កម្ពុជា-ជប៉ុន

សម្តេច ហ៊ុន សែន ស្នើឲ្យជប៉ុនបន្តជំរុញវិនិយោគិនខ្លួនមកវិនិយោគនៅកម្ពុជា និងបើកជើងហោះហើរឡើងវិញ


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ស្នើឲ្យថ្នាក់ដឹកនាំជប៉ុន បន្តជំរុញវិនិយោគិនខ្លួនឲ្យមកសំឡឹងរកឱកាសនិងបោះទុនវិនិយោគនៅកម្ពុជាឲ្យកាន់តែច្រើនបន្ថែមទៀត។ បន្ថែមលើនេះ សម្តេចតេជោ ក៏បានស្នើឲ្យក្រុមហ៊ុនអាកាសចរណ៍ ANA របស់ជប៉ុនបើកជើងហោះហើរមកកម្ពុជាឡើងវិញ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្មរវាងប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរ។
ជំនួបតាមប្រព័ន្ធវីដអូរវាង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងឯកឧត្តម ហ្វមីអូ គីស៊ីដា នាយករដ្ឋមន្ត្រីជប៉ុន នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១
ដោយ

ការជំរុញបែបនេះធ្វើឡើងក្រោយ សម្តេច មើលឃើញការឆ្លងជំងឺកូវីដ-១៩ នៅប្រទេសទាំងពីរហាក់មានភាពធូរស្បើយ ស្របពេលកម្ពុជាបានបើកតំបន់ទេសចរណ៍ទទួលភ្ញៀវទេសចរបរទេស ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩។ ជាមួយគ្នានេះ កម្ពុជារំពឹងថា ជប៉ុននឹងចូលរួមកិច្ចប្រជុំអាស៊ាននៅឆ្នាំ២០២២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះផងដែរ។

នាជំនួបតាមប្រព័ន្ធវីដអូជាមួយឯកឧត្តម ហ្វមីអូ គីស៊ីដា នាយករដ្ឋមន្ត្រីជប៉ុន នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានស្នើឲ្យថ្នាក់ដឹកនាំជប៉ុនរូបនេះ បន្តជំរុញវិនិយោគិនរបស់ខ្លួន ឲ្យបន្តមកបោះទុនវិនិយោគលើវិស័យផ្សេងៗនៅកម្ពុជាបន្ថែមទៀត ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មសេដ្ឋកិច្ចរវាងប្រទេសទាំងពីរឲ្យកាន់រឹងមាំ។ ក្នុងជំនួបនោះដែរ សម្តេច បានឆ្លៀតស្នើជប៉ុនជំរុញក្រុមហ៊ុនអាកាសចរណ៍ ANA របស់ជប៉ុនឲ្យបើកជើងហោះហើរត្រង់ពីទីក្រុងតូក្យមកកម្ពុជាឡើងវិញ បន្ទាប់ពី សម្តេច សង្កេតឃើញការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅប្រទេសទាំងពីរហាកមានភាពធូរស្បើយ។ បន្ថែមលើនេះ សម្តេច ក៏ស្នើឲ្យភាគីជប៉ុនបន្តជួយគាំទ្រការបណ្តុះបណ្តាលដល់និស្សិតកម្ពុជាតាមរយៈការផ្តល់អាហារូបករណ៍ផងដែរ។

ក្នុងជំនួបខាងលើ ថ្នាក់ដឹកនាំប្រទេសទាំងពីរក៏ថែមទាំងបានពិភាក្សាគ្នាលើចំណុចសំខាន់ៗជាច្រើនទៀត ជាពិសេសពាក់ព័ន្ធទំនាក់ទំនងទ្វេភាគី តំបន់ និងពិភពលោក។ ពាក់ព័ន្ធនឹងទំនាក់ទំនងទ្វេភាគី សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលតែងតែឧបត្ថម្ភគាំទ្រដល់ការអភិវឌ្ឍរបស់កម្ពុជា។ ជាពិសេសការផ្តល់នូវជំនួយនានាសម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ មានដូចជាវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ រថយន្តសង្គ្រោះ និងបរិក្ខារពេទ្យដទៃទៀត។ សម្តេច បានចាត់ទុកជំនួយទាំងអស់នេះថា វាបានឆ្លើយតបយ៉ាងសំខាន់សម្រាប់កម្ពុជាក្នុងការយកឈ្នះលើការរាតត្បាតនៃជំងឺកូវីដ១៩។

ទន្ទឹមនឹងនេះ សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា នាយករដ្ឋមន្ត្រីជប៉ុនរូបនេះ នឹងអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំ២០២២ ពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងឆ្លៀតអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាផងដែរ។ សម្តេចតេជោ ក៏បានឆ្លៀតសង្កត់ធ្ងន់ជាចុងក្រោយថា កម្ពុជា ជាមិត្តមួយដ៏ស្មោះត្រង់របស់ជប៉ុន។

គួររំលឹកថា ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ជប៉ុននៅ១០ខែឆ្នាំ២០២១ សម្រេចបានជាង១ពាន់៤រយលានដុល្លារអាមេរិក កើនឡើង១,៣% បើធៀបនឹង១០ខែកាលពីឆ្នាំមុនដែលសម្រេចបានជិត១ពាន់៤រយលានដុល្លារអាមេរិក។ ក្នុងនោះកម្ពុជានាំចេញទៅជប៉ុនសម្រេចបានជាង៩២០លានដុល្លារអាមេរិក ខណៈជប៉ុននាំចូលមកកម្ពុជាសម្រេចបានជិត៥០០លានដុល្លារអាមេរិក៕
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តម្លៃប្រេងឥន្ធនៈបានធ្លាក់ចុះបន្ដិចមកវិញហើយនៅដើមធ្នូ ឆ្នាំ២០២១នេះ!

ព័ត៌មាន
ចូលមកដល់ដើមខែធ្នូនេះ តម្លៃប្រេងឥន្ធនៈ ដែលធ្លាប់តែហក់ឡើងខ្ពស់ជាបន្ដបន្ទាប់នោះ បានចាប់ផ្ដើមស្រុតចុះបន្ដិចមកវិញហើយ។ ពោលគឺ តម្លៃប្រេងសាំងធម្មត…

តុលាការរារាំងការអនុវត្តគោលនយោបាយវ៉ាក់សាំងរបស់លោក ចូ បៃឌិន

ព័ត៌មាន
រដ្ឋបាលលោក ចូ បៃឌិន កាលពីថ្ងៃអង្គារទី៣០វិច្ឆិកា ត្រូវបានតុលាការរារាំងពីការអនុវត្តគោលនយោបាយវ៉ាក់សាំងចំនួនពីរ ដែលតម្រូវឱ្យបុគ្គលិក និងក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ