រដ្ឋបាលព្រៃឈើកម្ពុជា

ប្រធាននាយកដ្ឋានសត្វព្រៃ និងជីវចម្រុះនៃរដ្ឋបាលព្រៃឈើកម្ពុជា ត្រូវបានឃាត់ខ្លួននៅអាមេរិក


ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ បានចេញសេចក្ដីប្រកាសព័ត៌មាន ដោយបានសម្តែងការភ្ញាក់ផ្អើល និងក្តីទោមនស្សយ៉ាងខ្លាំង ក្រោយបានទទួលដំណឹងថា លោក គី ប៉ះផល ប្រធាននាយកដ្ឋានសត្វព្រៃ និងជីវចម្រុះនៃរដ្ឋបាលព្រៃឈើ ត្រូវបានឃាត់ខ្លួននៅអាកាសយានដ្ឋានអន្តរជាតិ ចន អេហ្វ កេណ្ណឌី ក្នុងរដ្ឋញូវយ៉ក សហរដ្ឋអាមេរិក អំឡុងពេលលោកកំពុងរង់ចាំបន្តដំណើរទៅចូលរួមកិច្ចប្រជុំអនុសញ្ញាការពារសត្វ និងរុក្ខជាតិជិតផុតពូជ CITES(សាយតេស) នៅប្រទេសប៉ាណាម៉ា។
ប្រធាននាយកដ្ឋានសត្វព្រៃ និងជីវចម្រុះនៃរដ្ឋបាលព្រៃឈើកម្ពុជា ត្រូវបានឃាត់ខ្លួននៅអាមេរិក

បើតាមក្រសួងកសិកម្ម បានបញ្ជាក់ថា តាមការប្រកាសចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ លើគេហទំព័ររបស់ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក លោក គ្រី ប៉ះផល និងប្រធានរដ្ឋបាលព្រៃឈើកម្ពុជា ត្រូវបានចោទប្រកាន់ពីបទសមគំនិតក្នុងការរត់ពន្ធសត្វស្វាក្តាមទៅសហរដ្ឋអាមេរិក។ ជាមួយគ្នានោះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានបញ្ជាក់ឲ្យដឹងដែរថា ក្រសួងប្រកាន់ខ្ជាប់នូវគោលការណ៍ និងច្បាប់ដែលមានចែងនៅក្នុងអនុសញ្ញា សាយតេស។

ក្រសួងកសិកម្មបានចាត់ទុកថា វាជារឿងដ៏គួរឱ្យហួសចិត្តជាទីបំផុត ដែលលោក គ្រី ប៉ះផល ត្រូវបានឃាត់ខ្លួនក្រោមបទចោទប្រកាន់នេះ ខណៈពេលដែលលោកកំពុងធ្វើដំណើរទៅចូលរួមកិច្ចប្រជុំផ្លូវការដើម្បីការពារសត្វ និងរុក្ខជាតិជិតផុតពូជ នៅឯវេទិកាអង្គការសហប្រជាជាតិ និងខណៈពេលដែលប្រទេសទាំងពីរ គឺកម្ពុជា និងសហរដ្ឋអាមេរិកកំពុងមានទំនាក់ទំនងសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ។

ទន្ទឹមនេះ ក្រសួងកសិកម្មអះអាងថា នៅកម្ពុជា សត្វស្វាក្តាមជាប្រភេទសត្វសម្បូរ និងមានវត្តមាននៅទូទាំងប្រទេស ទាំងក្នុងព្រៃធម្មជាតិទាំងក្នុងតំបន់ជាយក្រុង និងទីក្រុង ដូចជានៅរមណីដ្ឋានវត្តភ្នំ ក្នុងរាជធានីភ្នំពេញជាដើម។ សត្វស្វាក្តាមត្រូវបានចិញ្ចឹមនៅកម្ពុជា តាំងពីឆ្នាំ២០០៥មកម្ល៉េះ ហើយត្រូវបាននាំចេញសម្រាប់គោលដៅវេជ្ជសាស្ត្រ ជាពិសេសសម្រាប់ដំណាក់កាលធ្វើពិសោធន៍ ដើម្បីផលិតឱសថ វ៉ាក់សាំង ឬគ្រឿងសំអាង។ សត្វស្វាក្តាមទាំងនេះមិនមែនត្រូវបានចាប់ពីព្រៃ ហើយបញ្ចូនចេញទៅកប្រទេសនោះទេ។ ចំណែកកសិដ្ឋានដែលចិញ្ចឹមសត្វស្វាក្តាមទាំងនេះទៀតសោត ទម្រាំទទួលបានការទទួលស្គាល់តាមផ្លូវច្បាប់ គឺសុទ្ធតែតម្រូវឱ្យគោរពតាមបទដ្ឋានអនាម័យ និងវិធីសាស្ត្រចិញ្ចឹមត្រឹមត្រូវ ដើម្បីរក្សាឱ្យបាននូវហ្សេនេទិករបស់វាមិនឱ្យផុតពូជនោះឡើយ។ យ៉ាងណាមិញ សមត្ថកិច្ចគ្រប់គ្រងសាយតេសកម្ពុជាបានអនុញ្ញាតឱ្យនាំចេញសត្វស្វាក្តាម ដោយផ្អែកលើច្បាប់និងបទប្បញ្ញត្តិជាតិ និងអន្តរជាតិ។ ចំពោះការនាំចូលទៅសហរដ្ឋអាមេរិក ក្រុមហ៊ុនដែលប្រកបអាជីវកម្មនាំចេញសត្វស្វាក្តាមនេះ ត្រូវអនុវត្តទៅតាមនីតិវិធីរបស់សហរដ្ឋអាមេរិក។

សូមបញ្ជាក់ថា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរាជរដ្ឋាភិបាលកម្ពុជា នឹងខិតខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាពដើម្បីស្វែងរកយុត្តិធម៌ជូនមន្ត្រីរបស់ខ្លួន ជាពិសេសអ្នកដែលបំពេញកាតព្វកិច្ចផ្លូវការតំណាងប្រទេស ស្របតាមអនុសញ្ញាអន្តរជាតិ។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ធានាថា ច្បាប់ និងបទប្បញ្ញត្តិ ព្រមទាំងអនុសញ្ញាអន្តរជាតិនានានឹងត្រូវបានគោរព៕




អត្ថបទបន្ទាប់


បេសកជនពិសេសប្រធានអាស៊ានយល់ឃើញបែបណា ក្រោយមីយ៉ាន់ម៉ាប្រកាសដោះលែងអ្នកទោសជិត៦ពាន់នាក់?

ព័ត៌មាន
រដ្ឋាភិបាលមីយ៉ាន់ម៉ាបានដោះលែងអ្នកទោសជិត៦ពាន់នាក់ក្នុងថ្ងៃប្រារព្ធទិវាអបអរខួបលើកទី១០២ឆ្នាំនៃការទទួលបានឯករាជ្យ កាលពីថ្ងៃទី១៧ខែវិច្ឆកា ដែ…

មេដឹកនាំចិន និងជប៉ុនណាត់ជួបគ្នានៅក្រៅកិច្ចប្រជុំ APEC បានជជែកលើបញ្ហាក្ដៅៗអ្វីខ្លះ?

ព័ត៌មាន
នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា (Fumio Kishida) និងប្រធានាធិបតីចិន លោក ស៊ី ជីនពីងកាលពីថ្ងៃព្រហស្បតិ៍ ទី ១៧ វិច្ឆិកា បានជួបទ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ