តើជំនួបរវាងបុរសខ្លាំងរុស្ស៊ី និងកូរ៉េខាងជើងបានពិភាក្សាអំពីការផ្តល់អាវុធឬទេ?

កូរ៉េខាងជើងប្តូរផ្តាច់គាំទ្រសង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែន ខណៈម៉ូស្គូសន្យាជួយព្យុងយ៉ាងផលិតផ្កាយរណប


មេដឹកនាំផ្តាច់ការកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានធ្វើដំណើរទៅដល់ទីក្រុងភាគខាងកើតប្រទេសរុស្សីកាលពីថ្ងៃពុធ ទី១៣ ខែកញ្ញា។ នៅក្នុងដំណើរដ៏កម្រចាប់តាំងការរាតត្បាតជំងឺកូវីដ១៩ លោក គីម បានជួបពិភាក្សាផ្ទាល់ជាមួយលោក ពូទីន លើបញ្ហាមួយចំនួនទាក់ទិននឹងសន្តិសុខ និងកិច្ចសហប្រតិបត្តិការដូចជាសង្គ្រាមនៅអ៊ុយក្រែន។
តើជំនួបរវាងបុរសខ្លាំងរុស្ស៊ី និងកូរ៉េខាងជើងបានពិភាក្សាអំពីការផ្តល់អាវុធឬទេ?
ដោយ

មេដឹកនាំទាំងពីរ ក៏បានទៅទស្សនាមជ្ឈមណ្ឌលបាញ់បង្ហោះយានអវកាសដ៏ទំនើបបំផុតរបស់រុស្ស៊ី ជាទីដែលរុស្ស៊ីសន្យាជួយកូរ៉េខាងជើងអភិវឌ្ឍផ្កាយរណបផ្ទាល់ខ្លួន។ នេះគឺក្តីស្រមៃមួយរបស់ក្រុងព្យុងយ៉ាង ក្រោយការបាញ់បង្ហោះបរាជ័យពីរដងនៅក្នុងឆ្នាំនេះ។ តែយ៉ាងណា វានឹងរំលោភលើដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលជំទាស់ដាច់ខាតចំពោះកម្មវិធីអវកាសនេះ។
នៅក្នុងជំនួបជាច្រើនម៉ោងអមជាមួយនឹងមន្ត្រីកំពូលៗ លោក គីម និងលោក ពូទីន បានផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិទ្វេភាគី និងសារៈសំខាន់នៃទំនាក់ទំនងជាប្រវត្តិសាស្ត្ររវាងរុស្សី-កូរ៉េខាងខាងជើង។ លោកពូ ទីន បានហៅលោក គីម ថា«សមមិត្ត» និងរំលឹកឡើងវិញថាគឺសហភាពសូវៀតដែលជាអ្នកទំនុបបម្រុងកូរ៉េខាងជើង ចាប់តាំងពីថ្ងៃចាប់កំណើតពីបាទដៃទទេកាលពី៧៥ឆ្នាំមុន។ រីឯលោក គីម ជុងអ៊ុន បាននិយាយ កូរ៉េខាងជើងនឹងបន្តគាំទ្រឥតងាករេចំពោះប្រតិបត្តិការយោធារុស្ស៊ី ក្នុងប្រទេសអ៊ុយក្រែន ហើយប្រជាជន និងកងទ័ពរុស្ស៊ីនឹងទទួលបានជ័យជំនះពិតប្រាកដលើពួកប្រទេសអនុត្តរភាព។ទន្ទឹមគ្នានេះ គេមិនទាន់មានការទម្លាយចេញកិច្ចសហប្រតិបត្តិការផ្គត់ផ្គង់គ្រាប់កាំភ្លើងធំពីសំណាក់កូរ៉េខាងជើងឱ្យរុស្ស៊ី ដូចការចោទប្រកាន់ដើមដំបូងដោយប្រទេសបច្ចឹមលោកទេ។

តែលោក ពូទីន បានបង្ហាញតម្រូវជាច្រើនទាក់ទិននឹងកិច្ចសហប្រតិបត្តិការយោធា ប៉ុន្តែមិនទម្លាយឱ្យដឹងជាអ្វីនោះទេ។ ក្នុងកិច្ចប្រជុំនោះ ក៏មានវត្តមានរដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergei Shoigu ដែរ។ តែអ្វីដែលគេដឹងច្បាស់គឺថា រុស្ស៊ីនឹងជួយគាំទ្រការអភិវឌ្ឍផ្កាយរណបកូរ៉េខាងជើង។ លោក Matthew Miller អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកថា ការជួយរបស់រុស្ស៊ីនៅកម្មវិធីអវកាសនេះគឺពិតជារំលោភលើដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខយ៉ាងធ្ងន់ធ្ងរ។ ហើយអាមេរិកក៏នឹងស្ទាក់ស្ទើរដាក់ទណ្ឌកម្មបន្ថែមលើរដ្ឋទាំងពីរ បើសិនការលក់សព្វាវុធណាមួយកើតឡើងមែនរវាងកូរ៉េខាងជើង និងរុស្ស៊ី។ ក៏ប៉ុន្តែប្រមុខចារកម្មអ៊ុយក្រែនបានឱ្យដឹងថា ទីក្រុងព្យុងយ៉ាងបាននិងកំពុងផ្គត់ផ្គង់អាវុធឱ្យរុស្ស៊ីជាងមួយខែមកហើយ។

ស្របពេលជាមួយគ្នានេះ ប្រធានបទដែលទាញការចាប់អារម្មណ៍នៅពេលនេះ គឺការយកឈ្នះក្តីស្រមៃរបស់ព្យុងយ៉ាងទៅកាន់ទីអវកាស។ ជាមួយនឹងការសម្រេចជួយគាំទ្រពីម៉ូស្គូ វាកាន់តែមានការចាប់អារម្មណ៍ និងចម្រូងចម្រាស។ ហេតុអ្វី? ចាប់តាំងពីឆ្នាំ១៩៩៨ ប្រទេសកូរ៉េខាងជើងបានបាញ់បង្ហោះផ្កាយរណបចំនួន៦ ដែលពីរប៉ុណ្ណោះក្នុងចំណោមនោះ ទទួលបានជោគជ័យនៅក្នុងគន្លងតារាវិថី។ ឆ្នាំ២០១៦ គឺជាពេលដែលកូរ៉េខាងជើងជោគជ័យក្នុងការបាញ់បង្ហោះ ប៉ុន្តែវាហាក់មានសភាពចាស់ និងមិនទាន់សម័យ ហើយព្យុងយ៉ាងមានគម្រោងបាញ់ផ្កាយរណបទំនើបត្រឹមឆ្នាំ២០២០ តែមិនអាចធ្វើបានរហូតមកទល់នឹងពេលនេះ។ កាលពីខែមុន កូរ៉េខាងជើងបានបាញ់ផ្កាយរណប Chollima-1 ទៅអវកាសតែបរាជ័យ ដោយកម្ទេចកំទីខ្លះត្រូវបានកូរ៉េខាងត្បូងស្រង់បានពីសមុទ្រទៀតផង។
ទីក្រុងសេអ៊ូលថា ផ្កាយរណបនេះមានប្រយោជន៍តិចតួចណាស់សម្រាប់យោធាកូរ៉េខាងជើង។ ក៏ប៉ុន្តែអ្នកវិភាគខ្លះយល់ថា បើក្រុងព្យុងយ៉ាងអាចបាញ់ផ្កាយរណបជោគជ័យទៅក្នុងតារាវិថី នោះវានឹងផ្តល់សមត្ថភាពស៊ើបការដល់កូរ៉េខាងជើងទៅលើគូសត្រូវ។ លោក Lee Choon Geun អ្នកស្រាវជ្រាវនៅវិទ្យាស្ថានគោលនយោបាយវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់ប្រទេសកូរ៉េខាងត្បូងគិតថា រុស្ស៊ីប្រហែលជានឹងបង្រៀនកូរ៉េខាងជើងផលិតផ្កាយរណបទំនើប ជាជាងផលិតឱ្យដោយខ្លួនឯងផ្ទាល់។
ទោះជាយ៉ាងណា គេត្រូវដឹងថាការបាញ់បង្ហោះផ្កាយរណបណាមួយរបស់កូរ៉េខាងជើង គឺជាការរំលោភទៅលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលមានរុស្ស៊ីគាំទ្រក្នុងនោះដែរ។ ដំណោះស្រាយក៏ក៏ហាមប្រាមកិច្ចសហប្រតិបត្តិការផ្នែកវិទ្យាសាស្ត្រ និងបច្ចេកទេសជាមួយកូរ៉េខាងជើងក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានុយក្លេអ៊ែរ វិស្វកម្មអវកាស អាកាសចរណ៍ និងវិធីសាស្រ្តផលិតកម្មកម្រិតខ្ពស់ផងដែរ។ កូរ៉េខាងជើងបាននិយាយថា កម្មវិធីអវកាសគឺជាសិទ្ធិអធិបតេយ្យភាពរបស់ខ្លួន៕




អត្ថបទបន្ទាប់


ចិនថា ខ្លួនមិនបានដាក់បម្រាមលើទូរស័ព្ទ iPhone របស់ក្រុមហ៊ុន Apple នោះទេ

ជាការឆ្លើយតបទៅនឹងរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយថ្មីៗនេះ អ្នកនាំពាក្យរដ្ឋាភិបាលចិនបាននិយាយថា ប្រទេសចិនមិនបានហាមឃាត់ការប្រើប្រាស់ទូរស័ព្ទ iPho…

បញ្ហាអាកាសធាតុអាចធ្វើឲ្យឧស្សាហកម្មកាត់ដេរនៅអាស៊ីរួមទាំងកម្ពុជាខាតបង់៦៥ពាន់លានដុល្លារ

តម្លៃនៃការនាំចេញសម្លៀកបំពាក់មានទឹកប្រាក់រហូតដល់៦៥ពាន់លានដុល្លារអាចនឹងរងគ្រោះ ដោយសារបញ្ហាការប្រែប្រួលអាកាសធាតុ ដូចជារលកកម្តៅ និងគ្រោះទឹ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ