កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍ ACMECS និង CLMV

សម្តេចតេជោ ហ៊ុន សែន ចែករំលែកចំណុចគន្លឹះអ្វីខ្លះ ដល់កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍ ACMECS និង CLMV


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អះអាងថា កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍យុទ្ធសាស្ត្រ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (អេកម៉ិក) លើកទី៥ និងកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍កម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) លើកទី៦ គឺបានបង្ហាញនូវសាមគ្គីភាពក្នុងតំបន់ ជាពិសេស ជាឱកាសដែលថ្នាក់ដឹកនាំទេសចរណ៍អេកម៉ិក និងCLMV ដាក់ចុះយុទ្ធសាស្ត្រ ក្នុងការស្ដារ និងបង្កើនកិច្ចសហប្រតិបត្តិការលើកស្ទួយវិស័យទេសចរណ៍បន្ថែម ក្រោយរងផលប៉ះពាល់នៃវិបត្តិកូវីដ-១៩។
សម្តេចតេជោ ហ៊ុន សែន ចែករំលែកចំណុចគន្លឹះអ្វីខ្លះ ដល់កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍ ACMECS និង CLMV

ទន្ទឹមនេះ សម្តេច ហ៊ុន សែន ក៏បានចែកករំលែកនូវទស្សនទានចំនួន ៤ចំណុច ដើម្បីជាមូលដ្ឋានក្នុង​ការអភិវឌ្ឍ​វិស័យទេសចរណ៍ក្នុងក្របខណ្ឌ អេកម៉ិក (ACMECS) និងCLMV នាពេលបច្ចុប្បន្ន និង អនាគតផងដែរ។

ថ្លែងក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អេកម៉ិក និងកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍ CLMV លើកទី៦នាថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ដោយបានឆ្លងកាត់វិបត្តិកូវីដ-១៩ រយៈពេល២ឆ្នាំ កន្លងមកនេះ តួនាទីនៃវិស័យទេសចរណ៍ត្រូវបានមើលឃើញថា កាន់តែមានភាពចំបាច់ក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ច និងភាពរីកចម្រើនរបស់សង្គមជាតិ ជាពិសេស តួនាទីដ៏សំខាន់ក្នុងការពង្រឹងទំនាក់ទំនងរវាងប្រជាជាតិនិងប្រជាជាតិ, សាមគ្គីភាព និងមិត្តភាពនៃប្រទេសក្នុងតំបន់។ ដោយមើលឃើញពីសារៈសំខាន់នៃវិស័យទេសចរណ៍ក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិនោះ សម្តេចតេជោ ហ៊ុន សែន បានចែករំលែកនូវទស្សនទានចំនួន៤ចំណុច ដល់កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍ ដើម្បីជាមូលដ្ឋាននៃការអភិវឌ្ឍវិស័យទេសចរណ៍អេកម៉ិក និង CLMV នាពេលបច្ចុប្បន្ន និងអនាគត។

ក្នុងនោះ ទី១. អេកម៉ិក និង CLMV គួរបង្កើនកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍផលិតផលថ្មីៗ បំពេញឲ្យគ្នាទៅវិញទៅមក និងផ្តល់នូវភាពសំបូរបែបដល់ទេសចរ ស្របតាមការប្រែប្រួលនិន្នាកាទេសចរណ៍ក្រោយវិបត្តិកូវីដ-១៩។ ក្នុងន័យនេះ ប្រទេសសមាជិក គួរបង្កើនកិច្ចសហការលើការអភិវឌ្ឍទេសចរណ៍ជនបទ ដែលរួមមានទេសចរណ៍សហគមន៍, អេកូទេសចរណ៍, ទេសចរណ៍ផ្សងព្រេង,កសិទេសចរណ៍, ទេសចរណ៍សុខុមាលភាព និងទេសចរណ៍ម្ហូបអាហារ ជាដើម ដែលទាំងនេះ ជាតម្រូវការទេសចរណ៍កំពុងកើនឡើង ហើយចូលរួមដោយផ្ទាល់ដល់ការរីកចម្រើននៅមូលដ្ឋាន។ ទន្ទឹមនឹងនេះ អេកម៉ិក និង CLMV គួរដាក់ចេញនូវក្របខណ្ឌកិច្ចសហប្រតិបត្តិការជួយគាំទ្រសហគ្រាសធុនតូចបំផុត, តូច និង មធ្យម (MSMEs) ឲ្យក្លាយជា ឆ្អឹងខ្នងនៃការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយភាពធន់ និងចីរភាព។

ទី២. ក្នុងបរិបទឌីជីថលូបនីយកម្ម ប្រទេសអេកម៉ិក និង CLMV គួរជំរុញការផ្លាស់ប្តូរបទពិសោធន៍ លើដំណើរការបរិវត្តកម្មឌីជីថលក្នុងវិស័យទេសចរណ៍ ក្នុងនោះគួរដកពិសោធន៍គ្នាទៅវិញ ទៅមកលើការអនុវត្តកម្មវិធីអក្ខរកម្មឌីជីថលក្នុងវិស័យទេសចរណ៍ ការអភិវឌ្ឍជំនាញឌីជីថល ក៏ដូចជាការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ក្នុងការបង្កើនផលិតភាព និងឧត្តមភាពប្រកួតប្រជែង។

ទី៣. អេកម៉ិក និងCLMV គួរគិតគូរជំរុញលំហូរទេសចរផ្ទៃក្នុងតំបន់អាម៉ិក និង លំហូរទេសចរផ្ទៃក្នុងតំបន់ CLMV ដោយត្រូវគិតគូរផងដែរ លើការបង្កើនការតភ្ជាប់ផ្លូវគោក ផ្លូវអាកាស និងផ្លូវទឹក បន្ថែមទៀត ព្រមទាំងជំរុញទេសចរណ៍បើកបរដោយខ្លួនឯង សម្រាប់ការទាក់ទាញទេសចរពីប្រទេសទី៣។ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញការគាំទ្រឲ្យបន្តផ្សព្វផ្សាយក្រោមយុទ្ធនាការ «ប្រទេសប្រាំ គោលដៅទេសចរណ៍តែមួយ» និង «ប្រទេសបួន គោលដៅទេសចរណ៍តែមួយ»។

និងទី៤. សម្តេចតេជោ គូសបញ្ជាក់ថា ដើម្បីសម្របសម្រួលការអនុវត្តផែនការសកម្មភាពទេសចរណ៍អេកម៉ិក និង CLMV ដែលបានដាក់ចុះ សម្តេចតេជោគាំទ្រនូវការគិតគូរបង្កើតឲ្យមានយន្តការសា្ថប័នទេសចរណ៍អេកម៉ិក និង CLMV ដែលអាចជាលេខាធិការដ្ឋាន ឬរចនាសម្ព័ន្ធណាមួយ ហើយកម្ពុជាមានសេចក្តីរីករាយក្នុងការទទួលធ្វើជាម្ចាស់ផ្ទះផងដែរ៕




អត្ថបទបន្ទាប់


ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ផ្ដល់អាទិភាពទី១ លើសុវត្ថិភាពការងាររបស់បុគ្គលិក

ព័ត៌មាន
ខ្មែរ ប៊ែវើរីជីស ដែលជាក្រុមហ៊ុនផលិតស្រាបៀរ និងភេសជ្ជៈ ឈានមុនគេនៅកម្ពុជា និងគ្រប់គ្រងដោយវិនិយោគិនខ្មែរ 100% នោះ បានឲ្យដឹងថា សុវត្ថិភាពក…

អ្នកជំនាញថា ចំនួនអ្នកធ្វើដំណើរលើផ្លូវល្បឿនលឿននឹងថយចុះ ទោះបីមានការបញ្ចុះតម្លៃ២០% ក្ដី

ព័ត៌មាន
មានយានយន្តជិត៤៤ម៉ឺនគ្រឿងបានធ្វើដំណើរលើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុក្នុងអំឡុងពេលបើកឲ្យធ្វើដំណើរសាកល្បងដោយឥតគិតថ្លៃក្នុងរយៈពេលពេញមួយខ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ