខែមីនាឆ្នាំមុន ដោយមានបរិមាណនាំចូលត្រឹមតែ ៣ ម៉ឺន ២ សែនតោនប៉…

រដ្ឋាភិបាលចិនកំពុងជួយដល់វិស័យរថយន្ត និងក្រុមហ៊ុនផលិតបន្ទះឈីបក្នុងទីក្រុងសៀងហៃពីការបិទខ្ទប់

ព័ត៌មាន
ប្រទេសចិននឹងជួយក្រុមហ៊ុនផលិតរថយន្ត ក្រុមហ៊ុនផលិតបន្ទះឈីប និងអាជីវកម្មសំខាន់ៗផ្សេងទៀត ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីមានការបិទខ្ទប់ក្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ