ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ដែលកំពុងជួបប្រជុំនៅ G២០ នៅកោះបាលី បាននិយាយថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តនៃអង្គការណាតូកំពុងស៊ើបអង្កេតថា តើការបាញ់មីស៊ីល ដែលបានផ្លោងចូលក្នុងប្រទេសប៉ូឡូញ ពិតជាស្នាដៃរប់រុស្ស៊ីមែន ឬយ៉ាងណា ទោះបីជាព័ត៌មានបឋមបានបង្ហាញថាវាមិនមែនជាមីស៊ីលដែលបាញ់ចេញពីប្រទេសរុស្ស៊ីក៏ដោយ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ។
បើទោះបីជាមិនទាន់មានការបញ្ជាក់ច្បាស់ការមែន តែទាំងអ៊ុយក្រែន និងអាជ្ញាធរប៉ូឡូញថា គ្មានស្នាដៃអ្នកណាក្រៅពីមីស៊ីលរបស់ទីក្រុងម៉ស្គូនោះឡើយ ស្របពេលដែលមេដឹកនាំធំៗរបស់ពិភពលោកបាននិងកំពុងប្រមូលផ្តុំគ្នានៅក្នុងប្រទេសឥណ្ឌូនេស៊ីសម្រាប់កិច្ចប្រជុំ G20 នៅថ្ងៃទី ១៥ និង១៦ខែវិច្ឆិកា និងក៏បានថ្កោលទោសសង្គ្រាមរុស្ស៊ី ដែលបានជះឥទ្ធិពលអាក្រក់មិនធ្លាប់មានទៅលើសដ្ឋកិច្ចពិភពលោកផងដែរ។
លោក បៃដិន បានថ្លែងពីកោះបាលីយ៉ាងដូច្នេះថា៖ យើងមិនអាចចោទប្រកាន់រុស្ស៊ីទេ ហើយលោកក៏បានជំទាស់ថា ជាស្នាដៃរបស់ម៉ូស្គូដែរ។ ប៉ុន្ដែ លោកបៃឌិន សង្កត់ធ្ងន់ថា យើងនឹងដឹងអំពីរឿងនេះថាតើមីស៊ីលនោះពិតជាបានបាញ់ចេញពីប្រទេសរុស្ស៊ីតម្រង់មកប៉ូឡូញមែន ឬុយ៉ាងណា បន្ទាប់ពីសើបអង្កេតទាំងស្រុង ហើយអាមេរិក និងសម្ព័ន្ធមិត្តនឹងធ្វើសកម្មភាពចំពោះរឿងនេះ»។
យោងតាមក្រសួងការបរទេសប៉ូឡូញបានឱ្យដឹងថា គ្រាប់រ៉ុក្កែតបានធ្លាក់នៅថ្ងៃអង្គារ ទី ១៥ វិច្ឆិកា វេលាម៉ោង ៣:៤០ រសៀល លើភូមិព្សេវ៉ូដូ (Przewodow) ដែលជាភូមិមួយនៅភាគខាងកើតប្រទេសប៉ូឡូញ និងមានចម្ងាយប្រហែល ៦ គីឡូម៉ែត្រពីព្រំដែនជាមួយអ៊ុយក្រែន។ ប្រជាពលរដ្ឋប៉ូឡូញម្នាក់សុំមិនបញ្ចេញឈ្មោះបាននិយាយថា ជនរងគ្រោះទាំងពីរនាក់ជាបុរសបានស្លាប់នៅជិតកន្លែងស្តុកគ្រាប់ធញ្ញជាតិ ដោយសារតែមីស៊ីលដែលបានបាញ់នេះ។
ភ្លាមៗ ក្រោយមានដំណឹងបែបនេះ នាយករដ្ឋមន្ត្រីប៉ូឡូញលោក ម៉ាតួស ម៉ូរ៉ាវាស្គី (Mateusz Morawiecki) បានកោះប្រជុំជាបន្ទាន់នៃគណៈកម្មាធិការសន្តិសុខ និងការពារជាតិ ដែលគណៈកម្មាធិការនោះរួមមានប្រមុខការពារជាតិ ក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ និងក្រសួងការបរទេស ព្រមទាំងអ្នកសម្របសម្រួលសេវាស៊ើបការណ៍សម្ងាត់របស់ប្រទេសប៉ូឡូញផងដែរ។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យរដ្ឋាភិបាលប៉ូឡូញ បាននិយាយនៅលើប្រព័ន្ធថ្វីតធឺកាលពីថ្ងៃអង្គារ។
ដោយឡែក ប្រធានាធិបតីប៉ូឡូញ លោក អានសេក ដូដា (Andrzej Duda) នៅថ្ងៃពុធនេះ បានប្រាប់អ្នកយកព័ត៌មានថា ប៉ូឡូញមិនទាន់មានភស្តុតាងច្បាស់លាស់ដែលបង្ហាញថា អ្នកណាជាអ្នកនៅពីក្រោយនៃការវាយប្រហារនេះទេ តែលោកនឹងបង្កើនការឃ្លាំមើលដែនអាកាសរបស់ប៉ូឡូញបន្ទាប់ពីឧប្បត្តិហេតុនេះ។
ផ្ទុយទៅវិញ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បាននិយាយចំៗថា គ្មាននរណាក្រៅតែពីមីស៊ីលរបស់រុស្ស៊ី ដែលធ្វើការវាយប្រហារលើប៉ូឡូញ ចំពេលដែលស្ថានការកំពុងតែពិបាកគ្រប់គ្រងនេះ។ តែលោកមិនមានភស្តុតាងច្បាស់លាស់ក្នុងការចោទប្រកាន់នោះទេ។
យោងតាមប្រភពសារព័ត៌មាន AP បានដកស្រង់សម្តីមន្ត្រីចារកម្មអាមេរិកជាន់ខ្ពស់មួយរូប ដែលនិយាយថា ការផ្ទុះនេះ គឺជាប្រភេទមីស៊ីលផលិតនៅក្នុងប្រទេសរុស្ស៊ី បានឆ្លងចូលប្រទេសប៉ូឡូញ។ ប៉ុន្តែនៅទីក្រុងវ៉ាស៊ីនតោន មន្ទីរបញ្ចកោណ សេតវិមាន និងក្រសួងការបរទេសសហរដ្ឋអាមេរិក បាននិយាយថា ពួកគេមិនអាចបញ្ជាក់របាយការណ៍នេះបានទេ ហើយកំពុងធ្វើការជាមួយរដ្ឋាភិបាលប៉ូឡូញ ដើម្បីប្រមូលព័ត៌មានបន្ថែម។
យ៉ាងណាក៏ដោយ ក្រសួងការពារជាតិរុស្ស៊ីបានចេញមុខបដិសេធ និងថាការចោទប្រកាន់ការវាយប្រហារនោះជាទង្វើរបស់រុស្ស៊ីគឺ «ជាការបង្កហេតុដោយចេតនាក្នុងគោលបំណងធ្វើឱ្យស្ថានការណ៍សង្គ្រាមរីករាលដាលកាន់តែរីកធំតែប៉ុណ្ណោះ។ ក្នុងសេចក្តីថ្លែងការណ៍នោះបានបន្ថែមថា៖ «គ្មានទេការវាយប្រហារលើគោលដៅក្បែរព្រំដែនប្រទេសអ៊ុយក្រែន-ប៉ូឡូញ»។ ជាមួយគ្នានេះ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ពេស្គូវ (Dmitry Peskov) បាននិយាយថា លោកមិនបានដឹងព័ត៌មានអំពីការផ្ទុះនៅក្នុងប្រទេសប៉ូឡូញទេ។
គួរជម្រាបថា ប្រទេសរុស្ស៊ីបានវាយប្រហារមីស៊ីលទីក្រុងនានានៅទូទាំងប្រទេសអ៊ុយក្រែនកាលពីថ្ងៃអង្គារ ទី ១៥វិច្ឆិកា នៅរដ្ឋធានីកៀវ និងទីក្រុងលីវី (Lviv) ដែលមានចម្ងាយមិនដល់៨០គីឡូម៉ែត្រពីព្រំដែនជាមួយប្រទេសប៉ូឡូញ។ ដូចនេះ គេអាចធ្វើការប៉ាន់ស្មានថា អាចនឹងមានការថ្លោះថ្លូយផ្នែកបច្ចេកវិទ្យាមីស៊ីល ទើបបានជាផ្លោងចូលទឹកដីប៉ូឡូញដូច្នេះ។
ទោះបីជាបែបនេះក្តី ប៉ូឡូញក្នុងនាមជាសមាជិកនៃអង្គការសន្ធិសញ្ញាសម្ព័ន្ធយោធាអាត្លង់ទិកខាងជើង បានស្នើសុំការពិគ្រោះយោបល់ថាតើខ្លួនត្រូវការប្រើប្រាស់មាត្រាទី៤ នៃអង្គការណាតូ ឬទេ ដែលមាត្រានេះអនុញ្ញាតឱ្យសមាជិកណាតូលើកយកបញ្ហា ឬកង្វល់ណាមួយដែលទាក់ទងនឹងសន្តិសុខ មកពិភាក្សានៅក្រុមប្រឹក្សាអាត្លង់ទិកខាងជើង។
តែបើតាមការបញ្ជាក់របស់អ្នកការទូតអ៊ឺរ៉ុបពីរនាក់បានឱ្យដឹងថា ប៉ូឡូញបានស្នើសុំកិច្ចប្រជុំណាតូក្រោមមាត្រាទី៤នេះហើយ។ ជាមួយគ្នានោះ នាយករដ្ឋមន្ត្រីប៉ូឡូញក៏បាននិយាយដែរថា ប៉ូឡូញក៏នឹងកំពុងបង្កើនការត្រៀមខ្លួនសម្រាប់អង្គភាពយោធារបស់ខ្លួនដែរ។
ឧបនាយករដ្ឋមន្ត្រីប្រទេសឡាតវី លោកអាធីស ផាប្រីកស៍ (Artis Pabriks) បាននិយាយថា ស្ថានភាពនេះគឺ «មិនអាចទទួលយកបាន» ហើយត្រូវធានាថា រាល់ចង្អាមនៃដឹកដីនៃសមាជិកអង្គការណាតូត្រូវបានការពារ»។ ចំណែកឯ ប្រធានាធិបតី ឡាតវី លោក Nauseda បានបន្ថែមនៅក្នុងសារហ្វេសប៊ុកថា «មូលហេតុនៃការផ្ទុះមិនទាន់ដឹងនៅឡើយទេ ប៉ុន្តែក្នុងពេលជាមួយគ្នានោះ កាំជ្រួចរុស្ស៊ីបានវាយប្រហារអ៊ុយក្រែន ឬក៏ប៉ូឡាញនេះក៏ថាបាន ដូច្នេះហើយ «របបភេរវនិយមនឹងត្រូវបញ្ឈប់ដោយកម្លាំងរួបរួមរបស់សម្ព័ន្ធមិត្ត»៕