លោក សេដ្ឋា បាននិយាយក្នុងសន្និសីទសារព័ត៌មានថា ផែនការចំណាយថវិកាចំនួន៥០០ ពាន់លានបាតប្រមាណ១៣ពាន់៧រយលានដុល្លារ ដែលភាគច្រើនត្រូវបានផ្តល់ដោយមូលនិធិពីថវិកាសារពើពន្ធឆ្នាំ២០២៤ និងឆ្នាំ២០២៥ នឹងត្រូវដាក់ឱ្យប្រើនៅត្រីមាសចុងក្រោយនៃឆ្នាំនេះ។ នាយករដ្ឋមន្ត្រីរូបនេះអះអាងថា ការប្រើប្រាស់មូលនិធិនេះជាបន្តបន្ទាប់ត្រូវបានគេរំពឹងថា នឹងជំរុញកំណើនផលិតផលក្នុងស្រុកសរុប (GDP) ចន្លោះពី១,២ ទៅ១,៦% ហើយធនាគារពិភពលោកបានប៉ាន់ប្រមាណថា កំណើន GDP របស់ថៃនឹងមាន១,៥%នៅក្នុងខែធ្នូ។
មួយផ្នែកនៃមូលនិធិនេះនឹងបានមកពីធនាគារកសិកម្ម និងសហករណ៍កសិកម្មរបស់រដ្ឋក្នុងបំណងជួយទូទាត់បំណុលរបស់ប្រជាកសិករប្រហែល១៧លាននាក់ ហើយការទិញតាមឌីជីថលនឹងត្រូវបានធ្វើតែនៅក្នុងស្រុករបស់អ្នកទទួលមូលនិធិនេះប៉ុណ្ណោះ ហើយនឹងមិនអនុញ្ញាតឱ្យទិញទំនិញរួមទាំងប្រេង សេវាកម្ម និងការទិញតាមអ៊ីនធឺណិតនោះទេ។
លោក សេដ្ឋា បានហៅគម្រោងនេះថា ជាគោលនយោបាយផ្លាស់ប្តូរជីវិតសម្រាប់ប្រជាពលរដ្ឋ ប៉ុន្តែលោកក៏បានសម្ដែងការខកចិត្តដែលគម្រោងនេះមិនអាចអនុវត្តឱ្យបានឆាប់រហ័សផងដែរ ទោះយ៉ាងណា លោកបានបញ្ជាក់ថា ការអូសបន្លាយពេលគម្រោងនេះ គឺដោយសាររដ្ឋាភិបាលចង់ធ្វើឱ្យមានតម្លាភាព និងស្របច្បាប់។
ផែនការផ្ដល់មូលនិធិដែលជាការសន្យាក្នុងយុទ្ធនាការបោះឆ្នោតដ៏សំខាន់របស់គណបក្សភឿថៃ របស់លោក សេដ្ឋា នេះ ត្រូវបានអ្នកសេដ្ឋកិច្ចរិះគន់ថា ជាមធ្យោបាយមួយគ្មានប្រសិទ្ធភាពក្នុងការរួមចំណែកដល់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពបើប្រៀបធៀបទៅនឹងវិធានការផ្សេងទៀត។ ក្រុមសេដ្ឋវិទូបាននិយាយថា ផែនការថវិការបស់រដ្ឋាភិបាលដឹកនាំដោយលោក សេដ្ឋា នេះអាចនឹងធ្វើឱ្យរដ្ឋាភិបាលជាប់បន្ទុកបំណុលសាធារណៈកាន់តែធ្ងន់៕
អត្ថបទ៖ ព្រាប ស