
ទំហំទីផ្សាររូបិយប័ណ្ណឌីជីថល ឬគ្រីបតូ បានឈានដល់៤ទ្រីលានដុល្លារគួរឱ្យភ្ញាក់ផ្អើលកាលពីថ្ងៃសុក្រ ទី១៨ ខែកក្កដា ក្រោយពីបានហក់ឡើងថ្លៃខ្លាំង។ ការស្ទុះហក់ឡើងនេះ គឺជំរុញដោយសុទិដ្ឋិនិយមកើតមានជាថ្មី បទប្បញ្ញត្តិស្ដីពីការគ្រប់គ្រងគ្រីបតូកាន់តែច្បាស់លាស់ជាងមុននៅក្នុងទីផ្សារសំខាន់ៗ និងការកើនឡើងនូវការវិនិយោគលើគ្រីបតូពីសំណាក់ស្ថាប័ននានា។
កាលពីថ្ងៃទី១៧ ខែកក្កដា សភាតំណាងសហរដ្ឋអាម៉េរិក បានអនុម័តសេចក្ដីព្រាងច្បាប់មួយស្ដីពីការគ្រប់គ្រង Stablecoin ជារូបិយប័ណ្ណគ្រីបតូដែលភ្ជាប់នឹងប្រាក់ដុល្លារអាម៉េរិក។ ហើយពេលនេះ សេចក្ដីព្រាងច្បាប់នេះ ត្រូវបានបញ្ជូនទៅប្រធានាធិបតី ដូណាល់ ត្រាំ ហើយដែលរំពឹងថាលោកនឹងចុះហត្ថលេខាលើវាឱ្យក្លាយជាទៅច្បាប់ ធរមាន។
លោក ដឺរ៉េន ណាថាន់ (Derren Nathan) ប្រធានផ្នែកស្រាវជ្រាវទីផ្សារមូលបត្រមកពីក្រុមហ៊ុនហិរញ្ញវត្ថុអង់គ្លេស ដែលមានឈ្មោះថា ហាហ្គ្រីវស៍ លែនដោន (Hargreaves Lansdown) បានលើកឡើងថា នេះគឺជាការផ្លាស់ប្តូរដ៏ធំមួយសម្រាប់វិស័យគ្រីបតូ ទោះបីជាក្រុមសមាជិកសភាអាម៉េរិក នៅមានការប្រុងប្រយ័ត្នចំពោះគ្រីបតូយ៉ាងណាក្ដី។
ទន្ទឹមនេះ សភាអាម៉េរិក ក៏បានអនុម័តសេចក្ដីព្រាងច្បាប់ចំនួន២ទៀតផងដែរ គឺសេចក្ដីព្រាងច្បាប់មួយដើម្បីកំណត់វិធានរួមសម្រាប់គ្រីបតូ និងសេចក្ដីព្រាងច្បាប់មួយទៀត ដើម្បីហាមឃាត់រូបិយប័ណ្ណឌីជីថលរបស់ធនាគារកណ្តាលអាម៉េរិក៕
ដោយ: តែម សុខុម