មេដឹកនាំគុយបា

តើលោក ត្រាំ ចង់ចាត់ការគុយបា ឬយ៉ាងណា ក្រោយលោកបង្ហោះសារថា រដ្ឋមន្ត្រីការបរទេសអាម៉េរិក អាចក្លាយជាប្រធានាធិបតីគុយបា?


ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានធ្វើឱ្យពិភពលោកមានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលជាថ្មី ក្រោយលោកបានបង្ហោះសារថា រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិក លោក ម៉ាកូ រូប៊ីអូ (Marco Rubio) អាចនឹងក្លាយជាប្រធានាធិបតីនៃប្រទេសគុយបា។ តើការបង្ហោះសារនេះមានន័យស៊ីជម្រៅយ៉ាងណា? តើរដ្ឋបាលលោក ត្រាំ អាចនឹងចាត់វិធានការក្តៅលើគុយបា ដែលជាគូសត្រូវតាំងពីសម័យសង្រ្គាមត្រជាក់ ឬយ៉ាងណា?
មេដឹកនាំគុយបា
ដោយ

ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ប្តេជ្ញាកាត់ផ្តាច់ដណ្តើមសេដ្ឋកិច្ចរបស់គុយបា តាមរយៈកាត់ផ្តាច់ការផ្គត់ផ្គង់ប្រេងរបស់ប្រទេសគុយបា បន្ទាប់ពីទទួលបានជោគជ័យក្នុងការផ្តួលរំលំសម្ពន្ធមិត្ត និងចាប់ខ្លួនប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ បញ្ជូនទៅទីក្រុងញូវយ៉ក កាលពីថ្ងៃទី៣ ខែមករា កន្លងទៅថ្មីៗនេះ។ ការព្រមានរបស់លោក ត្រាំ បានកើតឡើងភ្លាមៗក្រោយប្រធានាធិបតីគុយបា លោក មីគែល ដ្យាកាណែល (Miguel Diaz-Canel) បានរិះគន់សហរដ្ឋអាម៉េរិក ចំពោះការប្រតិបត្តិការយោធាផ្តួលរំលំរបបដឹកនាំរបស់លោក ម៉ាឌូរ៉ូ ដែលជាសម្ពន្ធមិត្តជិតស្និទ្ធបំផុតរបស់គុយបា។

លោក ត្រាំ បានបង្ហោះសារនៅលើបណ្តាញសង្គម Truth Social ថា វេណេស៊ុយអេឡា លែងជាប្រភពហិរញ្ញវត្ថុ និងប្រេងរបស់គុយបាទៀតហើយ។ ប៉ុន្តែលោកមិនបានលាតត្រដាងផែនការយោធា ឬការដាក់សម្ពាធសេដ្ឋកិច្ចជាក់លាក់ណាមួយលើប្រទេសគុយបា នោះទេ។ តែយ៉ាងណាការព្រមានរបស់លោក ត្រាំ នេះ វាជាបន្ទុកដ៏ធ្ងន់ធ្ងរមួយទៀតសម្រាប់គុយបា ដែលបានរស់នៅក្រោមទណ្ឌកម្មសេដ្ឋកិច្ចរបស់អាម៉េរិក រាប់ទសវត្សរ៍ស្រាប់ទៅហើយនោះ។

អ្វីដែលធ្វើឱ្យពិភពលោកមានការចាប់អារម្មណ៍កាន់តែខ្លាំងនោះ គឺលោក ត្រាំ បានបង្ហោះសារដ៏គួរឱ្យភ្ញាក់ផ្អើលថា រដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក ម៉ាកូ រ៉ូប៊ីអូ ដែលជាកូនប្រុសជនអន្តោប្រវេសន៍គុយបា អាចនឹងក្លាយជាប្រធានាធិបតីគុយបា។ ការបង្ហោះសារនេះមើលទៅហាក់ដូចជាការលេងសើច ប៉ុន្តែវាបានបង្កប់អត្ថន័យនយោបាយ ដែលត្រូវបានគេមើលឃើញថា ជាការចង់ផ្លាស់ប្តូររបបដឹកនាំនៅគុយបាទាំងស្រុង។

ជាការឆ្លើយតបនឹងការលើកឡើងខាងលើ ប្រធានាធិបតីគុយបា បានបង្ហោះសារលើបណ្តាញសង្គម X វាយបកវិញថា ប្រជាជនគុយបា បានត្រៀមខ្លួនរួចជាស្រេច ដើម្បីការពារមាតុភូមិរហូតដល់ដំណក់ឈាមចុងក្រោយ។ លោកបានសង្កត់ធ្ងន់ថា គុយបាជាប្រទេសមានឯករាជ្យ និងអធិបតេយ្យភាពពេញលេញ ដូច្នេះគ្មាននរណាម្នាក់មានសិទ្ធិមកបង្គាប់បញ្ជា ឬត្រួតត្រាវាសនារបស់ប្រជាជនគុយបាបានឡើយ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


លោក តូ ឡឹម កំពុងស្វែងរកការរួមបញ្ជូលតំណែងមេដឹកនាំបក្ស និងប្រធានរដ្ឋឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់បុគ្គលម្នាក់ដូចចិន

មន្ត្រីម្នាក់បានបង្ហើបឱ្យដឹងថា លោក តូ ឡាម (To Lam) អគ្គលេខាធិការគណបក្សកុម្មុយនីស្តវៀតណាម កំពុងស្វែងរកការរួមបញ្ចូលតំណែងមេដឹកនាំបក្ស និងប្រ…

អង់គ្លេស កំពុងអភិវឌ្ឍន៍មីស៊ីលថ្មី ដែលអាចបំផ្លាញគោលដៅឆ្ងាយៗផ្តល់ឱ្យអ៊ុយក្រែន

ក្រសួងការពារជាតិ ចក្រភពអង់គ្លេស បានប្រកាសថា ខ្លួនកំពុងអភិវឌ្ឍមីស៊ីលបាលីស្ទិកយុទ្ធសាស្ត្រថ្មីដើម្បីផ្ដល់ឱ្យអ៊ុយក្រែនសម្រាប់ប្រើប្រាស់ក្នុងកិច្ចកា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ